(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានអំពាវនាវដល់គ្រួសារ ដែលទាស់ទែងគ្នាចាញ់បោក លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវចេញអាធ្យាស្រ័យឱ្យគ្នា ហើយត្រូវរ៉ូវ រស់នៅជាមួយគ្នាវិញដូចធម្មតា។

ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកជិតខាង កុំមានការរើសអើងចំពោះអ្នកដែលចាញ់បោកលោក ខឹម វាសនា ពេលពួកគាត់ត្រឡប់ទៅផ្ទះវិញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអភិបាលខេត្តសៀមរាប លោក ទៀ សីហា រៀបចំរថយន្តរបស់យោធភូមិភាគទី៤ និងកងពលធំលេខ២ ជួយដឹកអ្នកគាំទ្រលោក ខឹម វាសនា ដែលគ្មានមធ្យោបាយធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ហើយត្រូវរៀបចំបាយទឹកជូនពួកគាត់ផងដែរ។

ការថ្លែងរបស់សម្តេចតេជោ អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត គឺស្ពានអាកាសព្រះមុនីវង្ស ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ និងស្ពានអាកាសគង់ សំអុល ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលមានតម្លៃសរុបជាង៤៦លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវបញ្ហាបែកបាក់ក្នុងគ្រួសារទៀត ប្តីទៅប្រពន្ធអត់ទៅ ប្រពន្ធទៅប្តីអត់ទៅ កូនទៅចោលឪពុកម្តាយ។ ខ្ញុំសូមអំពាវនាវ សុំឲ្យក្រុមគ្រួសារទាំងឡាយ ដែលមានការខ្វែងគំនិតគ្នាខ្លះទៅខ្លះមិនទៅ បែកបាក់គ្រួសារ សុំឲ្យរួបរួមគ្រួសារវិញ ធ្វើម៉េចបានជាជ្រុលជឿហួស ត្រឡប់មកវិញ យើងជាប្តីប្រពន្ធ យើងជាសាច់ញាតិ យើងនៅជាមួយគ្នាវិញ។ អ្នកនៅមូលដ្ឋាននានាកុំរើសអើង ចំពោះអ្នកដែលចាញ់បោកគេនេះ រាប់អានធ្វើដូចគ្នារឿងអីកើនឡើង គាត់ជឿ ជំនឿរបស់គាត់ខុស ប៉ុន្តែយើងត្រូវតែមានការសណ្តោស»

សម្តេចបានថ្លែងទៀតថា «ក្រៅពីនោះ ខ្ញុំបានប្រាប់ទៅអភិបាលខេត្តសៀមរាប សូមឲ្យរៀបចំមធ្យោបាយដឹកជញ្ជូន សម្រាប់អ្នកដែលគ្មានមធ្យោបាយធ្វើដំណើរទៅផ្ទះ ដោយប្រើប្រាស់រថយន្តយោធភូមិភាគទី៤ និងកងពលធំលេខ២ តែម្តង ដូចដែលយើងធ្លាប់ដឹកពលករមកពីប្រទេសថៃទៅតាមមូលដ្ឋាន។ ឥឡូវពេលមកគាត់ជិះឡានមក ត្រឡប់ទៅវិញក្នុងករណីគាត់អត់មានលុយជិះឡាន តើឲ្យគាត់ទៅណា? គាត់ដើរម៉េចកើត យើងអាចប្រើប្រាស់មធ្យោបាយដឹកជញ្ជូនចេញ ដែលអ្នកមកមាន១៩ខេត្ត តែខេត្តដែលមានចំនួនច្រើន នៅសៀមរាប បាត់ដំបង កំពង់ធំ បន្ទាយមានជ័យ ហើយក្នុងពេលដែលដឹកទៅត្រូវមានបាយ មានទឹកឲ្យគាត់ទទួលទានផង នាំគ្នាចំណាយទៅ»

សូមបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រកាសកៀរគរសមាជិក សមាជិការបស់ខ្លួនពីតាមបណ្តាខេត្តនានា ទៅប្រមូលផ្តុំ និងជួបជុំគ្នានៅដីចម្ការរបស់ខ្លួនក្នុងភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន ក្រោមហេតុផលស្តាប់ធម៌ និងគេចចេញពីគ្រោះមហន្តរាយធម្មជាតិមានរញ្ជួយដី និងទឹកជំនន់លិចពិភពលោកជាដើម។ ទិន្នន័យប៉ាន់ប្រមាណដោយអាជ្ញាធរ បានរកឃើញថា មានការប្រមូលផ្តុំ និងជួបជុំនោះ មានសមាជិករហូតដល់ទៅជិត ២ម៉ឺននាក់។

អាជ្ញាធរបានសម្រេចបិទទីតាំងប្រមូលផ្ដុំរបស់ លោក ខឹម វាសនា ចាប់ពីម៉ោង១២យប់ឈានចូលថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២។ ប្រជាពលរដ្ឋអាចេញពីទីតាំងប្រមូលផ្តុំបាន តែមិនចូលបានទេ។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ដែលប្រកាន់គោលការណ៍ប្រាកដនិយម បានចាត់ទុកថា ករណីនេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ រួមទាំងពលករនៅក្រៅប្រទេសផងដែរ បានចាញ់បោកធ្ងន់ធ្ងរ ដោយបានខាតបង់ពេលវេលា ការងារ និងប្រាក់កាក រួមទាំងបែកបាក់គ្រួសារផងដែរ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គោលបំណងរបស់លោក ខឹម វាសនា ធ្វើចង់ចាប់បង្ខំឱ្យរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់កម្លាំងបង្ក្រាបការប្រមូលផ្តុំរបស់ពួកគេ។ ទោះជាយ៉ាងនេះក្តី សម្តេចបានស្នើអាជ្ញាធរ និងសមត្ថកិច្ច កុំឱ្យធ្លាក់ចូលអន្ទាក់នេះឱ្យសោះ។ ទោះជាយ៉ាងណា សម្តេចបានមើលឃើញថា អ្វីដែល លោក ខឹម វាសនា យកមកធ្វើនយោបាយនាពេលនេះ នឹងធ្វើឱ្យអ្នកគាំទ្រគាត់បាត់ជំនឿតែម្តង៕