(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង បានប្រកាសចាប់ផ្តើមយុទ្ធនាការរយៈពេល ២០០ថ្ងៃរបស់ខ្លួនហើយ នៅក្នុងការប្តេជ្ញាជំរុញកំណើនសេដ្ឋកិច្ច បែបមហាលោតផ្លោះ ដែលស្ថិតក្នុងគោលដៅកំណត់ថ្មីចំនួន ៥ឆ្នាំ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នារសៀលថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០១៦។
អំឡុងពេលនៃយុទ្ធនាការខាងលើនេះ ប្រជាជនកូរ៉េខាងជើង ដែលត្រូវបានចាត់ចូលជាអ្នកចូលរួមសកម្ម ត្រូវតែបង្ហាញពីភាពស្វិតស្វាញក្នុងការងារ ដើម្បីបម្រើវិស័យសេដ្ឋកិច្ច និងផលិតកម្មរបស់រដ្ឋប្រកប ដោយកាយវិការស្មោះស្ម័គ្រជាទីបំផុត។ ប៉ុន្តែក្រុមអ្នកវិភាគបានលើកឡើងថា ការដែលបង្កើនពេលវេលា ជំរុញល្បឿនសេដ្ឋកិច្ចយូរជាងមុននេះ (លើកមុន ៧០ថ្ងៃ) ទំនងជាមិនមានអ្វីអាចកែប្រែច្រើននោះ ឡើយសម្រាប់ប្រទេសដែលមានទីផ្សារ រឹតត្បិតបំផុតលើលោកមួយនេះ។
គួរបញ្ជាក់ថា វាជាផែនការដំបូងហើយសម្រាប់កូរ៉េខាងជើងក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ប៉ុន្តែវាទំនង ជាមិនសំដៅទៅតែមហិច្ឆតា ចង់ឲ្យគ្រប់កម្លាំងចលករសេដ្ឋកិច្ចមានការជំរុញល្បឿនប៉ុណ្ណោះទេ តែវាក៏ស្តែងចេញពីចេតនារបស់កូរ៉េខាងជើង ក្នុងទទួលបានលទ្ធផលពីវិស័យថាមពលផងដែរ។ វាក៏ ត្រូវបានចាត់ទុកជាមធ្យោបាយ ដោះស្រាយបញ្ហាចំពោះមុខ គឺទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរពីអន្តរជាតិ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានធ្វើតេស្តនុយក្លេអ៊ែរលើទី០៤ កាលពីខែមករា៕