(អាមេរិក)៖ នៅម៉ោង១១៖៥៥នាទី យប់ថ្ងៃព្រហស្បតិ៍នេះ សហស្ថាបនិក និងជានាយកប្រតិបត្តិបណ្ដាញទំនាក់ទំនងសង្គម Facebook លោក Mark Zuckerberg  នឹងបង្កើតនូវព្រឹត្តិការណ៍​ផ្សាយផ្ទាល់នៅលើ​ Facebook ​ជាលើកដំបូង ដែលមិនធ្លាប់មានពីមុនមក​ ជាមួយអវកាសយានិកបីនាក់​របស់ NASA ពីលំហអាកាស។ នេះបើយោងតាម Facebook Page របស់លោក Mark Zuckerberg បង្ហោះនៅថ្ងៃនេះ។

លោក Zuckerberg នឹងផ្សាយបន្តផ្ទាល់ពីការិយា​ល័យកណ្តាល​ក្រុមហ៊ុន​ Facebook ជាមួយអវកាសយានិក​ ដែលកំពុងរស់នៅ និងធ្វើការនៅលើស្ថានីយ៍​អវកាសអន្តរជាតិ (ISS) នៅថ្ងៃទី០១ ខែមិថុនា នេះ នៅម៉ោង (9:55Am PT) ត្រូវនឹងម៉ោង ១១៖៥៥នាទីយប់នៅប្រទេសកម្ពុជា។ ព្រឹត្តិការនេះ នឹងធ្វើការផ្សាយផ្ទាល់​នៅលើ​ទំព័រ Facebook របស់អង្គការ NASA ដែលមានរយៈ​ពេលប្រមាណជា ២០នាទី ពីជំនួបពិភាក្សារវាងលោក Zuckerberg ជាមួយអាកាសយានិកបីរូប គឺលោក Tim Kopra, លោក Jeff Williams និងលោក Tim Peake ស្តីពីលក្ខណៈនៃការ​រស់នៅ និងធ្វើការនៅ​ក្នុងវិស័យ​​មីក្រូទំនាញគន្លងផែនដី ដែលជាអ្វីដែល​អ្នកវិទ្យាសាស្រ្ត​​ពិភពលោក​​​កំពុងដំណើរការ​ នៅមន្ទីរពិសោធន៍​ស្ថានីយ៍អវកាស និងរបៀបដែលការស្រាវជ្រាវ​​​នៅក្នុងលំហរអាកាស ដើម្បីត្រៀមលក្ខណៈក្នុង​ការរៀបចំ​ដើម្បីបញ្ជូនមនុស្ស ធ្វើដំណើរទៅភពព្រះអង្គារ៕