(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានត្រៀមរថយន្តជាច្រើនគ្រឿង ដឹកពលរដ្ឋចេញពីចម្ការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ខណៈដែលពលរដ្ឋមួយចំនួន បានចាប់ផ្តើមចេញពីដីចម្ការផងដែរ។

ការជួបជុំ និងការប្រមូលផ្តុំសមាជិក និងអ្នកគាំទ្រលោក ខឹម វាសានា នៅដីចម្ការក្នុងភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឈានចូលដល់ឱសានវាទនៅយប់មិញនេះហើយ។ ចាប់តាំងពីម៉ោងរំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហានេះ គណៈបញ្ជាការឯកភាពខេត្តសៀមរាប ដឹកនាំដោយលោក ទៀ សីហា បានដឹកនាំកម្លាំងចម្រុះចុះអនុវត្តន៍វិធានការបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទៅកាន់ដីចម្ការរបស់លោក ខឹម វាសនា ទៀតនោះឡើយ គឺអនុញ្ញាតឱ្យតែចេញប៉ុណ្ណោះ។

គេបានសង្កេតឃើញមានប្រជាពលរដ្ឋមួយចំនួនបានចាប់ផ្តើមធ្វើដំណើរចេញពីដីចម្ការរបស់លោក ខឹម វាសនា។ ទន្ទឹមនឹងនោះ នៅរបងចូលចម្ការរបស់លោក ខឹម វាសនា ក៏ត្រូវបានសមាជិករបស់លោក ខឹម វាសនា យាមកាមតឹងរឹង មិនឱ្យអ្នកខាងក្រៅចូលផ្ដេសផ្ដាសនោះឡើយ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាឱ្យមានការរឹតបន្ដឹងការចេញចូលចម្ការរបស់លោក ខឹម វាសនា នៅឃុំត្បែង ស្រុកបន្ទាយស្រី ដោយហាមមិនឱ្យមានអ្នកចូលបន្ថែមទៀត ខណៈអាជ្ញាធរកំពុងព្យាយាមសម្របសម្រួល និងណែនាំពលរដ្ឋឱ្យរំសាយជំនឿលើបុគ្គលតាំងខ្លួនជាព្រហ្ម ដើម្បីត្រឡប់ទៅផ្ទះវិញ។ លោក ទៀ សីហា ប្រាប់ថា កម្លាំងបានរៀបចំរថយន្តយោធច្រើនគ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋនៅតាមខេត្តរបស់ពួកគេ។

លោក ទៀ សីហា បានប្រាប់ពលរដ្ឋឱ្យឈប់ជឿលោក ខឹម វាសនា រឿងមានទឹកជំនន់លិចលង់ពិភពលោក។ ជាក់ស្ដែងមកដល់ថ្ងៃទី៣១ ខែសីហា នេះ ពុំមានហេតុការណ៍នោះកើតឡើងឡើយ។ លោកអភិបាលខេត្តបញ្ជាក់ថា ពលរដ្ឋបន្តស្នាក់នៅក្នុងជំរំតង់របស់លោក ខឹម វាសនា គឺកំពុងប្រឈមបញ្ហាសុខុមាលភាព អនាម័យ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ដូច្នេះគួរប្រញាប់វិលទៅស្រុកវិញ។

សមាជិក សមាជិកា អ្នកគាំទ្រលោក ខឹម វាសនា បានប្រមូលផ្តុំគ្នា ក្រោមហេតុផលស្ដាប់ធម៌ និងគេចផុតពីការស្លាប់ដោយសារមហន្តរាយភពផែនដីនៅចម្ការលោក ខឹម វាសនា ក្នុងភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបចាប់ផ្តើមពីថ្ងៃទី២៦ ខែសីហា មកម្ល៉េះ ដោយមានមនុស្សប្រមាណជិត២ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហា បានប្រកាសមិនប្រើកម្លាំងទៅបំបែកការជួបជុំនោះឡើយ ដោយគ្រាន់តែអំពាវនាវឱ្យប្រជាពលរដ្ឋរំសាយការជួបជុំ និងត្រឡប់ទៅផ្ទះវិញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់លោក ខឹម វាសនា និងសមាជិករបស់លោក កុំឱ្យបង្ខាំង ឬរារាំងប្រជាពលរដ្ឋដែលមានបំណងចង់ចេញពីចម្ការ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអាជ្ញាធរខេត្តសៀមរាប ត្រៀមរថយន្តដឹកជញ្ជូនអ្នកចេញពីចម្ការត្រឡប់ទៅផ្ទះវិញ និងត្រៀមស្បៀងអាហារផ្តល់ជូនដល់ពួកគេផងដែរ៕