(ភ្នំពេញ)៖ លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួបជាមួយ រដ្ឋមន្រ្តី ក្រសួងការពារ ជាតិវៀតណាមនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦នេះថា ទំនាស់ព្រំដែនរវាងកម្ពុជា-វៀតណាម គឺបានដោះស្រាយបញ្ចប់ជាបន្តបន្ទាប់ ហើយ នៅសេសសល់តែតិចតួចប៉ុណ្ណោះ។ លោកបន្តថា ទំនាស់ព្រំដែនកម្ពុជា-វៀតណាម គឺជារឿងប្រវត្តិសាស្រ្ត ដែលកើតឡើង តាំងពី យូរយារណាស់មកហើយ ហើយក៏មិនមែនជារឿងថ្មីដែរ។
លោក ទៀ បាញ់ បានបញ្ជាក់ប្រាប់ឲ្យដឹងថា «ទំនាស់ព្រំដែនរវាងកម្ពុជា-វៀតណាម កើតតាំងពីខ្ញុំមិនទាន់កើត រហួតមកដល់ពេលនេះ នៅតែ មានបញ្ហារឿងនេះ មិនមែនជារឿងថ្មីទេ កន្លងមកកម្ពុជាបានព្យាយាមដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមជាបន្តបន្ទាប់ ហើយ មកដល់ពេលនេះ គឺនៅសល់តែតិចតួចប៉ុណ្ណោះ នៅមិនទាន់អាចបញ្ចប់បាន។ វាជារឿងធម្មតាទេ ដោយសារតែ កម្ពុជា និងវៀតណាម មានព្រំប្រទល់ជាប់គ្នា យ៉ាងនេះហើយ គឺជៀសមិនផុតទេ ដែលមានករណីប៉ះពៀរគ្នានោះ»។
លោក ទៀ បាញ់ បានបន្តទៀតថា ចំពោះទំនាស់ព្រំដែនកម្ពុជា-វៀតណាម កន្លងមក ក៏មានការរិះគន់ ពីសំណាក់សាធារណជន និងវិភាគ ផងដែរ តែជាការរិះគន់ដែលកើតចេញ ពីទស្សនផ្ទាល់ខ្លួនរបស់ពួកគាត់។ លោក ទៀ បាញ់ ប្រាប់ឲ្យដឹងថា ទន្ទឹមនឹងមានអ្នករិះគន់ឍ ក៏មាន អ្នកវិភាគ និងសាធារណជនមួយចំនួនទៀត លើកឡើង ជុំវិញទំនាស់ព្រំដែនរវាងកម្ពុជា-វៀតណាម ដោយមានមូលដ្ឋានច្បាស់លាស់ ផងដែរ។
គួរបញ្ជាក់ថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៥ ទំនាស់ព្រំដែនកម្ពុជា-វៀតណាម បានកក្រើកជាថ្មី ដោយសារតែ ភាគីវៀតណាម នៅតែ គឃ្លើនឈ្លានពាន អធិបតេយ្យភាពកម្ពុជា។ ទំនាស់នេះ បានឈានទៅដល់ការបង្កើត គណៈកម្មាធិការចម្រុះកិច្ចការ ព្រំដែន កម្ពុជា -វៀតណាម ហើយរីករាលដាល រហូតដល់មាន ការខ្ចីផែនទី ពីប្រទេសមហាអំណាចមួយចំនួន ដើម្បីយកមក ផ្ទៀងផ្ទាត់ផែនទីកម្ពុជា ជាមួយ វៀតណាម ជាបន្តបន្ទាប់ផងដែរ។ ក្រោយពីការផ្ទៀងផ្ទាត់ផែនទី ចប់សព្វគ្រប់ ទំនាស់ព្រំដែនកម្ពុជា-វៀតណាម បានស្ងប់ស្ងាត់មួយរយៈ តែគ្មានដំណឹងថាទំនាស់នេះ បានបញ្ចប់ជាស្ថាពរនៅឡើយទេ៕