(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកដ៏មានប្រជាប្រិយភាព និងឥទ្ធិពល បានគូសបញ្ជាក់ថា កងកម្លាំងនៃទីបញ្ជាការដ្ឋានអង្គរក្សការពារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មិនមានអ្វីខុសនឹងរដ្ឋធម្មនុញ្ញនោះឡើយ។ ការពារសម្តេចតេជោ ហ៊ុន សែន មិនមែនការពារតែជីវិតប្រមុខរាជរដ្ឋាភិបាលនោះទេ តែជាការការពារជោគវាសនា អាយុជីវិតរបស់ជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។

ស្របពេលខួប១៣ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានអង្គរក្ស នឹងឈានមកដល់នាថ្ងៃទី០៤ ខែកញ្ញា (០៤ កញ្ញា ២០០៩-០៤ កញ្ញា ២០២២) នោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូថ្មីមួយ ដែលលោកបានបកស្រាយពីតួនាទី និងភារកិច្ចរបស់កងអង្គរក្សក្នុងការពារសម្តេចតេជោ ហ៊ុន សែន។ ការបកស្រាយនោះ ដើម្បីបំភ្លឺក្រុមអ្នកវិភាគ ដែលមិនយល់ពីកិច្ចការទ័ព ហើយតាំងខ្លួនធ្វើជាអ្នកទូន្មានទ័ព ដោយរិះគន់លើតួនាទីភារកិច្ចអង្គរក្សក្នុងការការពារសន្តិសុខ និងសុវត្ថិភាពរបស់សម្តេចតេជោ ហ៊ុន សែន។

មេទ័ពបញ្ចប់ការសិក្សាពីសាលាបណ្ឌិតយោធាអាមេរិករូបនេះ បានគូសបញ្ជាក់ថា គ្រប់អង្គភាពរបស់កងទ័ពមានភារកិច្ចស្នូល និងភារកិច្ចពិសេសរៀងៗខ្លួន។ ភារកិច្ចស្នូលរបស់កងទ័ព គឺការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន។ បន្ថែមពីលើតួនាទីស្នូលនេះ កងអង្គរក្សមានតួនាទីពិសេសមួយទៀត គឺការពារថ្នាក់ដឹកនាំជាតិ គឺប្រមុខរាជរដ្ឋាភិបាល ដែលស្របច្បាប់ កើតចេញពីការបោះឆ្នោតតាមដំណើរលទ្ធិប្រជាធិបតេយ្យ និងស្របតាមរដ្ឋធម្មនុញ្ញ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះ «ការពារនាយករដ្ឋមន្ត្រីខុសអ្វី? នាយករដ្ឋមន្ត្រីកើតចេញពីលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត នាយករដ្ឋមន្ត្រីស្របច្បាប់។ ខុសអ្វី? បោះឆ្នោតអនុលោមតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ខុសអ្វី?»

លោកបន្ថែមថា «ប្រជាពលរដ្ឋរាប់លាននាក់បោះឆ្នោតឱ្យគាត់តាមលទ្ធប្រជាធិបតេយ្យ អនុលោមតាមរដ្ឋធម្មនុញ្ញ គាត់ជានាយករដ្ឋមន្ត្រីស្របច្បាប់ កងទ័ពការពារគាត់អត់ខុសទេ។ អំណាចស្របច្បាប់ អំណាចដែលធានាដោយរដ្ឋធម្មនុញ្ញ អំណាចសម្រាប់បម្រើប្រជាពលរដ្ឋតាម។ បើអំណាចនាយករដ្ឋមន្ត្រី ស្របច្បាប់យើងមិនការពារ ការពារនរណាគេ?»។

បេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគតមកពីគណបក្សប្រជាជនកម្ពុជារូបនេះ ក៏បានគូសរំលេចផងដែរថា ការពារសុខសុវត្ថិភាពរបស់មេដឹកនាំជាតិ គឺមានសារៈសំខាន់ណាស់។ បើអំណាចមេដឹកនាំជាតិមិនត្រូវបានធានាឱ្យរឹងមាំ គឺគាត់មិនអាចទៅដឹកនាំជាតិ សម្រេចប្រយោជន៍សម្រាប់ជាតិ និងប្រជាជនបាននោះឡើយ។

«បើអំណាចនាយករដ្ឋមន្ត្រី តាមការបោះឆ្នោត តាមរដ្ឋធម្មនុញ្ញ មិនការពារអំណាចហ្នឹងឱ្យរឹងមាំ ទៅធ្វើអ្វី? បើនាយករដ្ឋមន្ត្រី ឬប្រធានាធិបតីប្រទេសមួយ ដែលអំណាចមិនរឹងមាំ តើគាត់ដឹកនាំ គ្រប់គ្រងសន្តិសុខប្រទេសជាតិ និងជួយប្រជាពលរដ្ឋបានអត់? អត់ទេ»។ លោក ហ៊ុន ម៉ាណែត បញ្ជាក់។

សម្រាប់កម្ពុជា សន្តិសុខ និងសុវត្ថិភាពរបស់នាយករដ្ឋមន្ត្រី គឺជាការផ្សារភ្ជាប់យ៉ាងសំខាន់ទៅនឹងដំណើរការជាតិ ព្រោះនាយករដ្ឋមន្ត្រីជាអ្នកដឹកនាំ សម្រេចិត្ត និងប្រតិបត្តិកិច្ចការស្នូលរបស់ជាតិ។ បើនាយករដ្ឋមន្ត្រី ជួបការគំរាមកំហែងផ្នែកសុវត្ថិភាព នោះនឹងនាំដល់ភាពច្របូកច្របល់នៃដំណើរការសង្គមជាតិជាក់ជាមិនខាននោះឡើយ។

មេបញ្ជាការកងទ័ពដែលជាអ្នកធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅក្នុងស្ថាប័នទ័ពជើងគោករូបនេះ បានគូសរំលេចថា ការពារអាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាការពារលើសពីអាយុជីវិតរបស់សម្តេច ពោលជាការពារជោគវាសនាជាតិ និងប្រជាពលរដ្ឋទាំងមូលតែម្តង។

លោក ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះ «ពេលដឹកនាំជាតិ គឺជីវិតថ្នាក់ដឹកនាំលែងជាជីវិតរបស់គាត់ទៀតហើយ គឺជាជីវិតរបស់ជាតិ របស់ប្រជាពលរដ្ឋ របស់សាធារណៈ។ ការពារនេះមិនមែនត្រឹមតែជីវិតនាយករដ្ឋមន្ត្រីទេ គឺការពារជាតិ និងប្រជាជន ព្រោះលោកជាអ្នកដឹកនាំ ដែលត្រូវរែកពន់ជោគវាសនាជាតិមាតុភូមិ»

សូមបញ្ជាក់ថា បញ្ជាការដ្ឋានអង្គរក្ស ដែលមាននាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ជាមេបញ្ជាការនោះ គឺជាស្ថាប័នកងយោធពលខេមរភូមិន្ទ ចំណុះឱ្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០៩។ ក្រៅតែពីការងារស្នូលក្នុងការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនហើយនោះ បញ្ជាការដ្ឋានអង្គរក្ស ក៏មានតួនាទីភារកិច្ចពិសេសក្នុងកិច្ចការពារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ៕