(ស្ទឹងត្រែង)៖ ផ្លូវចាក់ បេតុង មួយខ្សែ ប្រវែង៣៦៧ម៉ែត្រ ទទឹង ១១ម៉ែត្រ តភ្ជាប់ជាមួយផ្លូវបេតុងនានា ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ស្ថាបនាជិតរួចរាល់ជាស្ថាពរ ត្រូវបានលោក ស្វាយ សំអ៊ាង អភិបាលអភិបាលខេត្ត អញ្ជើញចុះពិនិត្យ។
លោក សរ គឹម ណាត ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា នៅក្នុងក្រុងស្ទឹងត្រែង ផ្លួវដែលបានស្ថាបនា ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាប្រភេទផ្លូវ ចាក់បេតុង ផ្តងគុណភាពរឹងមាំ ប្រើប្រាស់យូរអង្វែងខុសពីផ្លូវ ដែលកសាងជាប្រភេទក្រាលកៅស៊ូ។ ហើយនៅក្នុងខេត្តស្ទឹងត្រែង តាមបណ្តាឃុំផ្សេងៗ ក៏ជ្រើសរើសយក ការសាងសង់ផ្លូវ ចាក់បេតុងដូចគ្នា ព្រោះផ្តល់នូវគុណភាព រឹងមាំ ហើយមានសោភ័ណ្ឌភាពថែមទៀតផង។
ក្នុងឱកាសចុះពិនិត្យផ្លូវ ដោយលោក ស្វាយ សំអ៊ាង រូមទាំងមន្រ្តីបច្ចេកទេស និង អភិបាលរងខេត្ត នាល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ គឺដើម្បីដឹងពីការស្ថាបនា ទៅតាមលក្ខណៈបច្ចេកទេស រក្សាបាននូវគុណភាព ដើម្បីជាគុណប្រយោជន៍របស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់យូរអង្វែង។
គូសបញ្ជាក់ថា៖ ផ្លូវមួយខ្សែ ចាក់ បេតុង ប្រវែង៣៦៧ម៉ែត្រ ទទឹង ១១ម៉ែត្រ ស្ថាបនាពីចំណុច រង្វង់មូលជ័យវ័រ្មនទី៧ ចាក់តាមជំហៀងវិទ្យាល័យព្រះរាជបូជីយកិច្ច ពីផ្លូវលេខ៦៣ភ្លោះ ដល់ផ្លូវលេខ៦៩) ដែលមានការសាងសង់ លូសងខាង រួចរាល់ជាស្ថាពរ ធ្វើឲ្យផ្លូវនេះ មិនមានការលិចទឹកឡើយ។
លោក ស្វាយ សំអ៊ាង បានផ្តាំផ្ញើដល់អ្នកម៉ៅការផ្លូវ ត្រូវយកចិត្តទុកដាក់ស្ថាបនា ឲ្យមានគុណភាព ទៅតាមលក្ខណៈបច្ចេកទេស ដើម្បីជាប្រយោជន៍ជូនខេត្ត និងប្រជាពលរដ្ឋ ដែលប្រើប្រាស់លើផ្លូវនេះ។
ក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត បានណែនាំដល់ លោក សរ គឹមណាត ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ត្រូវពិនិត្យមើលលើផ្លូវ ដែលខូច ផ្លូវសំបុកមាន់ ឲ្យបានគ្រប់ទីកន្លែង ក្នុងក្រុងស្ទឹងត្រែង និងរៀបចំជួសជុលឡើងវិញ សម្រួលដល់ការធ្វើដំណើរ និង សោភ័ណភាពក្រុង៕