(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William A. Heidt បានថ្លែងកោតសរសើរប្រទេសកម្ពុជា ដែលសម្រេចបានភាពជឿនលឿន ដ៏គួរឲ្យកត់ សំគាល់ នៅក្នុងផលិតកម្មកសិកម្ម ដែលនាំឲ្យមានកំណើនវិនិយោគ កំណែលំអនៃអត្រាអាហារូបត្ថម្ភ កំណើននៃទិន្នផលកសិកម្ម និងប្រាក់ចំណូល។នេះបើយោងតាមការចុះផ្សាយ Facebook Page ផ្លូវការរបស់ស្ថានទូតអាមេរិក (U.S. Embassy Phnom Penh, Cambodia) ចុះផ្សាយ នៅថ្ងៃទី០១ ខែមិថុនានេះ ។
លោកឯកអគ្គរដ្ឋទូត បានលើកឡើងបែបនេះ ខណៈលោកជំនួបពិភាក្សាដោយផ្ទាល់ ជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ វេង សុខុន នៅថ្ងៃទី៣១ ខែឧសភា ដើម្បីពិភាក្សាពីបញ្ហានានា ទាក់ទងនឹងវិស័យកសិកម្ម និងសន្តិសុខស្បៀងនៅកម្ពុជា ពិសេសការពង្រឹងការខិតខំ ដើម្បីការពារតំបន់ព្រៃ និងសត្វព្រៃនៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូតបន្ថែមថា សហរដ្ឋអាមេរិកមានមោទនភាព ចំពោះភាពជាដៃគូរបស់ខ្លួនជាមួយប្រទេសកម្ពុជា ហើយរីករាយនឹងបន្តកិច្ចសហប្រតិបត្តិការ នៅពេលអនាគត៕