(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងលោក ស៊ិន វណ្ណវុឌ្ឍ ជាអភិបាលស្រុកសណ្ដាន់ ជំនួសលោក អ៊ុត វណ្ណរ៉ា ត្រូវទទួលភារកិច្ចថ្មី។
ក្នុងឱកាសនោះលោក ងួន រតនៈ ថ្លែងថា ក្នុងនាមជាមន្ត្រីរាជការ ត្រូវបម្រើប្រជាពលរដ្ឋ ត្រូវធ្វើឲ្យប្រជាពលរដ្ឋស្រឡាញ់ ពេញចិត្ត មានភាពជឿជាក់ និងទុកចិត្ត ក្នុងការដោះស្រាយនូវបញ្ហាប្រឈម បញ្ហាសំណូមនានារបស់ ប្រជាពលរដ្ឋ ជាពិសេសខិតខំបម្រើសេវាសាធារណៈ ឲ្យឆាប់រហ័ស មានប្រសិទ្ធភាព តម្លាភាព និងប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់។
លោកអភិបាលខេត្តកំពង់ធំ បន្ថែមទៀថា ដើម្បីនិរន្តរភាពរដ្ឋបាល សម្រេចបាននូវកិច្ចការខាងលើនេះ លោកអភិបាលស្រុកថ្មី ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាព ផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានា របស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ធ្វើការបែងចែកតួនាទី ភារកិច្ច ជូនជួរគណៈអភិបាលរបស់ខ្លួន ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងមានការទទួលខុសត្រូវលើការងាររបស់ខ្លួនរៀងៗខ្លួន។
ទន្ទឹមនឹងនោះលោក ងួន រតនៈ ផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសណ្តាន់ និងបងប្អូនប្រជាពលរដ្ឋ សូមបន្តគាំទ្រលោកអភិបាលស្រុកថ្មី ដូចអ្វីដែលយើងធ្លាប់បានគាំទ្រអភិបាលស្រុកចាស់ មានគោលដៅរួមតែមួយ បន្តនិរន្តរភាពការងាររដ្ឋបាលអ្វីដែលនៅសេសសល់ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យបន្តទៅទៀត៕