(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា លោក គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន កំពុងនៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីតតាំងក្តីលើសំណុំរឿងប្តឹង សម រង្ស៉ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសសម្តេចតេជោអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញ ចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានដាក់បណ្តឹងប្រឆាំងទណ្ឌិត សម រង្ស៉ី ពីបទបរិហារកេរ្តិ៍ នៅតុលាការទីក្រុងប៉ារីស ប្រទេសបារាំង លើការណ៍ដែលទណ្ឌិតរូបនេះ ចោទប្រកាន់ដោយគ្មានភស្តុតាងថា សម្តេចតេជោ ហ៊ុន សែន ជាអ្នករៀបផែនការសម្លាប់លោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ កាលពីជាង ១០ឆ្នាំមុន។
បណ្តឹងរបស់សម្តេចតេជោ និងបណ្តឹងរបស់លោក ឌី វិជ្ជា ប្តឹងទណ្ឌិតសម រង្ស៉ី បានដាក់ចូលតុលាការទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ និងត្រូវបានចៅក្រមស៉ើបសួរសម្រេចធ្វើការចោទប្រកាន់លើទណ្ឌិត សម រង្ស៉ី ពីបទបរិហាកេរ្តិ៍ជាសាធារណៈប្រឆាំងបុគ្គល នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន សម្រេចប្តឹងទណ្ឌិត សម រង្ស៉ី ចំពោះសារដែលបុគ្គលនេះ បានដាក់ផ្សាយនៅក្នុង ទំព័រហ្វេសប៊ុករបស់ខ្លួន និងសំដីដែលបុគ្គលនេះបាននិយាយ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក ជាភាសាខ្មែរ (VOA) ដែលនៅក្នុងនោះបុគ្គល សម រង្ស៉ី បានធ្វើការចោទប្រកាន់យ៉ាងឆ្កួតលីលា និងធ្ងន់ធ្ងរចំពោះ សម្តេចតេជោ ហ៊ុន សែន។ ទណ្ឌិតសម រង្ស៉ី បានអះអាងដោយមួលបង្កាច់ថា៖ (១) សម្តេចតេជោ បានសម្លាប់ ឬជាមេក្លោងឲ្យគេសម្លាប់លោក ហុក ឡងឌី, (២) សម្តេចតេជោ បានបញ្ជាឲ្យសម្លាប់លោកជា វិជ្ជា និងចុងក្រោយ (៣) សម្តេចតេជោ បានភូតកុហកអំពីមូលហេតុនៃការស្លាប់របស់លោក ហុក ឡងឌី ដោយកុហកថា ឧទ្ធម្ភាគចក្រដែលលោក ហុក ឡងឌី រងគ្រោះទទួលមរណភាព គឺត្រូវរន្ទៈបាញ់ ក្នុងខណៈដែលបុគ្គល សម រង្ស៉ី អះអាងថា ឧទ្ធម្ភាគចក្រនេះត្រូវបានផ្ទុះដោយគ្រាប់បែក ដែលបានដាក់បង្កប់នៅក្នុងនោះទៅវិញ។ ទាំងនេះជាការចោទប្រកាន់ បែបបរិហារកេរ្តិ៍ ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងទំព័រ ហ្វេសប៊ុករបស់បុគ្គល សម រង្ស៉ី។
តាមឆន្ទៈមនសិការ បុគ្គលិកលក្ខណៈផ្ទាល់ និងនយោបាយរបស់សម្តេចតេជោ ដែលតែងតែអត់ឱននិងអនុគ្រោះ សណ្តោសប្រណីចំពោះជនរួមជាតិរបស់សម្តេច, សម្តេចតេជោ គឺមិនចង់ប្តឹងបុគ្គល សម រង្ស៉ី នោះទេ ប៉ុន្តែការចោទប្រកាន់ខាងលើនេះ គឺមិនអាចអត់ឱនឲ្យបានជាដាច់ខាត និងជាមូលហេតុដែលនាំឲ្យសម្តេចតេជោ បានសម្រេចចិត្តប្តឹងបុគ្គលម្នាក់ ដែលជាជនរួមជាតិរបស់សម្តេច។ តុលាការបារាំង នឹងត្រូវធ្វើការវិនិឆ្ឆ័យថា «ករណីនេះគឺជាការរំលោភបំពាន លើដែននៃសេរីភាពបញ្ចេញមតិ»៕