(ភ្នំពេញ)៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា ប្រទេសចិន បានគាំទ្រប្រទេសកម្ពុជា ដែលបានជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ប្រទេសដោយមានភាពម្ចាស់ការ ព្រមទាំងពង្រឹង និងអភិវឌ្ឍវិស័យការពារជាតិរបស់ខ្លួន ឱ្យកាន់តែទំនើបបន្ថែមទៀត។
ថ្លែងក្នុងពិធីប្រគល់ និងទទួល ជំនួយឥតសំណង ជារថយន្តស៊េរីទំនើបចំនួន១៥០គ្រឿង និងសម្ភារៈការិយាល័យមួយចំនួន របស់ក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ លោកអគ្គរដ្ឋទូតចិនបានថ្លែងថា កងទ័ពកម្ពុជា-ចិន ជាបងប្អូន ស្គាល់ចិត្តស្គាល់ថ្លើម និងរួមសុខរួមទុក្ខជាមួយគ្នា ហើយជាដៃគូនិយាយតិច ប៉ុន្តែធ្វើច្រើន។ ជាពិសេសតាមរយៈកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំកងទ័ពទាំងពីរ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យយោធារបស់កម្ពុជា។
លោក វ៉ាង វិនធាន បានលើកឡើងបន្ថែមថា ប្រទេសកម្ពុជា-ចិន ជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ ហើយជាគំរូដល់ទំនាក់ទំនងប្រទេស និងប្រទេសដែលគោរព និងគាំទ្រគ្នាទៅវិញទៅមក ហើយមិត្តភាពកម្ពុជា-ចិន បានបង្កើត និងពួនជ្រំដោយផ្ទាល់ដៃពីថ្នាក់ដឹកនាំជំនាន់ គឺព្រះបរមរតនកោដ្ឋ កម្ពុជា-ចិន បានឆ្លងកាត់ប្រវត្តិសាស្ត្ររឹងមាំ មិនអាចបំបែកបាន ជាពិសេសក្រោមការយល់ចិត្តទុកដាក់ និងជំរុញដោយផ្ទាល់ពីប្រធានាធិបតីចិន ស៉ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន ចិន និងកម្ពុជា បានកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា មុនគេ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ព្រមទាំងពង្រឹង ពង្រីកទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាបន្តបន្ទាប់។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ទំនាក់ទំនងកម្ពុជា-ចិន បានបន្តកើនឡើងជាផ្លែផ្កាឥតឈប់ឈរ ចំណងមិត្តភាពប្រទេសទាំងពីរបានឈានឡើងដល់កម្រិតកំពូល»។ តំណាងឱ្យប្រជាជាតិចិន លោកសូមអរគុណប្រទេសកម្ពុជា បានប្រកាន់ខ្ជាប់ និងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ និងឥតងាករេ គាំទ្រយ៉ាងម៉ឹងម៉ាត់ចំពោះប្រទេសចិន ការពារផលប្រយោជន៍ផ្ទាល់របស់ខ្លួន។
លោកបញ្ជាក់ថា៖ «ប្រទេសចិន គាំទ្រយ៉ាងមុតមាំចំពោះភាគីកម្ពុជា ជ្រើសរើសមាគ៌ា អភិវឌ្ឍន៍ដោយម្ចាស់ការ គាំទ្រយ៉ាងមុតមាំចំពោះការពង្រឹងកងទ័ព ការពង្រឹងខឿនការពារជាតិ»។
នៅក្នុងពិធីនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ចិន និងកម្ពុជាធ្លាប់ឆ្លងកាត់ និងទទួលរងនូវឥទ្ធិពលដ៏ខ្មៅងងឹតនៃប្រវត្តិសាស្ត្ររួមទាំងអាណានិគម ការឈ្លានពាន សង្គ្រាម រហូតដល់អំពើប្រល័យពូជសាសសន៍។ ទាំងអស់នេះបានធ្វើឱ្យយើងផ្តល់តម្លៃជាអតិបរមាដល់សន្តិភាព ដែលពិភពលោកទាំងមូលពិបាកនឹងស្វែងរក។
សម្តេចបញ្ជាក់ទៀតថា សម្រាប់កម្ពុជា បានយកកត្តាប្រវត្តិសាស្ត្រជាមូលដ្ឋានមួយសម្រាប់ឆ្លុះបញ្ចាំងអំពីគុណូបការៈរបស់ស្ថាបនិក មគ្គុទ្ទេសក៍ឯក គឺសម្តេចតេជោ ហ៊ុន សែន ព្រមទាំងប្រតិបត្តិករនៃនយោបាយ ដែលនាំមកនូវសន្តិភាពឯកភាពជាតិពេញលេញសេចក្តីសុខក្សេមក្សា និងការអភិវឌ្ឍប្រកបដោយចីរភាពមកទល់បច្ចុប្បន្ន និងទៅអនាគត។ បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា តាងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា ព្រមទាំងកងយោធពលខេមរភូមិន្ទទាំងមូល សូមបញ្ជាក់សារជាថ្មីនូវគោលជំហរ និងការប្តេជ្ញាយ៉ាងរឹងមាំនៅក្នុងការថែរក្សា ការពារ និងលើកស្ទួយចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករវាងកម្ពុជា និងចិន ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជាតិទាំងពីរ នឹងរួមចំណែកកសាងតំបន់ និងពិភពលោកប្រកបដោយភាពសុខដុម និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា កម្ពុជា កំពុងតែទទួលបាននូវជោគជ័យធំៗជាបន្តបន្ទាប់ ក្នុងការកសាងឱ្យបានរឹងមាំនូវសន្តិភាព និងភាពសុខដុមរមនាក្នុងសង្គមជាតិសម្រាប់តំបន់ ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល ប៉ុន្តែ ក៏ជួបប្រទះនឹងបញ្ហាប្រឈមធំៗមិនចេះចប់មិនចេះហើយ ក្នុងនោះមានរួមទាំងជំងឺរាតត្បាតកូវីដ១៩ ដែលមិនទាន់ផុតរលត់នៅឡើយ និងការជ្រៀតជ្រែក វាយប្រហាររំលោភមកលើអធិបតេយ្យ ញុះញុងបំបែកបំបាក់ឥតឈប់ឈរពីសំណាក់អ្នកដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងចូលចិត្តបំផ្លាញអ្នកដទៃ។
ទន្ទឹមនឹងនេះ សម្តេចបានបន្ថែមថា «ឆ្លើយតបជាមួយនឹងការគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ទាំងនេះ ចិន និងកម្ពុជានៅតែរឹងមាំជានិច្ចក្នុងការជំនះលើការលំបាក និងរាល់សកម្មភាពអមិត្តនៅក្រោមស្មារតីស្នេហាសន្តិភាព នយោបាយនៃមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយ។ យើងជឿជាក់ថា រាល់ការប៉ុនប៉ងដើម្បីបំផ្លាញសេចក្តីសុខ និងធ្វើឱ្យខូចខាតដល់មិត្តភាពកម្ពុជា-ចិន មុខជាទទួលបាននូវការឈឺចាប់ និងទទួលបរាជ័យនៅទីបំផុត»៕