(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំសិក្ខាកាមវគ្គហ្វឹកហ្វឺនសាកល្បងយុទ្ធដំណើរទ័ពរយ:ចម្ងាយ១៣គីឡូម៉ែត្រ របស់សិក្ខាកាមវគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង ចំណុះទីបញ្ជការកងពល ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកមេបញ្ជាការរង បានបញ្ជាក់ថា ស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសមាសសំរាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាព ស្មារតី ជំនាញយុទ្ធវិធី កងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព និងតួនាទីភារកិច្ច ការពារជាតិមាតុភូមិ ប្រជាជន ប្រកបដោយប្រសិទ្ធភាព តាមផែនការរបស់ថ្នាក់លើ។
ក្រៅពីហ្វឹកហ្វឺនពង្រឹងសមត្ថភាព កម្លាំងនេះត្រៀមអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង មានសម្ភារ មធ្យោបាយ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តាយដោយធម្មជាតិផ្សេងៗឲ្យបានទាន់ពេលវេលាផងដែរ។
ជាពិសេសសូមឲ្យសិក្ខាកាមទាំងអស់បន្តយកចិត្តទុកដាក់ អនុវត្តតាមវិធានការ ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ឲ្យបានជាប់ជាប្រចាំ៕