(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចាកចេញពីចម្ការ លោក ខឹម វាសនា នៅឯជើងភ្នំគូលែន ត្រឡប់ទៅផ្ទះដើម្បីប្រកបការងារចិញ្ចឹមជីវិតជាធម្មតាវិញ ដោយសារពេលនេះពុំបាតុភូតអ្វីកើតឡើងដូចការឃោសនាបែបសាសនាទេ ហើយអាជ្ញាធរក៏ត្រៀមរថយន្តដឹកជញ្ជូនពលរដ្ឋត្រឡប់ទៅវិញមិនគិតថ្លៃដែរ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ឥឡូវនេះមានក្រុមខ្លះចង់ចេញ តែត្រូវក្រុមការពាររប ស់គេរុញត្រឡប់ទៅវិញ អត់ឱ្យចេញ។ ប៉ុន្តែខ្ញុំក៏អំពាវនាវដល់ពលរដ្ឋនៅកន្លែងហ្នឹង នាំគ្នាដើរចេញមក ហើយនៅខាងក្រៅមានរថយន្តចាំដឹក មានបាយទទួលទាននៅខាងក្រៅ»។
រយៈពេលប្រមាណជាង១សប្តាហ៍មកហើយ ដែលមានការឃោសនាសាបព្រួសអបិយជំនឿរបស់ លោក ខឹម វាសនា ទៅដល់អ្នកគាំទ្រថា អំឡុងចុងខែសីហា ឬឆាប់ៗនេះ នឹងមានទឹកជំនន់លិចពិភពលោក រួមទាំងកម្ពុជាផងដែរ លើកលែងតែភ្នំគូលែនប៉ុណ្ណោះ។ លោកបានអំពាវនាវឱ្យសកម្មជនខ្លួន ចាកចោលផ្ទះសម្បែង និងការងារទៅកាន់ភ្នំគូលែន ដើម្បីរក្សាសុវត្ថិភាព ដែលក្នុងនោះក៏មានពលករខ្មែរមួយចំនួន មកពីប្រទេសកូរ៉េ ជប៉ុន និងប្រទេសថៃជាដើម។
បើតាមរបាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន រហូតដល់ពេលនេះ មានពលរដ្ឋប្រមាណ២ម៉ឺននាក់ បានលង់ជឿហើយនាំគ្នាទៅប្រមូលផ្តុំនៅដីចម្ការរបស់ លោក ខឹម វាសនា។
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យ លោក ខឹម វាសនា បញ្ចប់សកម្មភាពនេះដោយខ្លួនឯង ដោយសារតែគ្មានទឹកជំនន់លិចពិភពលោក ដូចការលើកឡើងនោះឡើយ។ សម្តេចបញ្ជាក់ថា «ឯកឧត្តម ខឹម វាសនា ឬប្អូន ខឹម វាសនា សូមបញ្ចប់ទៅ ហើយសូមកុំបង្ខាំងប្រជាពលរដ្ឋ នៅក្នុងនោះតើបង្ខាំងបានប៉ុន្មានថ្ងៃ? បើនៅខាងក្រៅ វាអត់កើតអីនេះ អញ្ចឹងសូមឱ្យព្រលែងប្រជាជន ជូនប្រជាជនត្រឡប់មកផ្ទះវិញ»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យកល្អលោក ខឹម វាសនា គួរប្រាប់ពលរដ្ឋវិញថា «គ្មានរឿងអីកើតឡើងទេ» ឬលោកអាចថា អ្នកដែលចង់បន្តនៅស្តាប់អាចនៅបាន ឯនរណាមិនចង់ស្តាប់ទៅផ្ទះចុះ។
សម្តេចតេជោ ក៏ស្នើឱ្យអ្នកវិភាគដែលវាយតម្លៃពីខាងក្រៅ សូមកុំចូលអន្ទាក់ ខឹម វាសនាឱ្យសោះ។ សម្តេចបានលើកឡើងថា លោក ខឹម វាសនា អាចបង្កើនការជេរសម្តេចថែមទៀត ដើម្បីបំផុសកំហឹងអ្នកគាំទ្រសម្តេច។ មិនត្រឹមតែ មិនមានវិធានការប្រើប្រាស់កម្លាំងបង្ក្រាបការប្រមូលផ្តុំនេះទេ សម្តេចថែមទាំងហាមមេធាវីសម្តេចមិនឱ្យរៀបចំឯកសារប្តឹង លោក ខឹម វាសនា ផងដែរ៕