(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំទៅអ្នកវិភាគក្រៅប្រទេសថា កូនប្រុសសម្តេចគឺ ហ៊ុន ម៉ានី គ្មានមហិច្ឆតាដណ្តើមតំណែងនាយករដ្ឋមន្ត្រី ពីបងប្រុសគេគឺ ហ៊ុន ម៉ាណែត នោះទេ និងបានផ្តាំផ្ញើថាបើខ្លួនឯងមិនកើត កុំនឹកស្មានថាគេមិនកើតដូចខ្លួនឱ្យសោះ។
ការឆ្លើយតបបែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីអ្នកវិភាគដែលរត់គេចខ្លួនពីការអនុវត្តច្បាប់ លោក គឹម សុខ បានផ្តល់បទសម្ភាសជាមួយ សារព័ត៌មានបរទេសផ្សាយជាខេមរភាសារថា កូនរបស់សម្ដេច២នាក់ គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី កំពុងប្រជែងគ្នាសម្រាប់ដំណែងនាយករដ្ឋមន្ត្រីនាពេលអនាគត ដែលកើតមកពីមនុស្សជំនិតលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ជាអ្នកជំរុញឱ្យបងប្អូនប្រជែងគ្នាដណ្តើមអំណាច។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន៣បន្ថែមទៀត នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានផ្តាំទៅអ្នកវិភាគរត់ចោលស្រុកនេះ យ៉ាងដូច្នេះថា៖ «ខ្ញុំសូមផ្តាំទៅវិញ បើគ្រួសាររបស់លោកអញ្ចង លោកកុំគិតថាគ្រួសាររបស់ខ្ញុំ ដូចគ្រួសាររបស់លោក ព្រោះគ្រាន់តែប្រពន្ធក៏លោកបានលែងលះគ្នាដែរ សូម្បីតែប្រពន្ធរបស់លោកមិនត្រូវផង តើលោកមានរឿងអីត្រូវជាមួយខ្ញុំ បើគ្រួសាររបស់លោកស្មោគគ្រោក ចេះច្រណែនគ្នារវាងបងប្អូន ប្រពន្ធ ប្តី អាហ្នឹងរឿងគ្រឿងគ្រួសារលោក តែគ្រួសារខ្ញុំសផ្សេង កូនរបស់ខ្ញុំ ចៅរបស់ខ្ញុំ ខ្ញុំកម្រិតត្រឹមតែចៅរបស់ខ្ញុំទៅចុះ បងប្អូនគេ មានឋានានុក្រមរបស់គេ ស្តាប់បងរបស់គេណាស់ គេគ្មានមហិច្ឆតាដើម្បីធ្វើនាយករដ្ឋមន្ត្រីជំនួសបងរបស់គេ...!»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការហួសចិត្តយ៉ាងខ្លាំងចំពោះអ្នកវិភាគរត់ចោលស្រុកនេះថា មិននឹកស្មានថាបុគ្គលនេះអាចវិភាគរឿងគ្រួសាររបស់សម្តេចចេញទៅកើត ខណៈពីមុនបុគ្គលនេះវិភាគតែបញ្ហាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកវិភាគនៅក្រៅប្រទេសថា បើខ្លួនឯងមិនចេះគ្រប់គ្រងគ្រួសារទេ រហូតត្រឹមតែប្រពន្ធមួយលោកបានលែងលះគ្នា បែងចែកកូនគ្នានោះ ដូច្នេះ សូមកុំគិតថាគ្រួសារអ្នកផ្សេងមិនកើតដូចគ្រួសាររបស់ខ្លួនឱ្យសោះ៕