(ឡាវ)៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងគោលបំណងរិតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ នាឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីវៀងចន្ទន៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសំណេះសំណាលសាកសួរសុខទុក្ខគ្នាទៅវិញទៅមក ដែលបង្ហាញអំពីភាពស្និទ្ធស្នាលជិតដិតរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងបានពិភាក្សាផងដែរអំពីកិច្ចសហការរវាងកងកម្លាំង នៃប្រទេសទាំងពីរក្នុងការចូលរួម បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទនៅតាមបណ្តោយព្រំដែន និងបានផ្លាស់ប្តូរមតិយោបល់លើការងារសន្តិសុខមួយចំនួន៕