(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច បានជំរុញឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ហ៊ានបញ្ចេញភាពក្លាហានរបស់ខ្លួន ចូលដោះស្រាយបញ្ហាតាមផ្លូវតុលាការ ចៀសវាងការកៀងគរប្រជាពលរដ្ឋធ្វើយុទ្ធនាការផ្សេងៗនាំឲ្យមានអំពើហិង្សា និងខាតពេលវេលាបង្កបង្កើន របស់ប្រជាពលរដ្ឋ។ លោក សុខ ទូច ថា បើមានការបង្ហូរឈាមរវាងអ្នកគាំទ្រ និងអ្នកប្រឆាំងលើសំណុំរឿងផ្ទាល់ខ្លួន លោក កឹម សុខា នោះ គណបក្សសង្រ្គោះជាតិ (CNRP) ជាអ្នកទទួលខុសត្រូវ។
បើទោះបីព្រះភិរុណបានបង្អុរចុះជាច្រើនមេនាំឲ្យអកាសធាតុ ថមថយកម្តៅប្រែជាត្រជាក់ទៅហើយក្តី តែកម្តៅនយោបាយហាក់ហក់ឡើងទៅវិញ ការឡើងកម្តៅនេះក្រោយពេលលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ មិនព្រមចូលឆ្លើយបំភ្លឺនៅតុលាការលើសំណុំរឿងសញ្ចារកម្ម តាមបណ្តឹងរបស់កញ្ញា ខុម ច័ន្ទតារាទី ហៅស្រីមុំ។ កញ្ញាស្រី មុំ បានសារភាពប្រាប់តុលាការថា ធ្លាប់មានទំនាក់ទំនងស្នេហាស៊ី ជម្រៅជាមួយលោក កឹម សុខា ហើយបានសម្រេចប្តឹងទារសំណងជំងឺចិត្តប្រមាណ ៣០ម៉ឺនដុល្លារ ពីលោក កឹម សុខា ដោយចោទប្រកាន់ថា មិនបានគោរពពាក្យសន្យា និងធ្វើឲ្យខូចកិត្តិយសរបស់កញ្ញា។
បន្ទាប់ពីការកោះហៅចំនួនពីរលើកមិនព្រមចូលខ្លួន នៅថ្ងៃ២៦ ខែឧសភា កន្លងទៅនេះ កងកម្លាំងសមត្ថកិច្ច បានស្វែងតាមរកចាប់ខ្លួនលោក កឹម សុខា ទាំងនៅតាមផ្លូវ រហូតដល់ទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ ជាហេតុធ្វើឲ្យលោក កឹម សុខា មិនអាចចេញទៅណាបានឡើយ ហើយកំពុងសម្ងំលាក់ខ្លួនពួនអាត្មានៅទីស្នាក់ការ ក្រោមកិច្ចការពារពីអ្នកគាំទ្រ។
ការតាមចាប់ខ្លួនពីកងកម្លាំងសមត្ថកិច្ច ត្រូវបានធ្វើឡើងដោយចោទប្រកាន់លោក កឹម សុខា ថា រំលោភមាត្រា ៥៣៨ នៃច្បាប់ព្រហ្មទណ្ឌរបស់កម្ពុជា។ មាត្រា ៥៣៨ បានចែងថា «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយ ជាសាក្សីនៅមុខអយ្យការ ឬ ចៅក្រមស៊ើបសួរ ឬ មុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្របត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»។
កម្តៅនយោបាយត្រូវបានគេមើលឃើញថា ហក់ឡើង បន្ទាប់ពីរដ្ឋសភា បានសម្រេចឲ្យតុលាការបន្តនីតិវិធីលើ លោក កឹម សុខា ខណៈគណបក្សសង្រ្គោះជាតិ អាងលើសំឡេងអ្នកគាំទ្ររបស់ខ្លួន ប្រឆាំងការអនុវត្តច្បាប់របស់តុលាការ នាំឲ្យមានការព្រួយបារម្ភថា អាចឈានទៅរកអំពើហិង្សា។
លោក សុខ ទូច បានលើកឡើងថា រឿងអាស្រូវផ្លូវភេទវាអាចជារឿងធម្មតា បើកើតលើបុគ្គលសាមញ្ញធម្មតា តែសម្រាប់លោក កឹម សុខា ដែលជាបុគ្គលសាធារណៈមួយរូបមិនមែនជារឿងសាមញ្ញនោះឡើយ។ អ្នកវិភាគនយោបាយនៅកម្ពុជារូបនេះ បានបន្តថា រឿងអាស្រូវផ្លូវភេទ ដូចលោក កឹម សុខា បុគ្គលនយោបាយនៅលើពិភពលោកជាច្រើន ធ្លាប់បានជួបប្រទះរឿងបែបនេះ ដូចជាប្រធានាធិបតីអាមេរិក លោកប៊ីល គ្លីនតុន តែលោកមិនបានយកបក្សទៅជាប់ពាក់ព័ន្ធនោះឡើយ ហើយរឿងត្រូវបានបញ្ចប់ និងស្ងប់ស្ងាត់ទៅវិញ ក្រោយពេលលោក គ្លីនតុន ចេញមុខដោះស្រាយ។
ផ្តើមចេញពីគំរូនេះ លោក សុខ ទូច បានលើកទឹកចិត្តឲ្យ លោក កឹម សុខា ចេញមុខបំភ្លឺនៅតុលាការ និង ហ៊ានទទួលខុសត្រូវ បើសិនជារឿងពិតដូចការបែកធ្លាយមែននោះ។ លោក សុខ ទូច ថា ការសារភាពរបស់លោក កឹម សុខា មិនធ្វើឲ្យប៉ះពាល់ប្រជាប្រិយភាពពេកនោះទេ ព្រោះអាស្រូវបែបនេះ ក្នុងសង្គមខ្មែរកើតមានច្រើន។
លោក សុខ ទូច នៅតែលើកទឹកចិត្តឲ្យគណបក្សនយោបាយនៅកម្ពុជា ប្រើភាពចាស់ទុំរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានយោបាយ កុំព្យា យាមអូសទាញប្រជាពលរដ្ឋទៅពាក់ព័ន្ធក្នុងរឿងរបស់ខ្លួន។ លោក សុខ ទូច បានបញ្ជាក់ថា ប្រសិនបើរឿងរបស់លោក កឹម សុខា ឈានទៅ ដល់អំពើហិង្សានោះស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ហើយគណបក្សសង្រ្គោះជាតិ ដែលជាអ្នកប្រកាសកៀងគរប្រជាពលរដ្ឋមកធ្វើការតវ៉ា គឺជាអ្នកទទួលខុសត្រូវ។
លោក សុខ ទូច បានមើលឃើញថា បញ្ហានយោបាយនៅកម្ពុជា ដែលបានប្រែក្លាយពីភាពល្ហែមតាមរយៈវប្បធម៌សន្ទនា មកជាភាពជូរចត់ដូចបច្ចុប្បន្ននេះ គឺផ្តើមមកពីអ្នកនយោបាយមិនចេះប្រើយន្តការរដ្ឋសភា ដើម្បីរិះគន់ស្ថាបនាគ្នា។ ផ្ទុយទៅគណបក្សសង្រ្គោះជាតិ តែងយកយន្តការតាមទីសាធារណៈទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស វាយប្រហារលើបក្សកាន់អំណាច ដូចជាថា រដ្ឋាភិបាលផ្តាច់ការជាដើម ជាហេតុនាំឲ្យស្ថានការណ៍នយោបាយវិវឌ្ឍន៍កាន់តែអាក្រក់។
ខាងក្រោម ជាបទសម្ភាសន៍រវាងអង្គភាព Fresh News ជាមួយលោកបណ្ឌិត សុខ ទូច ជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា៖