(ភ្នំពេញ)៖ សមាជិកសភាអាមេរិកមួយក្រុម ដែលបានមកទស្សនកិច្ចនៅកម្ពុជា បានបង្ហាញការប្តេជ្ញា និងសន្យាជួយជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគរបស់អាមេរិក នៅកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។
ការសន្យានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី Carol Miller សមាជិកសភាសហរដ្ឋអាម៉េរិកប្រចាំរដ្ឋ West Virginia កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ ជំនួបនេះធ្វើឡើងក្នុងគោលបំណង ឈ្វេងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងសំដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក។
នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ព្រមទាំងសហការី ដែលបានអញ្ជើញទស្សនកិច្ចដោយផ្ទាល់នៅក្រសួងពាណិជ្ជកម្ម និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាម៉េរិកក្នុងការផ្តល់នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កម្ពុជាជាង ៣លានដូស ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាឡើងវិញ។
លោក ប៉ាន ស័រស័ក្តិ ក៏បានជម្រាបជូនអំពីវឌ្ឍនភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ជាពិសេសការត្រៀមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ នៅសៀមរាប នាពេលខាងមុខនេះ។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក ដែលមានការកើនឡើងយ៉ាងល្អប្រសើរ ទោះបីស្ថិតក្នុងវិបត្តិកូវីត-១៩ ក៏ដោយ។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងដោយសង្ខេបពីគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខ័ណ្ឌច្បាប់នានាដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដើម្បីឈានដល់ការសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាងនេះទៅទៀត លោករដ្ឋមន្ត្រី បានលើកឡើងពីអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិក ដែលបានទាក់ទាញរោងចក្រផលិតសម្ភារៈធ្វើដំណើរជាច្រើនមកកម្ពុជា និងបានបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា។
លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យសមាជិកសភាសហរដ្ឋអាម៉េរិកជួយគាំទ្រ និងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិកដល់កម្ពុជាបន្តទៀត ព្រមទាំងបានបញ្ជាក់ពីតម្រូវការចាំបាច់របស់កម្ពុជានាពេលបច្ចុប្បន្ន ក្នុងការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា ស្របតាមបរិបទថ្មីនៃសង្គមឌីជីថល រួមមាន៖ បច្ចេកវិទ្យាថ្មីៗ អ្នកបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សជាដើម។
លោកស្រី Carol Miller និងសមាជិកសភាសហរដ្ឋអាម៉េរិកដទៃទៀត បានថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ លោករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម ដែលបានទទួលគណៈប្រតិភូយ៉ាងកក់ក្តៅ និងបានសម្តែងចំណាប់អារម្មណ៍ចំពោះបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗមួយចំនួន និងស្វែងយល់ពីសក្តានុពលរបស់កម្ពុជា និងកិច្ចការនានា ដែលសហរដ្ឋអាម៉េរិក អាចជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងជំនួបនោះគណៈប្រតិភូសមាជិកសភាអាមេរិក បានសម្តែងការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ច និងវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕