(បន្ទាយមានជ័យ, ខេត្តពោធិ៍សាត់)៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជាកូរ៉េប្រចាំកម្ពុជា (KOICA) រួមជាមួយ សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងក្រុមហ៊ុនហ៉ីយ៉ាន់ដាយខេមកូ ម៉ូធ័រ ខមភេននី (Hyundail Camko Motor Company Co.,Ltd) បានចុះចែកសម្ភារៈសិក្សា សម្ភារៈអនាម័យ មួក និងដាំដើមឈើ ក្នុងសាលាបឋមសិក្សាព្រះស្រែ និងអនុវិទ្យាល័យមង្គលបុរី ដែលមានទីតាំងក្នុងខេត្ត បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់។

ពិធីស្ថិតក្នុងសាលាបឋមសិក្សាព្រះស្រែ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក នោ ហ្សង់ជូន ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជាកូរ៉េប្រចាំប្រទេសកម្ពុជា លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក អ៉ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ លោក ស៊ុន រ៉ាវឿន ប្រធានផ្នែកយុទ្ឋសាស្រ្តអនាគត របស់ក្រុមហ៊ុនហ៉ីយ៉ាន់ដាយខេមកូ ម៉ូធ័រ ខមភេននី រួមជាមួយលោកនាយកសាលនៃសាលាបឋមសិក្សាព្រះស្រែ។ រីឯកម្មវិធីដែលប្រារព្ធធ្វើឡើងនៅសាលាពីរផ្សេងទៀត ត្រូវបានចូលរួមក្រោមអធិបតីភាព លោក នោ ហ្សង់ជូន លោក អ៉ឹម សួរ លោកលោក ស៊ុន រ៉ាវឿន និងលោកនាយកសាលាទាំងពីរ។

ក្នុងទីតាំងទី១ មានអ្នកចូលរួមប្រមាណ២០០នាក់ ដោយបូកបញ្ចូលទាំងអ្នកតំណាងទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជាកូរ៉េប្រចាំប្រទេសកម្ពុជា សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ ក្រុមហ៊ុនហ៉ីយ៉ាន់ដាយ ព្រមទាំងលោកនាយក លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សនៃសាលាបឋមសិក្សាព្រះស្រែ។ ចំណែកកម្មវិធីពីរផ្សេងទៀតជាបន្តបន្ទាប់ទទួលបានការចូលរួមពីអ្នកតំណាងទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជា-កូរ៉េ ប្រចាំប្រទេសកម្ពុជា សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ ក្រុមហ៊ុនហ៉ីយ៉ាន់ដាយ ព្រមទាំងលោកនាយក លោកគ្រូ អ្នកគ្រូ មាតាបិតា អណាព្យាបាល និង សិស្សានុសិស្ស នៃអនុវិទ្យាល័យ និង វិទ្យាល័យ មង្គលបុរី និង វិទ្យាល័យពោធិ៍សាត់។

ក្រុមការងារកិច្ចសហការចុះជួយសហគមន៍ បានចែកជូននូវសម្ភារៈបរិក្ខារសិក្សា ដូចជា កង់ ប៊ិច កាបូបស្ពាយ សៀវភៅសរសេរ និង សម្ភារៈអនាម័យ ដែលមានដូចជា ថ្នាំដុសធ្មេញ និងច្រាស ដើម្បីចែកជូនសិស្សានុសិស្សចំនួន១០០នាក់ ព្រមទាំងផ្តល់ជូនម៉ាស៊ីនបូមទឹក ជាមួយទុយោទឹកប្រវែង ៥០ម៉ែត្រផងដែរ។ បន្ថែមពីលើនោះ នៅមានភូគោល វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ភាគ១ និងភាគ២ និងសៀវភៅរឿងនិទានសម្រាប់ក្មេង។ សម្ភារៈនិងគ្រឿងបរិក្ខារទាំងអស់នេះ ត្រូវបានប្រគល់ជូនលោកនាយកសាលា បឋមសិក្សា ព្រះស្រែ ខេត្តបន្ទាយមានជ័យ។ រីឯក្នុងខេត្តពោធិ៍សាត់វិញ ក្រុមការងារបានប្រគល់មួកសុវត្ថិភាពចំនួន២០០ កាបូកស្ពាយចំនួន២០០ និងសៀវភៅកំណែ ជូនទៅដល់សិស្សានុសិស្សនៃអនុវិទ្យាល័យ និងវិទ្យាល័យមង្គលបុរី និង វិទ្យាល័យពោធិ៍សាត់។

ក្រុមការងារចុះជួយសហគមន៍ ដោយបានបង្រៀនអំពីសុវត្ថិភាពចរាចរណ៍ ការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ។ ជាពិសេសពួកគាត់បានចូលរួមក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីបរិស្ថានប្រកបដោយនិរន្តរភាព និងការប្រយុទ្ធប្រឆាំងការគម្រាមកំហែងបំរែបំរួលអាកាសធាតុ។ ជាសរុបដើមឈើចំនួនប្រមាណ២៥០ដើម ត្រូវបានដាំនៅសាលាទាំង៣ខាងលើ។

កម្មវិធីត្រូវបានរៀបចំដើម្បីគាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការលើកកំពស់ការយល់ដឹងសុវត្ថិភាពចរាចរណ៍ពីសំណាក់កុមារាកុមារីដែលជាអ្នកប្រើប្រាស់ផ្លូវ ងាយរងគ្រោះបំផុត ដើម្បីកាត់បន្ថយការស្លាប់និងរបួសនៅលើដងផ្លូវក្នុងចំណោមកុមារ តាមរយះការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ប្រកបដោយចីរភាព។ គោបំណងមួយទៀត គឺការបំផុសគំនិត ដើម្បីការពារបរិស្ថាននិងភពផែនដីដោយការដាំដើមឈើនៅតាមសាលារៀននានាក្នុប្រទេសកម្ពុជា។

ក្នុងដំណើរបំពេញបេសសកម្មនៅខេត្តបន្ទាយមានជ័យ ក្រុមការងារក៏បានចូលជួបសម្តែងការគួរសមជាមួយលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ ក្នុងជំនួបនោះ កយការ បានចែករំលែកកិច្ចសហប្រតិបត្តិការរវាង កយការ និងខេត្តបន្ទាយមានជ័យ ជាពិសេសលើគម្រោងកម្មវិធីរបស់កយការ ដូចជា៖ ១) ការបោសសំអាតលទ្ធផលដំណាក់កាលទី៤៖ សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស, ២) ការកសាងភូមិសន្តិភាព និងវិបុលភាព តាមរយះ ការអភិវឌ្ឍន៍សហគមន៍ជនបទរួមបញ្ចូលគ្នា, ៣) បញ្ជូនអ្នកស្មគ្រ័ចិត្ត មិត្តកូរ៉េពិភពលោក World Friends Korea (WFK) ទៅកាន់សាកលវិទ្យាល័យជាតិមានជ័យ និង៤) ការចូលរួមសកម្មភាពចុះជួយសហគមន៍ ដោយសហការជាមួយ កយកា ខេមការ និងហ៉ីយ៉ានដាយ៕