(ភ្នំពេញ)៖ ក្រសួងសុខភិបាល នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផល NSP OXYMETAZOLINE NASAL SPRAY ព្រោះគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ ពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ NSP Italy កំពុងផ្សព្វផ្សាយ លក់ផលិតផល NSPOXYMETAZOLINE NASAL SPRAY គ្មានលេខបញ្ញិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល ហើយតម្រូវឱ្យលក់នៅក្នុងឱសថស្ថានស្របច្បាប់។ ក្នុងន័យនេះក្រសួងសុខាភិបាលតម្រូវឱ្យម្ចាស់គណនីហ្វេសប៊ុកខាងលើ
រួមទាំងបុគ្គលពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់ការលក់ផលិតផលខាងលើជាបន្ទាន់។

ដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់ បណ្តាលពីការប្រើប្រាស់ផលិតផលខាងលើនេះ ក៏ដូចជាការពន្យារពេលវេលា ក្នុងការព្យាបាលត្រឹមត្រូវ និងខាតបង់ប្រាក់កាស របស់ប្រជាពលរដ្ឋ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវទិញ និងប្រើប្រាស់ឱសថគ្រប់ប្រភេទ ដែលលក់តាមប្រព័ន្ធអនឡាញឡើយ ព្រោះផលិតផលទាំងនេះ ភាគច្រើនជាផលិតផលខុសច្បាប់ ហើយអាចជាផលិតផលក្លែងក្លាយទៀតផង៕