(កំពង់ឆ្នាំង)៖ រដ្ឋបាលឃុំជ្រៃបាក់ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន២ខ្សែ មានប្រវែង៩៨១ម៉ែត្រ ឆ្លងកាត់ភូមិចំនួន២គឺភូមិត្រពាំងអន និងភូមិឃ្លៃ ស្ថិតនៅក្នុងឃុំជ្រៃបាក់។ ការបើកការដ្ឋានខាងលើនេះ មានការចូលរួមពីអាជ្ញាធរភូមិ និងប្រជាពលរដ្ឋក្នុងភូមិជាង២០០នាក់ផងដែរ។
នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវខាងលើនេះ លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់បានលើក ឡើងថា ប្រជាពលរដ្ឋរបស់យើងនៅក្នុងភូមិទាំង ២ក៏ដូចពលរដ្ឋនៅក្នុងឃុំជ្រៃបាក់ទាំងមូល ពិតជាមានសំណាងណាស់ ដែលសម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល និងលោកអភិបាលខេត្ត និងអាជ្ញាធរស្រុកបានឯកភាពផ្ដល់ថវិកាឲ្យរដ្ឋបាលឃុំជ្រៃបាក់ជាង៤២០លានរៀល បូករួមនឹងថវិកាបដិភាគរបស់ពលរដ្ឋ ដើម្បីកសាងផ្លូវបេតុងអាមេ២ខ្សែមានប្រវែង៩៨១ម៉ែត្រ។
ដូច្នេះ ក្នុងនាមអាជ្ញាធរឃុំ ដើម្បីឲ្យគម្រោងខាងលើនេះអនុវត្តទៅដោយរលូនប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងអន និងភូមិឃ្លៃ ដែលមានលំនៅដ្នាន តាមបណ្ដោយផ្លូវដែលត្រូវកសាងនេះ ត្រូវចូលរួមទាំងអស់គ្នាក្នុងការសម្របសម្រួលដីធ្លីនៅតាមតាមមុខផ្ទះ ដើម្បីកសាងផ្លូវបេតុងអាមេនេះតាមគម្រោងឲ្យទទួលបានជោគជ័យ។
លោក ចាន់ ឡេង ជំទប់ទី១ឃុំជ្រៃបាក់ ជាអ្នកកាន់គម្រោងកសាងខាងលើនេះបានឲ្យដឹងថា ផ្លូវបេតុងអាមេ ដែលត្រូវកសាងក្នុងគម្រោងនេះ មានប្រវែងសរុប៩៨១ម៉ែត្រ ក្នុងនោះ១ខ្សែកសាងនៅក្នុងភូមិត្រពាំងអន មានប្រវែង៤៣៥ ម៉ែត្រ និងមួយខ្សែទៀតនៅក្នុងភូមិឃ្លៃមានប្រវែង ៥៤៦ម៉ែត្រ។
នៅក្នុងគម្រោងកសាង ផ្លូវនេះមានទទឹង៥ម៉ែត្រកម្រាស់ ០,១៥ម៉ែត្រ និងត្រូវកសាងលូចំនួន៤ ចំណាយថវិកាមូលនិធិឃុំចំនួន៤២០.៥៦២. ៧០៥រៀល ក្នុងនោះមានថវិកាបដិភាគរបស់ប្រជាពលរដ្ឋចំនួន១លានរៀលផងដែរ។ ផ្លូវបេតុងអាមេនេះ កសាងដោយក្រុមហ៊ុន លោក ច្រឹក ច្រឹង មានរយៈពេលកសាង១ឆ្នាំ និងបន្តការថែទាំជួសជុល រយៈពេល៦ខែទៀត ទើបបញ្ចប់គម្រោង៕