(ភ្នំពេញ)៖ អមជាមួយរូបភាពជាច្រើនសន្លឹក ពេលកំពុងចុះមើលស្រែស្រូវ របស់ប្រជាកសិករនៅទីជនបទ សម្តេចពញាចក្រី ហេង សំរិន ប្រ ធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានសរសេរបញ្ជាក់នៅលើ Facebook របស់សម្តេចថា សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាកង្វល់របស់គណបក្សប្រជាជនកម្ពុជា ហើយសម្តេចជំរុញឲ្យក្រុមការងារចុះតាមមូលដ្ឋាន ឲ្យបានជាប្រចាំ ដើម្បីបានជ្រាបពីទុក្ខកង្វល់របស់កសិករ។
សម្តេច ហេង សំរិន បានបញ្ជាក់ទៀតថា នយោបាយទឹក គឺជាបញ្ហាចម្បងសម្រាប់ប្រជាកសិករ ក្នុងការប្រកបរបរធ្វើស្រែចំការចិញ្ចឹមជីវិត ដូច ពាក្យខ្មែរពោលថា «ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ»។ សម្តេចបានបន្ថែមថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងចុះជាប្រចាំ ដើម្បីដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាទឹកសម្រាប់បង្កបង្កើនផលរបស់កសិករ។
ទន្ទឹមនេះ សម្តេចពញាចក្រី ហេង សំរិន បានអំពាវនាវដល់ក្រុមការងារចុះជួយមូលដ្ឋាន គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ដើម្បីបានជ្រាបពីទុក្ខកង្វល់ របស់ប្រជាកសិករ ក្នុងរដូវបង្កបង្កើនផល។
សម្តេច បានថ្លែងអំពាវនាវដូច្នេះ «ក្នុងនាមខ្ញុំជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមអំពាវនាវដល់សមាជិក សមាជិការគណបក្សទាំងអស់ ពិសេសក្រុមការងារចុះជួយមូលដ្ឋានបន្តយកចិត្តទុកដាក់ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋក្នុងរដូវវស្សានេះ ឲ្យបានជាប្រចាំ ដើម្បីដឹងពីទុក្ខកង្វល់ ការគំរាមគំហែង និង បញ្ហាប្រឈមនានា ក្នុងរដូវធ្វើស្រែចំការរបស់បងប្អូន»៕