(ភ្នំពេញ)៖ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសមាជិកសភាអាមេរិក។

គណៈប្រតិភូសមាជិកសភាអាមេរិករួមមាន៖ លោក Ron Estes សមាជិកសភា ប្រចាំរដ្ឋ Kanas, លោកស្រី Beth Van Duyne សមាជិកសភា ប្រចាំរដ្ឋ Texas, លោកស្រី Carol Miller សមាជិកសភា ប្រចាំរដ្ឋ West Virginia និងលោក Steve Cohen សមាជិកសភា ប្រចាំរដ្ឋ Tennessee ព្រមទាំងសហការីអមដំណើរ ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងក្របខណ្ឌ នៃកម្មវិធីផ្លាស់ប្តូរការអប់រំ និងវប្បធម៌ រវាងសហរដ្ឋអាមេរិក-កម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

ក្នុងនាមលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ សមាជិកសភាអាមេរិក និងសហការី ដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចការងារ នៅកម្ពុជានាពេលនេះ និងសូមជូនពរដល់គណៈប្រតិភូ សូមសម្រេចបានជោគជ័យ និងសូមទទួលបានភាពរីករាយ នៅក្នុងឱកាសស្នាក់នៅកម្ពុជា។

ក្នុងឱកាសនោះ ក្នុងនាមគណៈប្រតិភូសភាអាមេរិក លោក Ron Estes សមាជិក សភាប្រចាំរដ្ឋ Kanas បានគូសរំលេច អំពីសារៈសំខាន់ នៃការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែប្រសើរឡើង ពិសេសលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីរួមគ្នាស្វែងរក និងកំណត់នូវកាលានុវត្តភាព និងសក្តានុពលនានានៅក្នុងភាពជាដៃគូនេះ ដើម្បីផលប្រយោជន៍ទៅវិញ ទៅមករវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូសភាអាមេរិកឱ្យបានជ្រាប អំពីទុក្ខវេទា និងភាពខ្ទេចខ្ទាំ ដែលកម្ពុជាបានទទួលរង ពីអតីកាល និងអំពីដំណើរឈានឡើងរបស់កម្ពុជា ដែលបានខិតខំប្រឹងប្រែង ងើបរស់រានឡើងវិញ ជាប្រជាជាតិមួយ ហើយបានស្តារ និងកសាងប្រទេសនេះ តាំងពីបាតដៃទទេ រហូតទទួលបាននូវការអភិវឌ្ឍ រីកចម្រើន ជាបន្តបន្ទាប់ដូចសព្វថ្ងៃ។ ក៏ប៉ុន្តែបើគិតអំពីដំណើការ រកសាងប្រទេសមួយ កម្ពុជានៅជាប្រទេស ក្មេងខ្ចីមួយនៅឡើយ ព្រោះកម្ពុជាទើបតែទទួលបានសន្តិភាពពេញលេញជាង ២ទសវត្សប៉ុណ្ណោះ។ តែទោះជាយ៉ាងនេះក្តី កម្ពុជាបានខិតខំសម្រេច បានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រមាណ៧% ជាមធ្យមក្នុងមួយឆ្នាំ សម្រាប់ជាង២០ឆ្នាំចុងក្រោយនេះ ហើយអាចកាត់បន្ថយ អត្រាភាពក្រីក្រពី ៥៤% មកនៅត្រឹម១៤%។ យើងបានរំពឹងថា សមិទ្ធផលទាំងនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់នាំនាវាកម្ពុជា ឆ្ពោះទៅរកដំណាក់កាលថ្មីនៃការអភិវឌ្ឍ រីកចម្រើនបន្តតទៅមុខទៀត។

លោកបានបន្តថា ក៏ប៉ុន្តែដំណើរឈានឡើងរបស់កម្ពុជា ពិសេសការបន្តរក្សាបាននូវកំណើន សេដ្ឋកិច្ចខ្ពស់នេះ ត្រូវបានបន្ទច់បង្អាក់ទៅវិញ ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩ កាលដើមឆ្នាំ២០២០កន្លងមក។ ពិតណាស់ថា ទោះបីកម្ពុជា ទទួលបាននូវជោគជ័យដ៏ធំធេង នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិត និងលំនឹងជីវភាពប្រជាជន ហើយបានបើកប្រទេសលើគ្រប់វិស័យ ដើម្បីស្តារនិង ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្តី ប៉ុន្តែការមកដល់ នៃ វិបត្តិជាបន្តបន្ទាប់ផ្សេងៗទៀត ដូចជា ការកើនឡើងខ្ពស់ នៃអត្រាអតិផរណា និងអត្រាការប្រាក់, ការថមថយសេដ្ឋកិច្ច នៅប្រទេសអភិវឌ្ឍ និងប្រទេសចិន និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ព្រមទាំងបញ្ហាភូមិសាស្រ្តនយោបាយក្នុងតំបន់ និង អន្តរជាតិមួយចំនួនទៀត បាននិងកំពុងតែបង្ក ផល ប៉ះពាល់ជាអវិជ្ជមាន ដល់កិច្ចដំណើរការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ របស់កម្ពុជា ក៏ដូចជាការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោកទាំងមូល។

ក្នុងបរិការណ៍នេះ តាមការព្យាករណ៍ កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៣ រំពឹងថា សម្រេចអាចបាន៥,៤%។ ប៉ុន្តែអត្រាអតិផរណាប្រចាំឆ្នាំ នឹងអាចកើនឡើងដល់ ក្នុងរង្វង់ប្រមាណជាង៥% ដែលនឹងតម្រូវឱ្យរដ្ឋាភិបាល ត្រូវបន្តគិតគូរ និងដាក់ចេញបន្ថែមនូវវិធានការ គោលនយោបាយចាំបាច់ និងជាក់ស្តែងមួយចំនួនទៀត ដោយម្ខាងផ្តោតលើការពារអាយុជីវិត សុខភាព និងជីវភាពរស់នៅរបស់ប្រជាជន និងម្ខាងទៀត ផ្តោតលើការស្តារ និងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។

លោកបន្តថា រាជរដ្ឋាភិបាល នឹងចាត់វិធានការ ចំាបាច់នានា ដើម្បីទប់ទល់នឹងវិបត្តិអតិផរណា ដើម្បីរក្សាកម្លាំង ទិញរបស់ប្រជាពលរដ្ឋ ពិសេសអ្នកមាន ចំណូលទាប ក៏ដូចជាតាមរយៈការបន្ត និងពង្រីកវិសាលភាព នៃការអនុវត្តកម្មវិធីជំនួយសង្គមនានា ដោយក្រសោបក្រុម ប្រជាជនដែលក្បែរក្រ (near poor) បន្ថែមលើក្រ១ និងក្រ២ ព្រមជាមួយនឹងការជំរុញផលិតភាព និងផលិតកម្ម ដើម្បីគាំទ្រការប្រើប្រាស់ ក្នុងស្រុកផង និងបម្រើឱ្យការនាំចេញផង ក៏ដូចការរក្សាស្ថេរភាព នៃអត្រាប្តូរប្រាក់រៀល /ដុល្លារអាមេរិក បូករួមនឹងវិធានការបន្ទាប់បន្សំ មួយចំនួនទៀត មានដូចជាការទប់ស្កាត់ការ ដំឡើងថ្លៃទំនិញ ខុសពីគោលការណ៍ ទីផ្សារដើម្បីកេងចំណេញ។

ចំពោះមុខរាជរដ្ឋាភិបាលក៏នឹង បន្តជំរុញការធ្វើកែទម្រង់ រចនាសម្ព័ន្ធ ដោយផ្តោតលើវិស័យ អាទិភាពនានា ដូចជា ៖ ឡូជីស្ទីក ថាមពល ជំនាញ ឌីជីថល SMEs និងកិច្ចសម្រួលពាណិជ្ជកម្ម ព្រមទាំងការកែ លំអបរិយាកាស វិនិយោគ និងធុរកិច្ច ដើម្បីជំរុញ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការទ្រទ្រង់កំណើន និងការលើក កម្ពស់ភាពប្រកួតប្រជែង ព្រមទាំងការជំរុញ ការនាំចេញបន្ថែម ទៅកាន់ ប្រទេសដៃគូពាណិជ្ជកម្មនានា ទាំងក្នុងក្របខណ្ឌកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីទ្វេភាគី និងពហុភាគី ក៏ដូចជាទាំងក្នុងនិន្នាការ នៃការផ្លាស់ទីតាំងវិនិយោគ (Investment Relocation) នៅក្នុងតំបន់ផងដែរ។

លោក វង្សី វិស្សុត ក៏បានលើកឡើងថា ទោះបីទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក ដែលជាប្រទេសមហាអំណាច ពេលខ្លះក៏ធ្លាប់មានភាពប្រសើរឡើង ហើយពេល ខ្លះទៀតក៏ធ្លាក់ចុះក្តី (ups and downs) តែអាមេរិក ពិតជាមានសារៈសំខាន់ចំពោះកម្ពុជា ហើយកម្ពុជាពិតជាចង់ឃើញ ទំនាក់ទំនង រវាងកម្ពុជា-អាមេរិក កាន់តែប្រសើរឡើង ដើម្បីផលប្រយោជន៍ នៃប្រទេសទំាងពីរ។

លោកបានបន្តថា កម្ពុជា និងអាមេរិកមានចំណុចជាច្រើន ដែលយើង អាចធ្វើការរួមគ្នា ដើម្បីផលប្រយោជនទាំងសងខាង។ ពិតណាស់ កម្ពុជាត្រូវការអាមេរិក ព្រោះអាមេរិកមិនត្រឹមជាទីផ្សារនាំចេញដ៏ធំប៉ុណ្ណោះទេ (ប្រមាណ៤២% នៃការនាំចេញសរុបរបស់កម្ពុជា) តែក៏ជាប្រភពវិនិយោគប្រកប ដោយសក្តានុពល និងនៅតែជាប្រទេសឈានមុខគេ ផ្នែកបច្ចេកវិទ្យា នវានុវត្តន៍ និងប្រព័ន្ធអភិបាលកិច្ចផងដែរ។ លោកបានបន្តថា លោកចង់ឃើញទំហំ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានការកើនឡើងទាំងសងខាង និងចង់ឃើញក្រុមហ៊ុនអាមេរិកបង្កើន ការវិនិយោគនៅកម្ពុជា និងប្រើប្រាស់នូវក្របខណ្ឌ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាកំពុងមានស្រាប់៕