(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានដឹកនាំក្រុមយុវជនសិស្សានុសិស្ស មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ ចូលរួមដាំកូនឈើធ្នង់ចំនួន២០០ដើម មន្ថែមទៀតជាអំណោយសប្បុរសជន។
លោក ហាក់ ឡេង បានឲ្យដឹងថា ការរៀបចំដាំកូនឈើនេះដោយមានការចង្អុលបង្ហាញពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។ លោក ហាក់ ឡេង បានឲ្យដឹងថា ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព ហេដ្ឋារចនាសម្ព័ន្ធ រម្មណីដ្ឋានលើវិស័យទេសចរណ៍ និងថែរក្សាអេកូបរិស្ថានទេចរណ៍នៅកំពូលភ្នំត្រងោល មានសោភ័ណ្ឌភាពក្នុងការទាក់ទាញផ្នែកវិស័យទេសចរណ៍នៅថ្ងៃនេះ អាជ្ញាធរស្រុក បានដឹកនាំយុវជនសិស្សានុសិស្ស មន្ត្រីរាជការ និងប្រជាពលរដ្ឋ ចូលរួមដាំកូនឈើធ្នង់ចំនួន២០០ដើម ជាអំណោយសប្បុរសជនដែលស្រឡាញ់បរិស្ថាន។
លោក ហាក់ ឡេង បានបន្ថែមថា លោក មានសេចក្តីសោមនស្សរីករាយក្រៃលែងដោយមើលឃើញនូវសកម្មភាពក្រុមយុវជនសិស្សានុសិស្ស មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមយ៉ាងសកម្ម ក្នុងការដាំកូនឈើនៅលើកំពូលភ្នំត្រងោល នៅភូមិសាស្រ្តស្រុកបូទុមសាគរ ខេត្តកោះកុង។
លោកអភិបាលស្រុករូបនេះ បានបន្តបន្ថែមថា ដើមឈើមានអត្ថប្រយោជន៍យ៉ាងខ្លាំង នៃការរស់នៅរបស់មនុស្ស សត្វ និងកាត់បន្ថយគ្រោះធម្មជាតិ ជាពិសេសបរិស្ថានធម្មជាតិអាចកាត់បន្ថយភាពក្រីក្រ ក្នុងជីវភាពគ្រួសារបានមួយកំរិតផងដែរ។
លោកបានអំពាវរនាវសូមឲ្យប្រជាពលរដ្ឋស្រឡាញ់ និងថែរក្សាបរិស្ថានកុំកាប់បំផ្លាញព្រៃឈើ ហើយចូលរួមដាំកូនឈើឲ្យបានក្នុង១នាក់ បាន១ដើម ពីព្រោះដើមឈើមានអត្ថប្រយោជន៍ដល់យើងគ្រប់ៗគ្នា។
លោកបានបញ្ជាក់ថា នៅលើកំពូលភ្នំត្រងោលនេះ អាជ្ញាធរមានគម្រោងសាងសង់ទីវត្តអារាម ដើម្បីឲ្យឧបាសកឧបាសិកាជាទីសក្ការៈគោរពបូជាផងដែរ។
លោកបានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរបានដាំកូនឈើធ្នងចំនួន២០០ដើមម្តងហើយ ជាអំណោយរបស់លោកបណ្ឌិត ម៉ុង ប្ញទ្ធី ហើយការដាំកូនឈើទាំងលើកនេះសរុបចំនួន៤០០ដើម៕