(ភ្នំពេញ)៖ វេទិកាស្តីអំពី «កាលានុវត្តភាពធុរកិច្ច និងការការពារកម្មសិទ្ធិបញ្ញានៅកម្ពុជាក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ចតំបន់» គឺជាវេទិកាមួយដើម្បីបង្កើននូវទំនុកចិត្ត និងផ្តល់ឱកាសដល់សហគ្រិនចិន កម្ពុជា និងម៉ាឡេស៊ី បង្កើតទំនាក់ទំនងពាណិជ្ជកម្មតាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរួមគ្នា ដើម្បីចូលរួមលើកកម្ពស់ពាណិជ្ជកម្មពហុភាគី។

ជាក់ស្តែង នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ ក្រុមមេធាវីមេធាវី អាស៊ីកម្ពុជា បានសហការជាមួយស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និងសមាគមពាណិជ្ជកម្មចិនខេត្តគ័ងតុងនៅកម្ពុជា រៀបចំវេទិកាធុរកិច្ចនេះឡើង ក្នុងគោលបំណងផ្តល់ឱកាសដល់សហគ្រិនចិន កម្ពុជា និងម៉ាឡេស៊ី បង្កើតទំនាក់ទំនងពាណិជ្ជកម្មតាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរួមគ្នា ដើម្បីចូលរួមលើកកម្ពស់ពាណិជ្ជកម្មពហុភាគី និងបង្កើតឱកាសសម្រាប់អ្នកទិញ និងអ្នកលក់ដែលមានសក្តានុពលក្នុងប្រទេសកម្ពុជា ដើម្បីជួបជាមួយដៃគូអាជីវកម្ម និងអ្នកវិនិយោគទុន ព្រមទាំងបង្ហាញផ្លូវដល់វិនិយោគិនមកពីប្រទេសម៉ាឡេស៊ី និងប្រទេសចិនជាដើម ដើម្បីឱ្យមើលឃើញពីឱកាសនៃការវិនិយោគនៅប្រទេសកម្ពុជា តាមរយៈសមាគមខ្សែចង្វាក់លក់រាយម៉ាឡេស៊ី។

បើតាមលោកស្រី សេង វួចហ៊ុន ប្រធានក្រុមមេធាវី អាស៊ីកម្ពុជា និងជាប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានថ្លែងថា «វេទិកានេះគឺជាព្រឹត្តិការណ៍តែមួយគត់ដែលវិស័យឯកជន និងសាធារណៈប្រមូលផ្តុំគ្នាដើម្បីកំណត់ និងគូសបញ្ជាក់អំពីបញ្ហា ដែលពួកគេធ្លាប់មានបទពិសោធន៍ក្នុងការធ្វើធុរកិច្ចក្នុងប្រទេសកម្ពុជា និងការវិនិយោគលើវិស័យដែលមានសក្តានុពលរួមទាំងបង្កើតដំណោះស្រាយដែលយើងអាចធ្វើទៅបាន។ យ៉ាងណាមិញព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ បាននាំមកនូវយន្តការដ៏មានប្រសិទ្ធភាពមួយដែលនឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដើម្បីដឹងថាតើវាផ្តល់នូវសេរីភាវូបនីយកម្មកាន់តែច្រើន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលភ្ជាប់មកជាមួយនៃកិច្ចព្រមព្រៀង និងវិធានការសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសជាយុទ្ធសាស្ត្រដើម្បីបើកឱកាសឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយជោគជ័យ»

ជាមួយគ្នានេះ លោក ឆាយ ជិញអ៉ី តំណាងសមាគមពាណិជ្ជកម្មចិនខេត្តគ័ងតុងនៅកម្ពុជា បានបញ្ជាក់ថា «សមាជិកវេទិកាបានយល់កាន់តែច្បាស់អំពីបរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងចងមិត្តថ្មីៗ ហើយយើងទាំងអស់គ្នាស្វែងរកឱកាសដើម្បីវិនិយោគស្ថិតនៅក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនៃសេដ្ខកិច្ចតំបន់រវាងកម្ពុជា និងម៉ាឡេស៊ីនឹងបង្កើតឱកាសកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ»

លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានថ្លែងថា «វេទិកាថ្ងៃនេះ គឺជាវេទិកាដ៏ល្អមួយបម្រើដល់កិច្ចសហប្រតិបត្តិការត្រីភាគី និងជាដៃគូជំនួញរវាងកម្ពុជា ម៉ាឡេស៊ី និងចិន»

ជាងនេះទៀត លោកសូមថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចំពោះការគាំទ្រ និងលើកទឹកចិត្ត និងអនុញ្ញាតឱ្យប្រតិភូជួបសម្តែងការគួរសមនៅទីស្តីការក្រសួង។ បច្ចុប្បន្ន ក្រោមកិច្ចសហការជាមួយសមាគមអ្នកលក់រាយម៉ាឡេស៊ី ប្រតិភូចំនួន៦០រូប មកពីក្រុមហ៊ុនម៉ាឡេស៊ីចំនួន៤០ ធ្វើទស្សនកិច្ចនៅកម្ពុជា។ ក្រុមហ៊ុនទាំងនោះរួមមាន៖ ក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនបច្ចេកវិទ្យាអ៉ីខុមមឺស និងក្រុមហ៊ុនឡូជីស្ទីកជាដើម។

ចំណែកលោក ដាតូ វ៉ាំងសង់ឈូ អនុប្រធានសមាគមចែកចាយផលិតផលម៉ាឡេស៊ី បានលើកឡើងថា «វិនិយោគិនម៉ាឡេស៊ីមានការកក់ក្តៅ ក្នុងការមកវិនិយោគនៅកម្ពុជា និងចាត់ទុកប្រទេសកម្ពុជាដូចប្រទេសខ្លួន និងមានការជឿជាក់កាន់តែខ្លាំង»

លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា៖ «ខួប៦៥ ឆ្នាំនៃទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា និងម៉ាឡេស៊ី បញ្ជាក់ពីសារសំខាន់នៃភាពរីកចំរើនក្នុងវិស័យជាច្រើន ជាពិសេសកំណើនពាណិជ្ជកម្ម និងការវិនិយោគ។ ទោះបីក្នុងស្ថានភាពកូវីដ១៩ ក្តីពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរ មានចំនួន ៥០០លានដុល្លារ ក្នុងឆ្នាំ២០២១ គឺកើន១៣% បើធៀបក្នុងឆ្នាំ២០២០ ផលិតផលនាំចេញទៅប្រទេសម៉ាឡេស៊ីមានដូចជា៖ ខោអាវ អង្ក និងផលិតផលឧស្សាហកម្ម និងកត់សំគាល់ថាប្រទេសម៉ាឡេស៊ីនាំចូលអង្កកម្ពុជាច្រើនជាងគេក្នុងចំណោមប្រទេសក្នុងសមាជិកអាស៊ាន»

លើសពីនេះទៅទៀត ក្នុងវេទិកានេះ ក៏មានការចុះអនុស្សារណៈយោគយល់គ្នា ទី១៖ រវាង សមាគមខ្សែចង្វាក់លក់រាយម៉ាឡេស៊ី និងក្រុមមេធាវី អាស៊ីកម្ពុជា និងទី២៖ រវាងសមាគមខ្សែចង្វាក់លក់រាយម៉ាឡេស៊ី និងសមាគមពាណិជ្ជកម្មចិនខេត្តគ័ងតុងនៅកម្ពុជាផងដែរ។

វេទិកាធុរកិច្ចដ៏មានសារៈសំខាន់នេះ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដូចជា ធុរជនមកពីប្រទេសម៉ាឡេស៊ី ធុរជននៃសមាគមពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា ធុរជននៃសមាគមពាណិជ្ជកម្មចិន ខេត្តគ័ងតុង នៅកម្ពុជា ធុរជនកម្ពុជា មេធាវី មន្ត្រីមកពីស្ថាប័នរដ្ឋ អ្នកអនុវត្តច្បាប់ អាជ្ញាកណ្តាល និងអ្នកពាក់ព័ន្ធផ្សេងទៀតយ៉ាងច្រើនកុះករ និងត្រូវបានបញ្ចប់ដោយជោគជ័យ៕