(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលាតត្រដាងអំពីគោលបំណងរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលចង់ចាប់បង្ខំឱ្យរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់កម្លាំងបង្ក្រាបការប្រមូលផ្តុំរបស់ពួកគេ។ ទោះជាយ៉ាងនេះក្តី សម្តេចបានស្នើអាជ្ញាធរ និងសមត្ថកិច្ច កុំឱ្យធ្លាក់ចូលអន្ទាក់នេះឱ្យសោះ។

ការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ដែលជាការឆ្លើយតបចំពោះ លោក ខឹម វាសនា ដែលបានជេរប្រមាថ សម្តេចដោយប្រើប្រាស់ពាក្យអសុរសធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ មុនឱសានវាទនៃការឱ្យប្រមូលផ្តុំ នៅដីចម្ការរបស់លោក ឯជើងភ្នំគូលែន ស្រុកបន្ទាយស្រី ផុតកំណត់កំណត់ត្រឹមម៉ោង១២យប់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំបានចេញបទបញ្ជាថា អ្វីដែល លោក ខឹម វាសនា ចង់បាន នោះគឺចាប់បង្ខំឱ្យរាជរដ្ឋាភិបាលប្រើប្រាស់កម្លាំង គឺផ្ទេរពីអបិយជំនឿ ទៅកាន់នយោបាយតែម្តង សូមកុំចូលអន្ទាក់របស់ ខឹម វាសនា ឱ្យសោះ»

រយៈពេលប្រមាណជាង១សប្តាហ៍មកហើយ ដែលមានការឃោសនាសាបព្រួសអបិយជំនឿរបស់ លោក ខឹម វាសនា ទៅដល់អ្នកគាំទ្រថា អំឡុងចុងខែសីហា ឬឆាប់ៗនេះ នឹងមានទឹកជំនន់លិចពិភពលោក រួមទាំងកម្ពុជាផងដែរ លើកលែងតែភ្នំគូលែនប៉ុណ្ណោះ។ លោកបានអំពាវនាវឱ្យសកម្មជនខ្លួន ចាកចោលផ្ទះសម្បែង និងការងារទៅកាន់ភ្នំគូលែន ដើម្បីរក្សាសុវត្ថិភាព ដែលក្នុងនោះក៏មានពលករខ្មែរមួយចំនួន មកពីប្រទេសកូរ៉េ ជប៉ុន និងប្រទេសថៃជាដើម។

សម្តេចតេជោ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ដែលប្រកាន់គោលការណ៍ប្រាកដនិយម បានចាត់ទុកថា ករណីនេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ រួមទាំងពលករនៅក្រៅប្រទេសផងដែរបានចាញ់បោកធ្ងន់ធ្ងរ ដោយបានខាតបង់ពេលវេលា ការងារ និងប្រាក់កាក រួមទាំងបែកបាក់គ្រួសារផងដែរ។

ទោះបីជាទទួលរងនូវការជេរប្រមាថពីសំណាក់ លោក ខឹម វាសនា រហូតធ្វើឱ្យអ្នកគាំទ្រសម្តេចជាច្រើនបានខឹងសម្បារ ហើយស្នើឱ្យសម្តេចមានវិធានការបង្ក្រាបចំពោះ លោក ខឹម វាសនា ក៏ដោយក៏សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅអ្នកគាំទ្រឱ្យមានការអត់ធ្មត់ ដោយលើកឡើងថា «ត្រូវតែទ្រាំ ទ្រាំមិនបានក៏ត្រូវតែទ្រាំដែរ អ្វីដែល លោក ខឹម វាសនា ចង់បាន គឺចង់ឱ្យរដ្ឋាភិបាល ប្រើប្រាស់កម្លាំងដើម្បីចាប់គាត់ភ្លាម បើសិនជាយើងធ្វើអញ្ចឹង គឺចូលអន្ទាក់របស់ ខឹម វាសនា យ៉ាងពិតប្រាកដ»

សម្តេចបានបន្តថា «ធ្វើនយោបាយ ត្រូវមើលព្រៃទាំងមូល កុំមើលឈើមួយដើមៗឱ្យសោះ នោះហើយជាការគិតរបស់ ហ៊ុន សែន»។ សម្តេចបានរម្លឹកថា លោក ខឹម វាសនា ទើបនឹងជេរសម្តេចម្សិលមិញប៉ុណ្ណោះ ខណៈកន្លងមក សម្តេច និង លោក ខឹម វាសនា មិនដែលវាយប្រហារគ្នានោះទេ រហូតធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមថា ព្រឹត្តិការណ៍របស់ លោក ខឹម វាសនា ត្រូវបានបង្កើតឡើងដោយសម្តេចទៀតផង ដើម្បីបំបាត់ព័ត៌មានទស្សនកិច្ច លោក ហ៊ុន ម៉ាណែត ទៅវៀតណាម និងព្រឹត្តិការណ៍ភ្នំតាម៉ៅ។

សម្តេចបានអះអាងថា សម្តេចមិនហ៊ានសន្និដ្ឋានថា លោក ខឹម វាសនា មានបញ្ហាសតិនោះទេ ដោយសារសម្តេចមិនមែនជា «ពេទ្យឆ្គួត»។ សម្តេចបានបញ្ជាក់បន្តថា «ប៉ុន្តែ ខឹម វាសនា ហោចណាស់ គាត់អត់បានអំពាវនាវឱ្យមនុស្សផ្តួលរំលំរាជរដ្ឋាភិបាល គាត់អត់អំពាវនាវឱ្យប្រជាពលរដ្ឋងើបបះបោឡើងផ្តួលរំលំរាជរដ្ឋាភិបាល ដូចអ្នកដទៃទេ គាត់អត់បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ផ្ទេរចុងកាណុងមកបំផ្លាញរដ្ឋាភិបាល គាត់អត់បានអំពាវនាវឱ្យបរទេសកាត់ជំនួយពីស្រុកខ្មែរទេ ខុសពីអ្នកដទៃ គាត់ត្រឹមតែមានអបិយជំនឿរបស់គាត់ថា ពិភពលោកនឹង លិចលង់ស្លាប់អស់ នៅសល់តែកន្លែងគាត់ហ្នឹង»

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការសន្និដ្ឋានថា លោក ខឹម វាសនា «សរសៃប្រសាទ ឬមិនគ្រប់ទឹក» គឺជារឿងប្រមាថមួយ។ ទោះជាយ៉ាងណា សម្តេចបានមើលឃើញថា អ្វីដែល លោក ខឹម វាសនា យកមកធ្វើនយោបាយនាពេលនេះ នឹងធ្វើឱ្យអ្នកគាំទ្រគាត់បាត់ជំនឿតែម្តង។

សម្តេចបញ្ជាក់ថា៖ «មួយចាននេះគាត់លេងដោយយករឿងរ៉ាវ អបិយជំនឿយកមកដាក់បែបនេះ គាត់នឹងចាញ់ នោះប្រសិនបើអត់មានអ្វីកើតឡើងដូចគាត់គិត គាត់និយាយថា "ពិភពលោកនឹងស្លាប់ ដោយសារស៊ូណាមិ ដោយសាររញ្ជួយដី ដោយសារស្អីៗ" វាអត់កើតដូចអញ្ចឹងមែន គឺបានសេចក្តីថា មនុស្សដែលធ្លាប់ជឿ ឬនៅមានសមានចិត្តខ្លះជាមួយខឹម វាសនា ឬអ្នកដែលជឿខឹមវាសនា អាចនឹងត្រូវចប់ ព្រោះ គាត់និយាយអត់ពិត»

សម្តេចបញ្ជាក់ទៀតថា ក្រៅពី លោក ខឹម វាសនា ការជេរប្រមាថនេះ អាចធ្វើឡើងដោយ Admin ដោយសារការសរសេរនេះ មានការកែចុះឡើង ដើម្បីញុះ ដោយផ្ទេរពីអបិយជំនឿ ទៅជានយោបាយតែម្តង។

តែទោះជាយ៉ាងណា សម្តេចបានបញ្ជាក់អំពីវិធានការបិទចម្ការរបស់ លោក ខឹម វាសនា ដែលអាចចេញបានតែចូលមិនបាន។ សម្តេចថា «ព្រោះនៅទីនេះចេញបានតែចូលមិនបាន នេះជាបទបញ្ជាសម្រាប់ការអនុវត្ត របស់អាជ្ញាធរនៅទីនោះ ចេញបានតែចូលមិនបាន អញ្ចឹងតើអាចរស់បានប៉ុន្មានថ្ងៃទៀត ព្រឹកនេះបានដឹងហើយថា មានអ្នកចង់ចេញ ប៉ុន្តែមនុស្សជំនិតរបស់ ខឹម វាសនា បានហាមឃាត់គេ មិនឱ្យចេញ ក៏ប៉ុន្តែខ្ញុំចង់តាំងជាសំណួរថា មានស្បៀងចំនួនប៉ុន្មានសម្រាប់ការតាំងនៅដីនោះ មានទឹកគ្រប់គ្រាន់ទេ មានបង្គន់គ្រប់គ្រាន់ទេ ហើយបើសិនជាឈឺមានពេទ្យគ្រប់គ្រាន់ទេ ជាពិសេសសម័យនេះកូវីដថែមទៀត»