(ភ្នំពេញ)៖ មនុស្ស៦នាក់ បានចេញមកសារភាពថា ពួកគេពិតជាបានធ្វើចលនាកៀរគរមនុស្សទៅប្រមូលផ្តុំគ្នានៅដីចម្ការស្ថិតនៅក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយខុសច្បាប់។ ជាមួយការចេញមកសារភាពនេះ ជនទាំង៦នាក់នេះ បានសន្យារំសាយការជួបជុំ ព្រមទាំងរុះរើរោងដែលបានសង់ទាំងអស់នោះផងដែរ។
ជនទាំង៦រូបដែលចេញមកសារភាពនេះ រួមមាន៖ ឈ្មោះ នី ចាន់ពិនិត្យ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ឈ្មោះ ចិន ថុន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ឈ្មោះ ឆឹយ ប៊ុនធឿន ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ឈ្មោះ ទូច ពុទ្ធសូរីដា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ឈ្មោះ សួង គន្ធា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅខេត្តកណ្តាល និងឈ្មោះ សំ សីម៉ា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅខេត្តពោធិ៍សាត់។
ក្នុងកិច្ចសន្យាជាមួយសមត្ថកិច្ចធ្វើនៅថ្ងៃទី៣១ ខែសីហា ជនទាំង៦រូប បានសារភាពថា ពួកគេបានកៀរគរប្រមូលផ្តុំប្រជាពលរដ្ឋ ដោយពុំមានច្បាប់អនុញ្ញាត ដោយប្រព្រឹត្តនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចចម្ការទំហំ ១២ហិកតា និង ២៥ហិកតា ជាកម្មសិទ្ធិរបស់ឈ្មោះ នី ចាន់ពិនិត្យ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងកិច្ចសន្យានេះ ពួកគេប្រកាសបញ្ឈប់ការសាងសង់ជម្រក និងរោងខុសច្បាប់ផ្សេងៗសម្រាប់ឱ្យប្រជាពលរដ្ឋទាំងនោះបន្តរស់នៅតទៅទៀតហើយ។ ចំណែកជម្រក និងរោងខុសច្បាប់ដែលបានសង់រួចហើយ ក៏ត្រូវរុះរើចេញផងដែរ ក្នុងករណីសាងសង់ថ្មី ត្រូវតែសុំច្បាប់អនុញ្ញាតពីអាជ្ញាធរឱ្យបានត្រឹមត្រូវ។
ជនទាំង៦រូបនេះ សន្យាថា ពួកគេនឹងប្រកាសឱ្យប្រជាពលរដ្ឋរំសាយការជួបជុំ ការរស់នៅលើដីចម្ការទាំងពីរទីតាំងខាងលើ។ ក្នុងករណីមានបុគ្គលណាមួយមានការរឹងទទឹងមិនព្រមចាកចេញ គឺសូមឱ្យអាជ្ញាធរចាត់ការទៅតាមច្បាប់។ ពួកគេក៏ប្រកាសបញ្ឈប់ឱ្យធ្វើការរារាំងផ្លូវចេញចូល និងឈប់ប្រើវិទ្យុទាក់ទង ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចចាប់ពីពេលនេះ។
ជនទាំង៦រូប ក៏បានសន្យា នឹងប្រកាសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដែលស្នាក់នៅខុសច្បាប់ ក្នុងដីចម្ការទាំងពីរទីតាំងចាកចេញត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ត្រឹមវេលាម៉ោង ១៧៖៣០នាទីជាកំហិត។ ក្នុងករណីជនណាម្នាក់រឹងរុះមិនព្រមអនុវត្តតាមការសំណូមពរឱ្យចាកចេញតាមកាលបរិច្ឆេទដូចបានកំណត់ គឺសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ ឬមានចំណាត់ការផ្លូវច្បាប់។
ជនទាំង៦រូបនេះ ក៏បានស្នើឱ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់ ចំពោះការបង្កបទល្មើសណាមួយក្នុងដីចម្ការខាងលើនេះ។ ពួកគេក៏បានសន្យាមិនឃោសនាផ្សព្វផ្សាយណាមួយ ឬទទួលឱ្យប្រជាពលរដ្ឋចូលទៅរស់នៅលើដីចម្ការខាងលើដោយខុសច្បាប់ទៀតនោះឡើយ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ឱកាសដល់មេចលនានៃការប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការខាងលើ ដោយមិនប្រើកងកម្លាំងទៅបំបែកការជួបជុំ ឬវិធានការច្បាប់អ្វីនោះឡើយ។ សម្តេចតេជោ បានផ្តល់លទ្ធភាពដល់ពួកគេរំសាយការជួបជុំ និងត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។
សម្តេចតេជោ ថែមទាំងបានណែនាំអាជ្ញាធរត្រៀមរថយន្ត និងស្បៀងអាហារ ដឹកប្រជាពលរដ្ឋត្រឡប់ទៅលំនៅឋានពួកគេវិញថែមទៀតផង សម្រាប់អ្នកមិនមានមធ្យោបាយត្រឡប់ទៅវិញ៕