(អេហ្ស៊ីប)៖ មន្ត្រីអាកាសចរណ៍ស៊ីវិលអេហ្ស៊ីប បានឲ្យដឹងនៅមុននេះបន្តិចថា នាវាស្វែងរក និងជួយសង្គ្រោះរបស់បារាំង ចាប់បានសញ្ញាមួយចេញពីបាតសមុទ្រមេឌីទែរ៉ាណេ ដោយត្រូវបានគេសង្ស័យថា ជាសញ្ញាចេញពីប្រអប់ខ្មៅ (Black box) របស់យន្តហោះ EgyptAir ដែលបានធ្លាក់នៅសមុទ្រមេឌីទែរ៉ាណេ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅមុនបន្តិច។
នៅមុននេះ ក្រុមជំនាញនៃក្រុម Airbus ដែលបានផលិតយន្តហោះ EgyptAir នោះបានអះអាងថា ប្រអប់ខ្មៅរបស់យន្តហោះនេះ ទំនងជាបានរបូតចេញពីតួយន្តហោះ មុនពេលដែលគ្រោះអាក្រក់កើត ឡើង ដែលបាននាំឲ្យមនុស្ស ៦៦បាត់បង់ជីវិត កាលពីថ្ងៃទី១៩ ខែឧសភា។
គួរបញ្ជាក់ថា ប្រអប់ខ្មៅរបស់យន្តហោះ ត្រូវបានផលិតឡើងដែលអាចរក្សាការផ្តល់សញ្ញាដល់អ្នករុករក ចំនួន ៣០ថ្ងៃក្នុងករណីដែលវាបាត់។ ប្រអប់ខ្មៅ អាចធ្លាក់ទៅក្នុងជម្រៅទឹក ៣,០០០ម៉ែត្រ ដែលក្នុងកម្រិត នេះគេនៅតែអាចចាប់យកសញ្ញាវាបាននៅពេល វាបាត់។ យ៉ាងណាក៏ដោយ ប្រអប់ខ្មៅរបស់យន្តហោះ អេហ្ស៊ីប គឺនៅសល់ពេលច្រើនគួរសម សម្រាប់ឲ្យក្រុមសង្គ្រោះធ្វើការស្វែងរកជាបន្តទៀត៕