(ស្វាយរៀង)៖ លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលរួមប្រកាសចូលកាន់ មុខតំណែងជាផ្លូវការអភិបាលរងខេត្តស្វាយរៀងចំនួន៤រូប។
ពិធីនោះមានការចូលរួមពីប្រតិភូអមដំណើរ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរស្រុកក្រុងជាច្រើនរូបផងដែរ។
លោក ម៉ែន វិបុល បានថ្លែងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តឲ្យកាន់តែមានភាពល្អប្រសើរ ក្នុងការឆ្លើយតប និងទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបង្កើតឲ្យមានការបំពេញបន្ថែមនូវចំនួនគណៈអភិបាល និងនាយករងរដ្ឋបាលសាលារាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស ដែលនេះជាការជួយសម្រួល និងពន្លឿងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោម ជាតិឲ្យកាន់ប្រសើរឡើងថែមទៀត។
លោកបានអភិបាលខេត្ត បានសម្តែងការអបអរសាទរចំពោះការតែងតាំងអភិបាលរងខេត្តចំនួន៤រូប ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ និងខិតខំបំពេញការងារ តាមមុខងារវិជ្ជាជីវៈរបស់ខ្លួនឲ្យអស់ពីលទ្ធភាពធ្វើយ៉ាងណាដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឲ្យបានល្អ។
លោក ឡាំ ជា បានសំដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត និងកងកម្លាំងទាំង៣ បានសហការគ្នាក្នុងការអភិវឌ្ឍន៍ឲ្យខេត្តមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងការបន្តបង្កើនកំណើនសេដ្ឋកិច្ចជាតិ បង្កលក្ខណៈសម្បត្តិលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានមួយកម្រិតថែមទៀត។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញដល់អភិបាលរងខេត្តថ្មី ដែលទើបបានតែងតាំងថ្មីបានឡើងប្តេជ្ញាចិត្ត ក្រោយរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរងខេត្តស្វាយរៀង ត្រូវខិតខំធ្វើការងារ ទាំងក្នុងរដ្ឋបាលខេត្ត និងជាមួយប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពរដ្ឋធម្មនុញ លិខិតបទដ្ឋានគតិយុទ្ធនានា យកប្រយោជន៍ជាតិជាធំ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីដឹកនាំ និងកសាងខេត្តឱ្យទទួលបានជោគជ័យបន្តទៀត។ បន្តជំរុញដល់ប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី៣,៤,៥)ឲ្យបានគ្រប់ៗគ្នាដើម្បីមានភាពស៊ាំនៅក្នុងសហគមន៍ផងដែរ។
សូមបញ្ជាក់ថា មន្ដ្រីរាជការ៤រូប ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន តែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង រួមមាន៖
ទី១៖ លោក ប៉េង ពោធិ៍សា ឋានន្ដរស័ក្ដិឧត្ដមអភិបាល ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ដ្រីរាជការ នៃក្រុមនីតិប្បញ្ញត្ដិ ជាអភិបាលរងខេត្ត
ទី២៖ លោក ម៉ែន អេង ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត
ទី៣៖ លោក សុខា រ៉ាម ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត
ទី៤៖ លោកស្រី យក់ ស៊ីណាត ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត៕