(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ រៀបចំវេទិកាធ្វើបទបង្ហាញពាក់ព័ន្ធនឹងវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ របស់គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិត និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងM/SMEs។

គោលបំណងនៃវេទិកានេះ គឺដើម្បីឲ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផល និងការរកទីផ្សារផលិតផលក្នុងស្រុក ដើម្បីឈានទៅរកការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឲ្យចូលជាសមាជិកចលនាភូមិ១ផលិតផល១ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។ ចំពោះគោលការណ៍ណែនាំនេះ ក៏មានបំណងជំរុញឲ្យអ្នកពាក់ព័ន្ធធ្វើការណែនាំ ពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឲ្យបានយល់ច្បាស់បន្ថែមទៀត អំពីសារៈសំខាន់និងផលប្រយោជន៍ក្នុងការចូលរួមចលនាភូមិ១ ផលិតផល១ ដើម្បីធ្វើយ៉ាងណាឲ្យការប្រើប្រាស់ផលិតផលក្នុងស្រុក និងជម្រុញពួកគាត់ចូលជាសមាជិកចលនានេះបានទូលំទូលាយ។

ថ្លែងក្នុងឱកាសនោះ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ដើម្បីសម្រេចផែនការសកម្មភាពនេះ រដ្ឋបាលខេត្តសៀមរាប និងគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ ថ្នាក់ខេត្ត នឹងខិតខំប្រឹងប្រែងសហការជាមួយរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យចូលរួមផ្សព្វផ្សាយជំរុញ និងចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឲ្យប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយ និងជំរុញឱ្យចូលជាសមាជិកចលនាភូមិ១ផលិតផល១ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្សទាក់ទងនឹងការជំរុញចលនាភូមិ១ផលិតផល១ នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍។

លោកបន្តថា រដ្ឋបាលខេត្ត និងគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ ថ្នាក់ខេត្ត នឹងបន្តណែនាំដល់ម្ចាស់ផលិតផល ឬអាជីវករដែលទទួលបានវិញ្ញាបនបត្រ និងអនុញ្ញាតពីថ្នាក់ជាតិ ឲ្យបន្តខិតខំបំពេញបច្ចេកទេស និងទទួលការណែនាំរបស់ថ្នាក់ជាតិ ដើម្បីរក្សាបាននូវគុណភាព អនាម័យ និងបច្ចេកទេសផ្សេងៗរបស់ផលិតផលរបស់ខ្លួន ព្រមទាំងជំរុញដល់អ្នកផលិត និងអ្នកប្រើប្រាស់មានទំនាក់ទំនងគ្នាសម្រាប់ឱកាសទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និង M/SMEs ក្នុងគោលបំណង ដើម្បីឲ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នា និងបង្ហាញពីតម្រូវការផលិតផលរបស់ខ្លួន និងឱកាសទីផ្សារសម្រាប់ផលិតផលចាំបាច់សម្រាប់តម្រូវការផលិតផងដែរ។

ជាមួយនេះដែរ លោក សួង ណយ អគ្គលេខាធិការរង និងជាអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានបញ្ជាក់ថា ការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកលក់ គឺទាមទារឲ្យមានការសាមគ្គី ឈរលើគោលការណ៍សុចរិតភាព គុណភាព អនាម័យ និងរក្សាតម្លៃទៅតាមស្តង់ដារតម្លៃទីផ្សារ និងទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពី ក្រសួង អង្គភាព មន្ទីរ ស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាជំរុញ ឲ្យមានការអភិវឌ្ឍផលិតផលថ្មីៗក៍ដូចជាពង្រឹងគុណភាព និងសមត្ថភាពពាណិជ្ជកម្មនៃផលិតផលដែលមានស្រាប់ ជាគោលការណ៍គ្រឺះដែលចង់បាន សំដៅធ្វើឲ្យទទួលបាននូវផលិតផល មានភាពសម្បូរបែប កាត់បន្ថយការនាំចូលនូវទំនិញប្រើប្រាស់មួយចំនួនមកពីប្រទេសជិតខាងផងដែរ៕