(ភ្នំពេញ)៖ Gong Cha Tea and coffee ដែលជាភេស្ជជៈ ដ៏ល្បីឈ្មោះដែលមានមូលដ្ឋានមកពីតែវ៉ាន់ បានសម្រេចដកខ្លួនចេញកម្ពុជា បិទទ្វារជាផ្លូវការហើយ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ ហើយបុគ្គលិកដែលបំរើការងារទាំង៥សាខាត្រូវ បង្វែលទៅធ្វើការជា បុគ្គលិករបស់ Brown coffee វិញ។
Gong Cha ហាងតែ និងកាហ្វេ ដែលមានថៅកែម្ចាស់ Brown coffee គឺ លោក ចាង ប៊ុនលាង ទិញសិទ្ធិមកពីបរទេស។
យោងតាមគេហទំព័រ Facebook page ផ្លូវការរបស់ Gong Cha Tea and coffee បានបញ្ជាក់យ៉ាងច្បាស់ថា បុគ្គលិក Gong Cha ទាំងះអស់បានក្លាយទៅជាបុគ្គលិកពេញសិទ្ធិនៅ Brown coffee ហើយពួកគាត់នឹងផ្តល់ស្នាមញញឹម និងសេវាកម្មយ៉ាងល្អជូនបងប្អូន ប្រជាពលរដ្ឋ នៅសាខា Brown coffee ទាំង១១សាខា។ ជាមួយគ្នានេះដែរ Gong Cha ក៏បានប្រកាសទៅដល់សាធារណជន ដែលប្រើប្រាស់ Tea card អាចយកទៅប្តូរ Brown card ដោយឥតគិតថ្លៃ។
លោក ចាង ប៊ុនលាង ថៅកែហាងតែ និងកាហ្វេ Gong Cha បានថ្លែងប្រាប់ Fresh News នៅថ្ងៃទី១ ខែមិថុនានេះ ការបិទ Gong Cha នេះ គឺដោយសារក្រុមការងាររបស់លោក ចង់ផ្តោតពេលវេលា ទៅពង្រឹងអាជីវកម្ម Brand របស់កម្ពុជា ដែលមានស្រាប់ ជាជាងនាំយក Brand បរទេសមកកម្ពុជា ហើយលោក និងក្រុមការងារឈប់នាំយក Brand បរទេសមកកម្ពុជាទៀតហើយ។
លោកបញ្ជាក់ទៀតថា ក្នុងឆ្នាំនេះ Brown Coffee នឹងបើកសាខាចំនួន៣ទីតាំងទៀត ដែល២ទីតាំងនៅភ្នំពេញ និងមួយទៀតនៅ សៀមរាប។ បុគ្គលិកដែលធ្លាប់បម្រើការងារនៅ Gong Cha ទាំង៥ទីតាំងមានចំនួនជាង៤០នាក់ នឹងត្រូវទៅបម្រើការងារនៅ Brown Coffee ទាំងអស់។
សូមជម្រាបថា Gong Cha ជាម៉ាកយីហោរបស់ប្រទេសតៃវ៉ាន់ ដែលស្ថាបនិក ហាងកាហ្វេ Brown បានទិញសិទ្ធិអាជីវកម្មមកលក់បន្ត (Franchise) ដោយដំណើរការនៅកម្ពុជា ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ និងបានពង្រឹកខ្លួនបាន៥សាខា។ ប៉ុន្តែអាជីវកម្មនេះមិនបាន ជោគជ័យដូច Brown Coffee ឡើយ៕