(កណ្តាល)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកិនម្តាយ និងកូនតូចអាយុ១១ខែ បានស្លាប់យ៉ាងវេទនា មកទល់ពេលនេះភាគីបង្ក មិនទាន់ចូលខ្លួនមកដោះស្រាយ ជាមួយគ្រួសារជនរងគ្រោះនៅឡើយទេ ដែលគិតមកទល់ពេលនេះ មានរយៈពេលជិត២ខែហើយ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦កន្លងទៅ ស្ថិតនៅលើស្ពានព្រែកក្ដាម ក្នុងភូមិព្រែកក្ដាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-3508 ជារថយន្តដឹកទំនិញរបស់ ក្រុមហ៊ុន «ស វឿន» ជាមួយម៉ូតូ Honda Dream C125 ពាក់ស្លាកលេខ1AA-5073។ ចំណែកអ្នកបើកបរឈ្មោះ សែត សុផាត មានទីលំនៅក្រុម៩ ភូមិ៣ សង្កាត៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងម្ចាស់រថយន្តបង្ក ឈ្មោះ ជា ដាណេ ភេទស្រី មានលំដ្ឋាន ផ្ទះលេខ៣៦៧C ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយឡែក ជនរងគ្រោះមានទីលំនៅខេត្តព្រៃវែង ឈ្មោះ ញឹក គុណ ភេទប្រុស អាយុ២៩ឆ្នាំ របួសស្រាល ប្រពន្ធឈ្មោះ មូល ពៅ ហៅឈូកនី អាយុ៣៥ឆ្នាំ និងកូនតូច១១ខែ ឈ្មោះ ផាន ថាន នុន ភេទប្រុស ស្លាប់នៅកន្លែងកើតហេតុ។
បុរសជាប្តី និងជាឪពុករបស់ជនរងគ្រោះទាំង២នាក់ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ បានធ្វើដំណើរមកកាន់ការិយាល័យអង្គភាព Fresh News ដើម្បីសុំឲ្យជួយចុះផ្សាយដឹងដល់ថ្នាក់លើផង ពីព្រោះជិត២ខែ ពន្លឺយុត្តិធម៌មិនទាន់ទទួលបាននោះទេ ទាំងសមត្ថកិច្ច និងមន្រ្តីតុលាការខេត្តកណ្តាល មិនបានដោះស្រាយឲ្យនោះទេ។ បុរសជាប្តីរូបនេះ សូមអំពាវនាវដល់ថ្នាក់ដឹកនាំនិងមន្រ្តីពាក់ព័ន្ធមេត្តា ជួយបង្កើនល្បឿន សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះផង ពីព្រោះខ្លួនបាត់បង់ប្រពន្ធ និងកូនប្រុសស្រឡាញ់ស្មើជីវិត ប៉ុន្តែទីបំផុត ត្រឹមសំណងមួយរៀល រហូតមកដល់ពេលនេះ នៅមិនទាន់ទទួលបាននោះទេ។
គួរកត់សម្គាល់ថា សម្រាប់សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នីមួយៗ គឺការដោះស្រាយទាំងក្នុងដៃសមត្ថកិច្ច ជាពិសេសក្នុងដៃតុលាការ នោះគឺមានភាពយឺតយ៉ាងខ្លាំង ដែលរឿងខ្លះ ជនរងគ្រោះត្រូវរង់ចាំអស់រយះពេលរាប់ឆ្នាំ រាប់ខែ ប៉ុន្តែសំណងមួយសេននៅតែមិនបាន ហើយសម្រាប់វត្ថុតាងវិញ ទាំងរថយន្ត និងម៉ូតូត្រូវទុកចោលនៅក្នុងកន្លែងសមត្ថកិច្ចស្ទើក្លាយជាផេះទៅហើយ ដូច្នេះគួរណាស់មន្រ្តី ពាក់ព័ន្ធជួយពន្លឿនសម្រាប់សំណុំរឿង ទាំងនេះផង ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះទាំងឡាយ៕