(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិកម្ពុជា នាយឧត្តមសេនីយ៍ នេត សាវឿន និងអគ្គស្នងការនគរបាលសហព័ន្ធអូស្តា្រលី លោក Andrew Colvin AOM បានបន្តចុះហត្ថលេខាលើអនុស្សារណៈព្រមព្រៀងគ្នា បង្កើនកិច្ចសហប្រតិបត្តិការបង្រា្កបបទល្មើសឧក្រិដ្ឋកម្ម ឆ្លងដែន និងបទល្មើសគ្រឿងញៀន ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើឡើងថា «ការចុះហត្ថលេខាព្រមព្រៀងគ្នា នាពេលនេះគឺ អគ្គស្នងការនគរបាលសហព័ន្ធអូស្ត្រាលីថា នឹងបង្កើនឲ្យអស់ពីសមត្ថភាព អនុវត្តតាមខ្លឹមសារអនុស្សារណៈការផ្លាស់ប្តូរ ព័ត៌មានសន្តិសុខ ព័ត៌មានបទឧក្រិដ្ឋឆ្លងដែន ដើម្បីជួយគ្នាទៅវិញមក និងដោះស្រាយសភាពការណ៍ និងសហការទប់ស្កាត់បទល្មើស ឆ្លងដែនទាំងនោះ»។
នាយឧត្តមសេនីយ៍បានបន្តទៀតថា អគ្គនាយក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយឧត្តមសេនីយ សុខ ផល ក៏បានចុះហត្ថលេខា ជាមួយអគ្គស្នងការដ្ឋាន នគរបាលសហព័ន្ធអូស្ត្រាលី និងជាមួយអគ្គស្នងការនគរបាលជាតិកម្ពុជា បានចុះហត្ថលេខាព្រមព្រៀងគ្នា ជាលើកដំបូង ដើម្បីរួមសហការគ្នាប្រឆាំង នឹងបទល្មើសគ្រឿងញៀនឆ្លងដែន។ ជាងនេះទៅទៀត នគរបាលអូស្រ្តាលីនឹងសិក្សា ពិចារណាជួយដល់អង្គភាពថ្មីមួយ គឺនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាទើបនឹង បង្កើតនាពេលកន្លងមកនេះ ហើយតាមរយៈនៃការជួយនោះ គឺភាគីអូស្ត្រាលី នឹងចាត់នគរបាលជំនាញរបស់អូស្ត្រាលីមកធ្វើការ ជាមួយនគរបាលកម្ពុជា។
គួរបញ្ជាក់ដែរថា សម្រាប់ការបង្ក្រាបបទល្មើសនេះដែរ ភាគីនគរបាលកម្ពុជា និងអូស្ត្រាលីនឹងបង្កើតក្រុម ស៊ើបអង្កេត រួមមួយទៀត ដោយផ្តោតលើបទល្មើសចរាចរណ៍ជួញដូរគ្រឿងញៀន។ ទន្ទឹមនឹងនោះដែរ នគរបាលអូស្ត្រាលី នឹងដាក់នគរបាលជំនាញរបស់ខ្លួន មកធ្វើការជាមួយកម្ពុជា បណ្តុះបណ្តាលនគរបាលកម្ពុជា និងជួយធនធានដើម្បីក្រុមការងារនេះប្រតិបត្តិការបង្រ្កាបបទល្មើស គ្រឿងញៀនបាន។ ជាចុងក្រោយ អគ្គស្នងការនគរបាលអូស្ត្រាលី បានជំនួយម៉ាស៊ីនភ្លើងចំនួន១៦គ្រឿង ដាក់ជូនប៉ុស្ដិ៍រដ្ឋបាល នគរបាល១៦កន្លែង ដែលនគរបាលអូស្ត្រាលី បានសាងសងអាគារធ្វើការងារ ជូនកាលពីឆ្នាំ២០១៥កន្លងមកនេះ៕