(ឥណ្ឌូនេស៊ី)៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៅកាន់ប្រតិភូក្រុមប្រទេសសេដ្ឋកិច្ចលូតលាស់ G20 ថា ការបន្សុាំនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចាំបាច់ត្រូវអនុវត្តទន្ទឹមគ្នា ដើម្បីធានាថាដំណោះស្រាយឆ្លើយតបការប្រែប្រួលអាកាសធាតុ មានប្រសិទ្ធភាពប្រសិទ្ធផល ចូលរួមលើកកម្ពស់អត្ថប្រយោជន៍រួម និងសុខុមាលភាពសង្គម។

លោក អ៊ាង សុផល្លែត បានគូសរំលេចបែបនេះ ក្នុងកិច្ចពិភាក្សាមុនសរុបបិទ «កិច្ចប្រជុំរួមគ្នាថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ» ក្របខណ្ឌក្រុមប្រទេសG20 ក្រោមមូលបទ «ស្តារឡើងវិញរួមគ្នា ស្តារឡើងវិញកាន់តែរឹងមាំជាងមុន» នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅខេត្តបាលី ប្រទេសឥណ្ឌូនេស៊ី។

ក្នុងកិច្ចប្រជុំនោះ លោក អ៊ាង សុផល្លែត ក៏បានគូសរំលេចដែរថា កម្ពុជាស្វាគមន៍ការពង្រីកភាពជាដៃគូជាមួយដៃគូអន្តរជាតិ និងវិស័យឯកជនដើម្បីអនុវត្តយន្តការជំរុញបន្លាស់ប្តូរឈានទៅរកសេដ្ឋកិច្ចធន់ និងបញ្ចេញកាបូនទាប។

មន្ត្រីជាន់ខ្ពស់របស់ក្រសួងបរិស្ថានរូបនេះ បានថ្លែងទៅកាន់ប្រតិភូក្រុមប្រទេសG20 បណ្តាប្រទេស និងភាគីនានាដែលបានចូលរួមកិច្ចប្រជុំទៀតថា កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ានកំពុងដឹកនាំរៀបចំសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់សន្និសីទកំពូលលើកទី២៧ បណ្តាភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP-27) នៅប្រទេសអេហ្សុីបនាចុងឆ្នាំនេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ ត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីបរិស្ថាន និងព្រៃឈើ ឥណ្ឌូនេស៊ី ក្នុងនាមជាប្រទេសប្រធានប្តូរវេនក្រុមប្រទេសG20 សម្រាប់ឆ្នាំ២០២២។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីប្រតិភូ រួមមាន រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីនៃបណ្តាក្រុមប្រទេស G20 បណ្តាប្រទេសជាភ្ញៀវ ដែលក្នុងនោះមានកម្ពុជាផងដែរ ក្នុងនាមជាប្រធានផ្លាស់វេនអាស៊ាន និងអង្គការក្រោមឆ័ត្រអង្គការសហប្រជាជាតិមួយចំនួន។

នៅក្នុងកិច្ចប្រជុំនេះ លោក អ៊ាង សុផល្លែត ក៏បានលើកឡើងផងដែរថា ពីកិច្ចប្រឹឹងប្រែងរបស់កម្ពុជាក្នុងកិច្ចគាំពារបរិស្ថាន។ លោកបានលើកឡើងថា ក្នុងនាមជាប្រទេសងាយរងគ្រោះដោយគ្រោះពីបរិស្ថានសកល កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការរួមចំណែកដល់សកម្មភាពឆ្លើយតបបរិស្ថាននេះ។

លោកបន្តថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក កម្ពុជាត្រូវបានស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាព ហើយកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស។ កម្ពុជាបានឆ្ពោះទៅរកដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ ជាមួយបំណងឈានទៅបរិបទប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងទសវត្សរ៍ខាងមុខ។

លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ទៀតថា ការសិក្សាថ្មីៗក្នុងវិស័យឧស្សាហកម្ម និងថាមពលក្នុងប្រទេសកម្ពុជាបានបង្ហាញថា បច្ចេកវិទ្យាបៃតងមាននិន្នាការបង្កើតឱ្យមានការរីកចម្រើន និងបង្កើតការងារច្រើនជាងបច្ចេកវិទ្យាបុរាណ ដូច្នេះការវិនិយោគលើបច្ចេកវិទ្យាបៃតង គឺជាវិធីដ៏ល្អមួយដើម្បីអនុវត្តកិច្ចការនេះ៕