(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ខិតខំយកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ចូលរួមអនុវត្តនូវគោលនយោបាយ «ភូមិឃុំ មានសុវត្ថិភាព» ឲ្យបានល្អប្រសើរ។
លោកបានណែនាំដល់ការពង្រឹងមន្ត្រីនគរបាលប៉ុស្តិ៍ឲ្យមានភាពជាម្ចាស់ការ ចាត់ចែង រួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ពិសេសបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់ នៅគ្រប់មូលដ្ឋានទូទាំងស្រុកប្រាសាទសំបូរ ដើម្បីធានាបាននូវការរស់នៅប្រកបដោយភាពសុខដុមរមនាជូនប្រជាពលរដ្ឋ។ ការលើកឡើងនេះអភិបាលខេត្ត ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់ មុខតំណែងលោក ឃីម សុឃាង ជាអភិបាលស្រុកប្រាសាទសំបូរ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
នៅក្នុងឱកាសនោះលោក ងួន រតនៈ បានអបអរសាទរលោក ឃីម សុខឃាង ដែលត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ផ្ដល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលស្រុកប្រាសាទសំបូរនៅពេលនេះ ក្នុងគោលបំណងដើម្បីប្រសិទ្ធភាពនៃការដឹកនាំ។
លើសពីនេះទៀតអភិបាលខេត្ត បានជំរុញដល់ថ្នាក់ដឹកនាំស្រុកប្រាសាទសំបូរ ខិតខំដោះស្រាយបញ្ហាប្រឈម និងជម្លោះនានានៅមូលដ្ឋាន ក្នុងនោះបញ្ហាជម្លោះដីធ្លី ជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ប្រើប្រាស់យន្តការ ដោះស្រាយដោយព្យាយាមអត់ធ្មត់ សម្របសម្រួលដោះស្រាយប្រកបដោយតម្លាភាព យុត្តិធម៌ និងត្រូវបញ្ចៀសឱ្យបាននូវអំពើហិង្សាតាមគ្រប់រូបភាព។
ដើម្បីជាសក្ខីភាព និងឆ្លើយតបទៅនឹងប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត លោកអភិបាលស្រុកថ្មី បានធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖
*ទី១៖ ប្តេជ្ញាគោរពជាតិ សាសនា ព្រះមហាក្សត្រ និងអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ បទបញ្ជារ និងលិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈដល់ប្រយោជន៍ ជាតិ ជាពិសេសប្ដេជ្ញាចូលរួមការពារសន្តិភាព។
*ទី២៖ ប្តេជ្ញាអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងសហការជាមួយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក។
*ទី៣៖ ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់នូវយុទ្ធសាស្រ្តគន្លឹះ និងវិធានការរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីត ១៩ឲ្យមានប្រសិទ្ធិខ្ពស់ និងកូនធានាបាននូវប្រក្រតីភាពនៃការរស់នៅតាមបែបគន្លងថ្មីជូនបងប្អូនប្រជាពលរដ្ឋ។
*ទី៤៖ ប្តេជ្ញាពង្រឹងរបៀបរបបធ្វើការ ទំនាក់ទំនងការងារក្រុមប្រឹក្សា គណៈអភិបាល ដោយឈរលើគោលការណ៍រដ្ឋបាលឯកភាព ដើម្បីធានាភាពជាម្ចាស់ក្នុងការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធាននានាឲ្យកាន់តែមានប្រសិទ្ធិ ភាព។
*ទី៥៖ ប្តេជ្ញាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញចូលតែមួយ ឲ្យកាន់តែល្អ
*ទី៦៖ ប្តេជ្ញាពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការគ្រប់គ្រងគ្រោះមហន្តរាយ និង ដោះស្រាយទំនាស់ដីធ្លីឲ្យទទួលបានលទ្ធផលល្អ។
*ទី៧៖ ប្តេជ្ញាពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីរាជការក្រោមឱវាទ និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួង ស្ថាប័ន វិស័យឯកជន និងអង្គកាសង្គមស៊ីវិល ដើម្បីពន្លឿនការអភិវឌ្ឍក្នុងមូលដ្ឋានស្រុកឲ្យកាន់តែរីកចម្រើន៕