(ភ្នំពេញ)៖ ជាង១០ថ្ងៃមកនេះ ពោលគឺចាប់ពីថ្ងៃទី១៨ ដល់ទី២៩ ខែសីហា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទទួលបានពាក្យបណ្តឹងចំនួន៤០ តាមទំព័រហ្វេសប៊ុករបស់សម្តេច ពាក់ព័ន្ធនឹងការស្នើអន្តរាគមន៍សង្គ្រោះលើការបង្ខាំង និងជួញដូរ ហើយក្នុងនោះសមត្ថកិច្ចក៏បានបើកប្រតិបត្តិការជាបន្តបន្ទាប់ ដោយជួយរំដោះជនរងគ្រោះជាង១០០នាក់ផងដែរ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះថា ក្នុងចំណោមពាក្យបណ្តឹងទាំង ៤០នោះ សមត្ថកិច្ចបានជួយជនរងគ្រោះរួមមាន ជនជាតិអាមេរិកចំនួន២នាក់ ឥណ្ឌូនេស៉ីចំនួន១នាក់ ជនជាតិចិនចំ នួន៣៨នាក់ ជនជាតិម៉ាឡេស៉ីចំនួន៥៣នាក់ វៀតណាមចំនួន៥នាក់ ចិនតៃវ៉ាន់ ចំនួន៣នាក់ និងខ្មែរចំនួន១នាក់ផងដែរ។
សូមជម្រាបថា ថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយអំពាវនាវដល់ សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្តេចក្រឡាហោម បានសម្តែងការសោកស្តាយ និងថ្កោលទោសចំពោះអំពើដ៏អមនុស្សធម៌ទាំងនេះ។ សម្តេចក៏បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះការផ្ដល់ព័ត៌មានផ្សេងៗ ពីសំណាក់បុគ្គល និងស្ថានតំណាងបរទេសប្រចាំកម្ពុជា នាពេលកន្លងមកពាក់ព័ន្ធទៅនឹងករណីខាងលើនេះ។
សូមបញ្ជាក់ថា ការផ្តល់ព័ត៌មានក៏អាចធ្វើទៅបានតាមរយៈ៖
១៖ គេហទំព័រ Facebook: Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister
២៖ លេខទូរសព្ទ Hotline របស់អគ្គស្នងការដ្ឋាននគរបាលជាតិ: ១១៧ និង (+៨៥៥) ៣១ ២០១ ២៣៤៥
៣៖ គេហទំព័រ Facebook: អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of Natioral Police
៤៖ គេហទំព័រ Facebook: អគ្គនាយកដ្ឋានអន្តោប្រវេសន៍-General Department of Immigration-GDI ៕