(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រាប់ទៅកាន់ លោកមេភូមិ មេឃុំ អភិបាលស្រុកទាំងអស់ក្នុងខេត្ត ត្រូវប្រើប្រាស់ច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដោយមិនត្រូវប្រើប្រាស់ច្បាប់ធ្វើឱ្យពលរដ្ឋ ទទួលរងនូវទឹកភ្នែកនោះទេ។

លោក ម៉ៅ ធនិន ថ្លែងបែបនេះ ក្នុងឱកាសចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំង លោក អ៉ឹម ច័ន្ធសោធន ជាអភិបាលស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅសាលាស្រុកទឹកឈូ ដោយមានការចូលរួមពីសំណាក់ជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានតែងតាំង លោក អ៉ឹម ច័ន្ធសោធន ជាអភិបាលស្រុកទឹកឈូថ្មី ជំនួសលោក នាក់ សុវណ្ណារី ដែលបច្ចុប្បន្ន ត្រូវតែងតាំងជាអភិបាលស្រុកឈូក ខេត្តកំពត។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានថ្លែងទៀតថា ដោយសាររយៈកាលកន្លងមកបញ្ហាទំនាស់ដីធ្លីមានច្រើនក្នុងភូមិសាស្ត្រខេត្តកំពត ដែលបញ្ហានេះពេលខ្លះបានកើតឡើងដោយសារតែអាជ្ញាធរមួយចំនួន បានចុះហត្ថលេខាផ្តល់កម្មសិទ្ធិដោយមិនបានពិនិត្យឱ្យគ្រប់ជ្រុងជ្រោយ។ ចំពោះស្រុកទឹកឈូ គឺជាស្រុកមួយដែលមានផ្ទៃដីធំ ហើយហ៊ុមព័ទ្ធក្រុងកំពត ពិសេសស្រុកនេះ មានបញ្ហាប្រឈមខ្លាំងចំពោះបញ្ហាដីធ្លី ដែលតម្រូវឱ្យលោកអភិបាលស្រុកថ្មី ត្រូវបន្តដោះស្រាយ និងសម្របសម្រួល។

ជាមួយគ្នានេះដែរ ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លីក្នុងខេត្ត លោកអភិបាលខេត្ត ក៏បានជំរុញនិងប្រាប់ដល់អាជ្ញាធរទាំងអស់ ចាប់ពីមេភូមិរហូតដល់អភិបាលស្រុក ត្រូវចុះពិនិត្យ និងស្រាវជ្រាវឱ្យបានច្បាស់មុននឹងចុះហត្ថលេខា បោះត្រាផ្តល់លិខិតកាន់កាប់ដីធ្លី ទោះនៅតំបន់ណាក៏ដោយ ជៀសវាងនៅពេលមានបញ្ហាកើតឡើង ហើយមិនទទួលខុសត្រូវបែរជាមោឃភាពចោលវិញ។ លោកបានបន្ថែមថា រាល់ការធ្វើឱ្យមានកំហុស ទោះជាយើងមានតួនាទីអ្វីក៏ដោយ ក៏ច្បាប់នៅតែមិនមានការលើកលែងចំពោះអ្នកដែលប្រព្រឹត្តខុសឡើយ។

ក្នុងឱកាសនោះដែរ លោក អ៉ឹម ច័ន្ទសោធន បានធ្វើការប្ដេជ្ញាចិត្តថា ក្រោយពេលចូលកាន់តំណែង លោកនឹងខិតខំប្រឹងប្រែងក្នុងការបញ្ចប់នូវជម្លោះដីធ្លី និងបញ្ហានានាដែលនៅសេសសល់ ធ្វើយ៉ាងណាផ្តល់ទំនុកចិត្ត ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកទឹកឈូ។ ម្យ៉ាងទៀត លោកនឹងខិតខំប្រឹងប្រែងអនុវត្តន៍នូវបទបញ្ជានានា ការណែនាំរបស់លោកអភិបាលខេត្ត ក៏ដូចជាដាក់ចេញនូវផែនការផ្សេងៗ របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងកៀគរអ្នកវិនិយោគមកអភិវឌ្ឍន៍ស្រុក ឱ្យមានការរីកចម្រើនទៅមុខបន្តទៀត៕