(បាត់ដំបង)៖ ក្រសួងទេសចរណ៍ និងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៅតែបន្តការរៀបចំវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច និងជំនាញផ្សេងៗក្នុងវិស័យទេសចរណ៍ ដើម្បីជួយលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ដល់អ្នកជំនាញដែលបោះបង់ការងារអំឡុងពេលជួបវិបត្តិកូវីដ១៩ ឱ្យត្រលប់មកចាប់ជំនាញវិជ្ជាជីវៈទេសចរណ៍ឡើងវិញ។
ជាមួយនឹងសកម្មភាពបណ្ដុះបណ្ដាលនេះដែរ ក្រសួងទេសចរណ៍ និងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានបន្តរៀបចំវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកា (HoKa) លើជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ដល់អ្នកជំនាញនៅខេត្តសៀមរាប ខេត្តបាត់ដំបង និងបន្ទាយមានជ័យ អមដោយពិធីប្រគល់ឡាបិលសុវត្ថិភាពទេសចរណ៍ក្នុងសេវាកម្មភោជនីយដ្ឋាន នៅសាលាខេត្តបាត់ដំបង នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធាគណៈកម្មការគ្រប់គ្រងគម្រោង ហូកា។
លោក ប៉ាក់ សុខុម បានថ្លែងឱ្យដឹងថា សិក្ខាសាលានេះបានបង្ហាញអំពីការរួបរួមគ្នាយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ លើការលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា ការស្តារសម្បទាវិជ្ជាជីវៈទេសចរណ៍ បង្កើតឱកាសការងារដល់យុវជន និងរួមគ្នាកៀរគរអ្នកជំនាញដែលបានចាកចេញពីជំនាញវិជ្ជាជីវៈទេសចរណ៍អំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩ ឲ្យត្រឡប់មកចាប់ជំនាញវិជ្ជាជីវៈទេសចរណ៍ឡើងវិញ ខណៈកម្ពុជាបានបើកប្រទេសលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ តាមរយៈអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចុះកន្លងមក។
លោកបានបន្ថែមថា តាមការប៉ាន់ស្មានពេញមួយឆ្នាំ២០២២នេះ ការបណ្ដុះបណ្ដាលជំនាញទាំងនេះ គឺដើម្បីបំប៉នសមត្ថភាពបម្រើសេវាកម្មក្នុងវិស័យទេសចរណ៍ ត្រៀមទទួលកំណើនភ្ញៀវទេសចរនាពេលខាងមុខ តួយ៉ាងកម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិជាង១លាននាក់ ឬអាចច្រើនជាងនេះ ហើយនឹងប្រមាណ២លាននាក់នៅក្នុងឆ្នាំ២០២៣ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានថ្លែងថា ខេត្តបាត់ដំបងបានក្លាយជាគោលដៅទាក់ទាញទេសចរណ៍ទីពីរបន្ទាប់ពីខេត្តសៀមរាប ព្រះសីហនុ និងរាជធានីភ្នំពេញ ហើយកំពុងទាក់ទាញទេសចរមកទស្សនាយ៉ាងច្រើនកុះករ ជាពិសេសថ្ងៃចុងសប្តាហ៍ និងឈប់សម្រាកបុណ្យទាននានា ដែលមានភ្ញៀវទេសចរជាតិចន្លោះ២ម៉ឺនទៅ៣ម៉ឺននាក់ ក្នុងមួយសប្តាហ៍ និងទេសចរអន្តរជាតិចន្លោះ២០០នាក់។
ជាមួយគ្នានោះ លោក ប៉ាក់ សុខុម បានលើកទឹកចិត្តដល់រដ្ឋបាលខេត្តបាត់ដំបង មន្ទីរទេសចរណ៍ខេត្ត វិស័យឯកជន និងដៃគូទាំងអស់ពិនិត្យលទ្ធភាពជំរុញការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្ថែមដល់អ្នកជំនាញទេសចរណ៍ឲ្យបានកាន់តែផុលផុសនូវគ្រប់ទម្រង់នៃការបណ្តុះបណ្តាល ជាពិសេសការបណ្តុះបណ្តាលខាងក្នុងមូលដ្ឋានអាជីវកម្ម (In-house training) ដែលបង្រៀនដោយគ្រូបង្គោល ហូកា ដែលត្រូវបានទទួលស្គាល់៕