(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២២ បានឡើងសង្វៀនប្រកួតអុកឡើងវិញ បន្ទាប់ពីបានឃើញគេលេងអុកនៅលើហ្វេសប៊ុក។
សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលចូលចិត្តលេងអុកជាទីបំផុត តែមួយរយៈនេះបានប្តូរទៅវាយកូនគោលជំនួសវិញ ព្រោះមានអំណោយផលខ្ពស់សម្រាប់សុខភាព។ សម្រាប់តែនៅយប់ថ្ងៃទី៣០ ខែសីហា សម្តេចតេជោ បានមើលឃើញការប្រកួតអុកលើបណ្តាញសង្គមហ្វេសប៊ុក ក៏ធ្វើឱ្យសម្តេចរលឹកដល់ល្បែងដ៏ជក់ចិត្តមួយនេះឡើងវិញផងដែរ។
ពាក្យចាស់ពោលថា ធ្វើស្រែទាន់ក្តៅដី ហើយធ្វើអ្វីមួយទាន់ចិត្តចង់ ដូច្នេះសម្តេចតេជោ ក៏មិនបង្អង់យូរនោះដែរ នៅល្ងាចថ្ងៃនេះ សម្តេចតេជោ ក៏បានណាត់នាយឧត្តមសេនីយ៍ មួន សារ៉ន ដៃគូប្រកួតយល់ចិត្តរបស់សម្តេចឡើងសង្វៀនជាថ្មី។
សម្តេចតេជោ បានបញ្ជាក់លើទំព័រហ្វេសប៊ុករបស់សម្តេចយ៉ាងដូច្នេះ «យប់មិញឃើញបងប្អូនលេងអុកតាម Facebook ល្ងាចនេះលេងអុកដោយ ខ្លួនឯងជាមួយគូប្រកួតដែលធ្លាប់លួចកូនអុក និងលេងបន្លំ។ ច្បាប់អុកដែលកំពុងលេងនេះតឹងតែងគួរសមគឺកាន់ណាយកហ្នឹងដើម្បីកុំឱ្យគូប្រកួតគ្មានវិន័យក្នុងការលេង»៕
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលចូលចិត្តលេងអុកជាទីបំផុត ហើយក៏ជាអ្នកមានយុទ្ធសាស្ត្រខ្លាំងក្នុងការផ្តួលគូប្រកួតផងដែរ៕