(ភ្នំពេញ)៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ បានចុះត្រួតពិនិត្យមកដល់ទីតាំង ក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដោយស្វែងរកឃើញជនរងគ្រោះ ចំនួន០១នាក់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្ដាញព័តមាន Fresh News ឱ្យដឹងថា ប្រតិបត្តិការចុះត្រួតពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីមាន បណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ថា មានជនជាតិចិនម្នាក់ត្រូវបានគេចាប់បង្ខាំងទុក ដើម្បីឲ្យនៅបម្រើការងារក្នុងក្រុមហ៊ុន នៅក្នុងខេត្តព្រះសីហនុ នៅក្នុងទីតាំងខាងលើនេះ។

ជនរងគ្រោះរូបនោះមាន ឈ្មោះ GUO JIAN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិមចិន។ បន្ទាប់មក កម្លាំងសមត្ថកិច្ច ក៏បាននាំអ្នកគ្រប់គ្រងជនជាតិចិន១នាក់ មកធ្វើការសាកសួរ តាមនីតិវិធីជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំបន្តតាមនីតិវិធី៕