(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ «រួមគ្នាថ្នាក់រដ្ឋរដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ» ក្របខណ្ឌក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនG20 ក្រោមមូលបទ «ស្តារឡើងវិញរួមគ្នា ស្តារឡើងវិញកាន់តែរឹងមាំជាងមុន»។
កិច្ចប្រជុំនេះបានធ្វើឡើងនៅខេត្តបាលី ប្រទេសឥណ្ឌូនេស៊ី។ ក្នុងកិច្ចប្រជុំដ៏សំខាន់ពាក់ព័ន្ធលើកិច្ចការការពារបរិស្ថាននេះ លោក អ៊ាង សុផល្លែត បានថ្លែងទៅកាន់កិច្ចប្រជុំថា ក្នុងនាមជាប្រទេសងាយរងគ្រោះដោយគ្រោះពីបរិស្ថានសកល កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការរួមចំណែកដល់សកម្មភាពឆ្លើយតបបរិស្ថាននេះ។
លោកបានគូសបញ្ជាក់ថា «ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក កម្ពុជាត្រូវបានស្តារឡើងវិញ នូវសន្តិភាព និងស្ថិរភាព ហើយកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស។ កម្ពុជាបានឆ្ពោះទៅរកដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ ជាមួយនឹងបំណងឈានទៅបរិបទប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងទសវត្សរ៍ខាងមុខ»។
លោក អ៊ាង សុផល្លែត បានគូសបញ្ជាទៅកាន់ក្រុមប្រទេសG20 ទៀតថា ផែនការការអភិវឌ្ឍន៍ដោយចីរភាព ភាពធន់ និងសេដ្ឋកិច្ចបៃតង បានក្លាយជាទិសដៅស្នូលក្នុងការដោះស្រាយបញ្ហាបរិស្ថាន និងយុទ្ធសាស្ត្រស្តារឡើងវិញ។ ផែនការទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចពីជំងឺរាតត្បាតកូវីដ-១៩ របស់កម្ពុជា។ កម្ពុជា បានចាប់ផ្តើមបើកសេដ្ឋកិច្ចឡើងវិញ ដោយធានាការអនុវត្តតាមរបៀបបង្កើតការងារសម្រាប់ក្រុមមនុស្សងាយរងគ្រោះ និងតម្រូវឱ្យពួកគាត់ងើបឡើងវិញពីស្ថានភាពដ៏លំបាកនេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានលើកឡើងទៀតថា ការសិក្សាថ្មីៗក្នុងវិស័យឧស្សាហកម្ម និងថាមពលក្នុងប្រទេសកម្ពុជាបានបង្ហាញថា បច្ចេកវិទ្យាបៃតងមាននិន្នាការបង្កើតឱ្យមានការរីកចម្រើន និងបង្កើតការងារច្រើនជាងបច្ចេកវិទ្យាបុរាណ ដូច្នេះការវិនិយោគលើបច្ចេកវិទ្យាបៃតង គឺជាវិធីដ៏ល្អមួយដើម្បីអនុវត្តកិច្ចការនេះ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីបរិស្ថាន និងព្រៃឈើ ឥណ្ឌូនេស៊ី ក្នុងនាមជាប្រទេសប្រធានប្តូរវេនក្រុមប្រទេសG20 សម្រាប់ឆ្នាំ២០២២ ដែលមានប្រតិភូចូលរួម រួមមានរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីនៃបណ្តាក្រុមប្រទេស G20 បណ្តាប្រទេសជាភ្ញៀវ ដែលក្នុងនោះមានកម្ពុជាផងដែរក្នុងនាមជាប្រធានផ្លាស់វេនអាស៊ាន និងអង្គការក្រោមឆ័ត្រអង្គការសហប្រជាជាតិមួយចំនួនទៀត៕