(ភ្នំពេញ)៖ ក្រុមអ្នកជំនាញសេដ្ឋកិច្ច អ្នកវិនិយោគវិស័យឯកជន និងអ្នកវិភាគសង្គមនៅកម្ពុជាបានលើកឡើងដូចគ្នាថា ការផ្ដល់ជំនួយ និងការបណ្តាក់ទុនវិនិយោគរបស់ចិនលើគ្រប់វិស័យនឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។
ឯកឧត្តម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាអ្នកតាមដានផ្នែកសង្គម បានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា «ប្រទេសកម្ពុជាបានទទួលជំនួយឥតសំណង និងជំនួយផ្សេងៗជាច្រើនទៀតពីបណ្តាប្រទេសជាមិត្ត ដែលនេះជាសច្ចធម៍ យើងមិនអាចបដិសេធបានទេ ប៉ុន្តែជំនួយទាំងអស់នោះមិន ទាន់គ្រប់គ្រាន់នូវអ្វីដែលកម្ពុជាត្រូវការសម្រាប់អភិវឌ្ឍនៅឡើយទេ»។
ឯកឧត្តមចាត់ទុកថា ប្រទេសចិនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការផ្ដល់ជំនួយសាង សង់ស្ពានឆ្លងកាត់ទន្លេ អភិវឌ្ឍន៍ផ្លូវ មន្ទីរពេទ្យ និងការផ្ដល់ជំនួយគាំទ្រដល់វិស័យជាច្រើនបម្រើឱ្យការវិនិយោគ ពាណិជ្ជកម្ម ថាមពល ដឹកជញ្ជូន កសិកម្ម និងវិស័យទេសចរណ៍ជាដើម។
ឯកឧត្តមលើកឡើងដូច្នេះថា៖ «អ៊ីចឹងជំនួយរបស់ចិនគឺបានចូលមកបំពេញ បន្ថែមនូវអ្វីដែលកម្ពុជាត្រូវការ ដែលខ្ញុំអាចឆ្លើយក្តោបបានថាតើចិនបានដើរតួនាទីសំខាន់បែបណា ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគត? វិស័យដឹកជញ្ជូនក៏មានភាគីចូលមកបន្ថែម ដែលជាចំណុចយើងត្រូវការ។ល។ ភាគីចិនជាផ្នែកមួយដើម្បីបំពេញបន្ថែមចំពោះចំណុចយើងត្រូវការជាចាំបាច់ ហើយយើងត្រូវការឯករាជ្យដោយ ខ្លួនឯង ដូចជាវិស័យថាមពល និងដឹកជញ្ជូនជាដើម»។
ពាក់ព័ន្ធទៅវិស័យនេះដែរ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវេទិកាម្ចាស់អាជីវកម្មកម្ពុជានាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិនដែរថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងវិស័យដឹកជញ្ជូនជារឿងចាំបំផុត ក្នុងការជំរុញ និងទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ច ព្រោះការអភិវឌ្ឍសេដ្ឋកិច្ចនេះ យើងមិនអាចធ្វើតែម្នាក់ឯងបាននោះទេ ដោយទាមទារឱ្យមានការការតភ្ជាប់ជាមួយប្រទេសក្នុងតំបន់ និងសកលលោក។
ឯកឧត្តមបណ្ឌិតថ្លែងថា៖ «អ៊ីចឹងហេដ្ឋារចនា សម្ព័ន្ធទាំងអស់នេះ គឺជាផ្នែកធំសំខាន់បំផុត ដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះការជំរុញសេដ្ឋកិច្ចមិនមែនតែយើងម្នាក់ឯងធ្វើទៅបានទេគឺត្រូវការការតភ្ជាប់រវាងសេដ្ឋកិច្ចក្នុងតំបន់ អ៊ីចឹងវាគ្មានអ្វីក្រៅពីការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនេះ ឱ្យអស់លទ្ធភាពទេត្រូវសហការជាមួយប្រទេសពាក់ព័ន្ធ ឱ្យបានលឿនបំផុត»។
លោក កឹម អឿនស្ថាបនិក និងអគ្គនាយកសហគ្រាសអប់រំហូមឌូខេសិនមានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យ ក្រុមហ៊ុនមកពីប្រទេសចិនវិនិយោគនោះ គឺជាហេដ្ឋារចនាសម្ព័ន្ធយ៉ាងសំខាន់ជួយដល់ ការអភិវឌ្ឍផ្នែកដឹកជញ្ជូនរបស់ប្រទេសកម្ពុជា ហើយច្រកទាំងអស់នោះគឺជាដង្ហើមសេដ្ឋកិច្ច។
របាយការណ៍ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចនៅកម្ពុជារបស់ធនាគារពិភពលោកបង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥ភាគរយក្នុងឆ្នាំ២០២២ ប៉ុន្តែផ្លូវទៅមុខទៀតនៅស្រពេចស្រពិលនៅឡើយ ដោយសារតែការឡើងថ្លៃនៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក។ តែយ៉ាងនាក៏ដោយ «យុទ្ធសាស្ត្ររស់នៅជាមួយកូវីដ-១៩» ក៏បានបង្កលក្ខណៈឱ្យ សេដ្ឋកិច្ចមានដំណើរការឈានទៅស្តារស្ថានភាពឡើងវិញ។ ពោលគឺនៅក្នុងដំណាក់កាលមធ្យម សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានកំណើនជាមធ្យម៦ភាគរយក្នុងមួយឆ្នាំដោយសារអំណោយផលពីច្បាប់វិនិយោគថ្មី អមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនានា សម្រាប់ជួយជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាដើម៕
(អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន)