(ពោធិ៍សាត់)៖ លោកស្រី លាង ហៃ ជាវតាយ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងជាឥស្សរជនឆ្នើមថ្នាក់សាខា និងជាប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ សាខាកាកបាទក្រហមខេត្ត និងសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បាននាំយកអង្ករប្រចាំខែកញ្ញា ចំនួន៤តោន និងបច្ច័យចំនួន៦លាន ៤០ម៉ឺនរៀល ទុកទិញអង្ករប្រចាំខែតុលា សម្រាប់ចូលរួមផ្គត់ផ្គង់ ដល់សមណសិស្សកំពុងសិក្សារៀនសូត្រ នៅពុទ្ធិកៈអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងខេត្តពោធិ៍សាត់។

ពិធីប្រគេន អង្ករ និងបច្ច័យខាងលើនេះ ត្រូវបានធ្វើឡើងនៅសាលាឆាន់វត្តពាលញែក ដែលស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការនិមន្តចូលរួមពី ព្រះព្រហ្មភិរ័ត កែវ កន ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត។

លោកស្រី លាង ហៃ ជាវតាយ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងជាឥស្សរជនឆ្នើមថ្នាក់សាខា និងជាប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត មានប្រសាសន៍ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលមានលោក កែវ រតនៈ ប្រធានកិត្តិយសសាខា និងឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា តែងតែយកចិត្តទុកដាក់ គិតគូរអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងទីវត្តអារាមផងដែរ។ជាក់ស្តែងនាពេលនេះ ដោយមើលឃើញពីការខ្វះខាតរបស់ព្រះសង្ឃ ដែលកំពុងសិក្សារៀនសូត្រ នៅពុទ្ធិកៈអនុវិទ្យាល័យ និងវិទ្យាល័យក្នុងខេត្តនោះ ក៏បានឧបត្ថម្ភអង្ករ ក្នុងមួយខែ៤តោន ចាប់តាំងពីខែកក្កដា ដែលមានរយៈពេលពេញមួយឆ្នាំ។

លោកស្រី បានឱ្យដឹងទៀតថា អង្ករចំនួន៤តោន រួមជាមួយទឹកសុទ្ធ១២០យួរ និងភេសជ្ជៈ២០កេស ប្រគេននាពេលនេះ សម្រាប់ប្រចាំខែកញ្ញា និងថវិកា៦លាន ៤០ម៉ឺនរៀល ទុកទិញអង្ករសម្រាប់ខែតុលា ឆ្នាំ២០២២។ ជាការពិតណាស់ថា ការសិក្សារៀនសូត្រ របស់សមណៈសិស្សពុទ្ធិកៈអនុវិទ្យាល័យ និងវិទ្យាល័យ តែងតែជួបកង្វះខាត ទាំងថវិកា និងសម្ភារៈជាច្រើន ដូចនេះក្នុងនាមអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកស្រី សូមអំពាវនាវដល់ពុទ្ធបរិស័ទទាំងក្នុងខេត្ត ក្រៅខេត្ត និងក្រៅប្រទេស មេត្តាចូលរួមជួយឧបត្ថម្ភ និងទំនុកបម្រុងទៅតាមលទ្ធភាព ដល់សមណៈសិស្ស ដើម្បីឱ្យកុលបុត្រទាំងនោះ សិក្សារៀនសូត្របានខ្ពង់ខ្ពស់ ក្លាយជាពលរដ្ឋល្អក្នុងសង្គម។

ព្រះព្រហ្មភិរ័ត កែវ កន ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត និងជាព្រះនាយកពុទ្ធិកៈវិទ្យាល័យពាលញែក បានចម្រើនពរដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះញាតិញោមរួមមាន លោក កែវ រតនៈ ប្រធានកិត្តិយសសាខា, លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងលោកស្រី លាង ហៃ ជាវតាយ អនុប្រធានកិត្តិយសសាខា ព្រមទាំងលោកស្រីប្រតិភូទាំងអស់ ដែលជានិច្ចកាល តែងតែគិតគូរ និងជួយឧបត្ថម្ភ ទំនុកបម្រុងជាបន្តបន្ទាប់ ដល់សមណសិស្សពុទ្ធិកៈទាំងអនុនិងវិទ្យាល័យ នៅក្នុងខេត្តជាប់ជាប្រចាំ។ ព្រះពោធិវង្សាវិមលព្រះមេគណខេត្ត មានសង្ឃដិកាថា ខេត្តពោធិ៍សាត់មានពុទ្ធិកៈវិទ្យាល័យមួយកន្លែង នៅក្នុងវត្តពាលញែក មានសមណសិស្ស ចំនួន២២៥អង្គ និងពុទ្ធិកៈអនុវិទ្យាល័យព្រះសុវណ្ណត្ថេរ អ៊ុម អៀម វត្តនទីមង្គល មានសមណសិស្ស១២៥អង្គ និងគ្រូ១១នាក់។

ព្រះមេគណខេត្តមានសង្ឃដិកាថា ការចួលរួមជួយឧបត្ថម្ភទាំងបច្ច័យ និងស្បៀងអាហារ សម្ភារៈ ដល់សមណសិស្ស ជាកូនចៅរបស់ប្រជាពលរដ្ឋ ដែលកំពុងសិក្សារៀនសូត្រនាពេលនេះ ក៏ដូចនាពេលកន្លងមក ពិតជាបានរួមចំណែកបំពេញបុណ្យកុសលយ៉ាងធំធេងលើវិស័យព្រះពុទ្ធសាសនា ក្រោមម្លប់សន្តិភាព និងភាពរុងរឿង នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕