(ឧត្តរមានជ័យ)៖ លោក រ៉ូ ប៊ីនណៃ សមាជិកនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យមន្ទីរឃុំឃាំង ពន្ធនាគារ និងកន្លែងដកហូតសេរីភាពនានា នៅក្នុងខេត្តឧត្តរមានជ័យ ដើម្បីអនុវត្តតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។
ក្នុងដំណើរចុះត្រួតពិនិត្យនោះដែរ លោកបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ អំពីតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងវិធានការបង្ការ ទប់ស្កាត់អំពើទារុណកម្ម។
ក្នុងឱកាសនោះដែរ លោកស្រី មិន ធារី អភិបាលរងខេត្តឧត្តរមានជ័យ ទទួលបន្ទុកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ បានទទួលស្វាគមន៍ និងជម្រាបជូនក្រុមការងារអំពីស្ថានភាពទូទៅ និងការអភិវឌ្ឍរីកចម្រើននៅក្នុងខេត្ត។
ជាកិច្ចឆ្លើយតបលោក រ៉ូ ប៊ីនណៃ បានជម្រាបជូន គណៈបញ្ជាការឯកភាពថា៖
*ប្រទេសកម្ពុជា បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិនៅឆ្នាំ១៩៩២ និងពិធីសារបំពេញបន្ថែមនៅឆ្នាំ២០០៧ ហេតុនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលមានឯករាជ្យភាពក្នុងការបំពេញមុខងារ ដើម្បីធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល លើការងារប្រយុទ្ធប្រឆាំងអំពើទារុណកម្ម និងការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាព ឱ្យរួចផុតពីការធ្វើទារុណកម្ម អំពើឃោឃៅ អមនុស្សធម៌ និងធ្វើទុក្ខបុកម្និញនានា។
*គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវបានរាជរដ្ឋាភិបាលប្រគល់តួនាទី និងភារកិច្ចជាច្រើនក្នុងនោះ គឺការចុះត្រួតពិនិត្យជាទៀងទាត់តាមបណ្តាមន្ទីរឃុំឃាំង ពន្ធនាគារ និងកន្លែងដកហូតសេរីភាពនានាទូទាំងប្រទេសកម្ពុជា ហើយធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល តាមទិដ្ឋភាពជាក់ស្តែង។
*បេសកកម្មចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដែលរាជរដ្ឋាភិបាលប្រគល់ឱ្យដើម្បីធានាការពារ បង្ការ ទប់ស្កាត់ និងឈានដល់ការលុបបំបាត់ទាំងស្រុងនូវអំពើទារុណកម្មគ្រប់ទម្រង់ និងពង្រឹងកិច្ចការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាព ឱ្យរួចផុតពីការធ្វើទារុណកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។
*រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគោរពសិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋ ក្នុងនោះការងារប្រយុទ្ធប្រឆាំងអំពើទារុណកម្ម ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់អនុលោមតាមសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងទារុណកម្ម។
*កម្ពុជាមានសុខសន្តិភាព និងស្ថេរភាព គោរពសិទ្ធិមនុស្ស និងមាននីតិរដ្ឋ ដូច្នេះ យើងមិនអាចទៅធ្វើទារុណកម្មលើជនណាម្នាក់បានឡើយ ព្រោះថាអំពើទារុណកម្មមិនត្រឹមតែជាអំពើដែលមនុស្សជាតិស្អប់ខ្ពើមប៉ុណ្ណោះទេ តែវាគឺជាបទល្មើសឧក្រិដ្ឋដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌនៃប្រទេសយើងផងដែរ។ យើងជាមន្រ្តីអនុវត្តច្បាប់ គឺត្រូវអនុវត្តច្បាប់ក្នុងក្របខណ្ឌច្បាប់ បើយើងអនុវត្តលើសហួសដែនកំណត់ច្បាប់ ឈានដល់មានហិង្សា ឬអំពើទារុណកម្មនោះ ច្បាប់នឹងអនុវត្តមកលើយើងវិញមិនខាន ដូច្នេះ មន្រ្តីអនុវត្តច្បាប់ត្រូវជៀសវៀងកុំឱ្យច្បាប់អនុវត្តមកលើខ្លួនយើងវិញ។
ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងអំពើទារុណកម្មនេះទទួលបានជោគជ័យ គឺយើងត្រូវការកិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីតួអង្គសំខាន់ៗទាំងអស់ ជាពិសេសអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងមន្រ្តីអនុវត្តច្បាប់ ហើយការរួបរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងឈានដល់ការលុបបំបាត់ឱ្យបានទាំងស្រុងនូវការធ្វើទារុណកម្មគ្រប់ទម្រង់នៅក្នុងប្រទេសកម្ពុជា គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។
នាឱកាសនោះដែរ លោកបានថ្លែងអំណរគុណដល់លោកស្រី អភិបាលរងខេត្តដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដែលបានធ្វើឱ្យបេសកកម្មចុះត្រួតពិនិត្យនេះប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យ៕