(កែប)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីជួបវិបត្តិកូវីដ១៩ រដ្ឋបាលខេត្តកែប និងសម្ព័ន្ធសមាគមសហគ្រាសធន់តូច និងមធ្យមកម្ពុជា បានណែនាំ និងជំរុញឲ្យប្រជាពលរដ្ឋ ប្រឹងប្រែងប្រកបរបររកស៊ីទទួលទាន តាមរយៈអង្គសិក្ខាសាលាស្តីពី «ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យដល់ពលរដ្ឋ» ដែលអង្គសិក្ខាសាលានេះ ប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ មានរយៈពេល ១ថ្ងៃ។
សិក្លាសាលាបានធ្វើឡើងក្រោមអធិបតីលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា «FASMEC» ដោយចូលរួមពីសមាជិក សមាជិកា ប្រតិភូ និងជួរថ្នាក់ដឹកនាំនៃមន្ត្រី អាជ្ញាធរ បុគ្គលិកក្រុមហ៊ុន និងប្រជាពលរដ្ឋពាក់ព័ន្ធ ជាច្រើននាក់។
ក្នុងអង្គរបើកសិក្ខាសាលានាពេលនេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា កម្ពុជានៅខ្វះធនធានមនុស្សច្រើនលើផ្នែកផ្សេងៗ ទាក់ទងទៅ នឹងការធ្វើឲ្យអាជីវកម្មមួយ ទទួលបានជោគជ័យ ពិសេសម្ចាស់សហគ្រាសធន់តូចនិងមធ្យម នៅតាមមូលដ្ឋានទូទាំងប្រទេស នៅមានកម្រិត ទើបសមាគម បានចុះផ្តល់ និងចែករំលែកចំណេះដឹងទាក់ទិននឹងការកសាងអាជីវកម្ម ប្រកបដោយភាពជោគជ័យ ដល់ពលរដ្ឋជាលក្ខណៈវិលជុំទូទាំងប្រទេស។
លោក តែ តាំងប៉ បន្តបញ្ជាក់ថា ដោយមើលឃើញថា សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាច្រើនណាស់ ដែលកំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការជួយជ្រោមជ្រែងបន្ថែមទៀត ទាំងផ្នែកចេកទេស ផ្នែកទីផ្សារ ក៏ដូចជាធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់និងអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគាត់ ដោយមានការសហការ ជាមួយធនាគារព្រីនស៍ ក្រុមហ៊ុន metfone និងអង្គការតម្លាភាពកម្ពុជា។
ចំពោះសារៈសំខាន់នៃអង្គសិក្ខាសាលានេះដែរ ក្នុងគោលបំណង ដើម្បីជួយផ្សព្វផ្សាយគាំទ្រ ដល់ការរីកចម្រើន របស់សហគ្រាសធុនតូចនិងមធ្យម និងដើម្បីស្នើសុំការគាំទ្រហិរញ្ញវត្ថុ និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ និងធនាគារដៃគូ របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដ៏ទៃទៀត។ ហើយអង្គរខាសាលា ដែលបានរៀបចំដូចគ្នានេះ បានរៀបចំនៅខេត្តចំនួន២៣ រួចហើយ ក្រៅពីនេះនឹងបន្តធ្វើទូទាំង២៥ រាជធានី-ខេត្ត ដើម្បីជួយឲ្យសហគ្រាសធន់តូច និងមធ្យមទាំងអស់ ទទួលបានថវិកា សម្រាប់អភិវឌ្ឍន៍សហគ្រាសរបស់ខ្លួន។
ទន្ទឹមនេះ លោកឧកញ៉ា តែ តាំងប៉ នឹងសង្ឃឹមជឿជាក់ថា នៅថ្ងៃខាងមុខនេះ ដោយឡែក សេដ្ឋកិច្ចនៅជុំវិញខេត្តកែប នឹងប្រសើរឡើងវិញ ព្រោះរាជរដ្ឋាភិបាល បានគ្រប់គ្រងស្ថានភាពពាក់ព័ន្ធជំងឺកូវីដ១៩ បានល្អប្រសើរ ប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្ម កាន់តែមានការយល់ដឹងច្រើន ទាក់ទងនឹងការបង្កើត និងពង្រឹងអាជីវកម្មរបស់ខ្លួន។
ក្នុងឱកាសនោះ លោកអភិបាលខេត្តកែប សោម ពិសិដ្ឋ បានមានប្រសាសន៍ថា កម្ពុជាយើង ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសមានសុខសន្តិភាព សុវត្ថិភាព សណ្ឋាប់ធ្នាប់សាធារណៈល្អប្រសើរ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែល្អប្រសើរ។ ហើយអ្វីដែលប្រជាពលរដ្ឋខេត្តកែប កំពុងគិតនាពេលបច្ចុប្បន្ន គឺការបើកអាជីវកម្ម ដើម្បីស្វែងរកប្រាក់ចំណូល ឬការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។
លោកអភិបាលខេត្ត បានបន្តថាក្រោយពេលបើកប្រទេសឡើងវិញ ស្ថានភាពអាជីវកម្មនៅក្នុងខេត្តកែបចាប់ផ្តើមល្អប្រសើរឡើងបន្តិចម្តងៗ ភ្ញៀវទេសចរ មកកម្សាន្តកើនឡើងវិញជាបណ្តើរៗ។ តែយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តជំរុញឲ្យពលរដ្ឋ អាជីវករ ត្រូវខិតខំប្រឹងប្រែង និងត្រូវចូលរួមអភិវឌ្ឍន៍សមត្ថភាពបន្ថែម ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួនឲ្យកាន់តែរីកចម្រើន៕