(ភ្នំពេញ)៖ អាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានចេញប្រកាសព័ត៌មានពីការបញ្ច ប់ស្រាវជ្រាវលើករណីបុគ្គលម្នាក់ឈ្មោះ ជា វុទ្ធី បានប្តឹង និងចោទប្រកាន់មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង និងមន្រ្តីអាវុធហត្ថថាបានប្រើអំណាច សម្លុតគំរាម និងឃុំឃាំងគាត់ដោយគ្មានដីកាពីតុលាការ។
សម្រាប់ករណីនេះឈ្មោះ ជា វុទ្ធី បានអន្តរាគមន៍ទៅព្រឹទ្ធសភា និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដោយចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងលោកវរសេនីយ៍ទោ ភុយ ខ្វៃ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រើប្រាស់អំណាច តួនាទី សម្លុតគំរាមកំហែងពលរដ្ឋ និងឃុំឃាំងដោយគ្មានដីកាតុលាការ។
តាមសេចក្តីប្រកាសព័ត៌មានរបស់អាវុធហត្ថ បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែសីហា កងរាជអាវុធហត្ថ បានធ្វើការឆ្លើយតបដោយបានផ្សព្វផ្សាយជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ ជ្រាបថា កងរាជអាវុធហត្ថ ទទួលយកពាក្យបណ្តឹង និងធ្វើការស្រាវជ្រាវរកការពិត។ ក្រុមការងារចំពោះកិច្ចនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានចុះដល់ខេត្តស្ទឹងត្រែង ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធ ត្រួតពិនិត្យឯកសារសំណុំរឿងរបស់ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងចុះជួបផ្ទាល់ជាមួយស្ថាប័ន អង្គភាពមួយចំនួនដែលមានការពាក់ព័ន្ធ។ ក្រុមការងារចំពោះកិច្ច បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរកឃើញការពិតដូចខាងក្រោម៖
*ទី១៖ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ពេលចុះបង្ក្រាបករណីខួងរុករករ៉ែខុសច្បាប់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានរាយការណ៍ជូនឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង។ ជាមួយគ្នានោះដែរ ក្នុងពេលប្រតិបត្តិការ មានលោក ព្រះរាជអាជ្ញារង ០១រូប ជាអ្នកសម្របសម្រួលកិច្ចនីតិវិធី។
*ទី២៖ ពុំរកឃើញភស្តុតាងណាមួយបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង, លោកវរសេនីយ៍ទោ ភុយ ខ្វៃ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងលោកស្រីអនុសេនីយ៍ឯក សាយ សុគន្ធា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស (អ្នកស្តាប់ចម្លើយឈ្មោះ ជា វុទ្ធី កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២) បានប្រើប្រាស់អំណាច តួនាទី សម្លុតគំរាមកំហែង និងឃុំឃាំងដោយគ្មានដីកាតុលាការ ទៅលើឈ្មោះ ជា វុទ្ធី នោះទេ។ រាល់កិច្ចដំណាក់កាលនៃនីតិវិធីក្នុងសំណុំរឿងនេះ ជំនាញកងរាជអាវុធហត្ថ បានធ្វើការរាយការណ៍គ្រប់ដំណាក់កាល តាមនីតិវិធីដូចមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ការឃាត់ខ្លួនឈ្មោះ ជា វុទ្ធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង តាមការដឹកនាំសម្របសម្រួលរបស់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង ដូចមានចែងក្នុងមាត្រា៩៦ “ការឃាត់ខ្លួន” និងមាត្រា១០៣ «ការបញ្ជូនខ្លួនបុគ្គលដែលត្រូវបានឃាត់ខ្លួន»។
*ទី៣៖ ឈ្មោះ ជា វុទ្ធី បានឆ្លើយថា អ្នកធ្វើកំណត់ហេតុមិនបានសម្លុត គំរាមកំហែងរូបខ្លួនទេ គ្រាន់តែឱ្យខ្លួនផ្តិតមេដៃតាមកំណត់ហេតុដែលបានធ្វើរួច ហើយប្រាប់ថា បើព្រមផ្តិតមេដៃលើកំណត់ហេតុទើបរួចខ្លួន។ ចំណុចនេះ តាមចម្លើយរបស់លោកស្រីអនុសេនីយ៍ឯក សាយ សុគន្ធា បានបញ្ជាក់ថា ឈ្មោះ ជា វុទ្ធី បានអានកំណត់ហេតុស្តាប់ចម្លើយ ពេលអានចប់ ព្រមទទួលផ្តិតមេដៃលើកំណត់ហេតុស្តាប់ចម្លើយ។ អនុលោមតាមមាត្រា៩៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ “កំណត់ហេតុត្រូវដកស្រង់តាមដោយត្រឹមត្រូវ នូវសេចក្តីរាយការណ៍របស់បុគ្គលដែលផ្តល់ចម្លើយ...” ផ្អែកលើមាត្រានេះ ការស្តាប់ចម្លើយមិនខុសនឹងនីតិវិធីនោះទេ។
*ទី៤៖ មូលហេតុដែលឈ្មោះ ជា វុទ្ធី ធ្វើពាក្យសុំអន្តរាគមន៍ទៅព្រឹទ្ធសភា និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដោយសារក្រោយពីពេលលោកព្រះរាជអាជ្ញារង ជា សុភ័ក្ត្រ សម្រេចដោះលែងឱ្យឈ្មោះ ជា វុទ្ធី មានសេរីភាពវិញ ប៉ុន្តែមិនបានប្រគល់ម៉ូតូ ទូរស័ព្ទ និងប្រាក់ចំនួន១០០.០០០រៀល ដែលត្រូវបានដកហូតឱ្យទៅឈ្មោះ ជា វុទ្ធី វិញ ទោះបីជាឈ្មោះ ជា វុទ្ធី បានទៅស្នើសុំពីក្រឡាបញ្ជី និងលោកព្រះរាជអាជ្ញារងផ្ទាល់ ជាច្រើនលើកច្រើនសាក៏ដោយ។ ម៉្យាងទៀតដោយសារអត់ម៉ូតូជិះធ្វើការ អត់ប្រាក់ចំណូល ម្ចាស់ផ្ទះជួលដេញចេញ មានអារម្មណ៍ម៉ួម៉ៅកើតចិត្តខឹងយល់ថា ដើមហេតុមកពីមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងចាប់ខ្លួន ឈ្មោះ ជា វុទ្ធី ក៏ពឹងបុគ្គលម្នាក់ ជួយធ្វើពាក្យសុំអន្តរាគមន៍រកយុត្តិធម៌ ទៅព្រឹទ្ធសភា និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
*ទី៥៖ នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំឱ្យក្រុមការងារចំពោះកិច្ច ធ្វើការសម្របសម្រួលជាមួយតំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីប្រគល់ម៉ូតូ ទូរស័ព្ទ ប្រាក់ចំនួន១០០.០០០រៀល ទៅឱ្យឈ្មោះ ជា វុទ្ធី វិញតាមនីតិវិធីរបស់តុលាការ។ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឈ្មោះ ជា វុទ្ធី បានទទួលម៉ូតូ ទូរស័ព្ទ និងប្រាក់ចំនួន១០០.០០០រៀលវិញ។
*ទី៦៖ ឈ្មោះ ជា វុទ្ធី បានថ្លែងអំណរគុណនាយឧត្តមសេនីយ៍ សៅ សុខា មេ-បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចាត់ឱ្យក្រុមការងារចំពោះកិច្ច ចុះស្រាវជ្រាវរកការពិតក្នុងករណីនេះ និងបានជួយសម្របសម្រួល ទៅអយ្យការ អមសាលាដំបូងខេត្ត ប្រគល់ម៉ូតូ ទូរស័ព្ទ និងប្រាក់ចំនួន១០ម៉ឺនរៀល ឱ្យរូបខ្លួនវិញ ដើម្បីយកមកប្រើប្រាស់ធ្វើជាមធ្យោបាយដោះស្រាយជីវភាពប្រចាំថ្ងៃ ព្រមទាំងសូមសំណូមពរស្នើសុំសំណងជួសជុលការខូចខាត និងការប៉ះពាល់កិត្តិយស ហើយនៅពេលក្រុមការងារចំពោះកិច្ចស្រាវជ្រាវរកឃើញការពិត សូមកុំឱ្យកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ជាពិសេសលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី និងលោក ភុយ ខ្វៃ មានការគុំគួនមកលើរូបខ្លួន ហើយរូបខ្លួនយល់ព្រមដកពាក្យបណ្ដឹងនៅព្រឹទ្ធសភា, នៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងនៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។
ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់បន្ថែមថា ដំណើររឿងហេតុ និងលទ្ធផលនៃការស្រាវជ្រាវ ស៊ើបអង្កេតដូចបានរៀបរាប់ខាងលើ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង មិនបានអនុវត្តខុសនីតិវិធី ឬប្រើប្រាស់អំណាច តួនាទី សម្លុតគំរាមកំហែង និងឃុំឃាំងដោយគ្មានដីកាតុលាការ ដូចការលើកឡើងរបស់ឈ្មោះ ជា វុទ្ធី តាមពាក្យសុំអន្តរាគមន៍នោះទេ។ ដោយសារតាមសំណូមពររបស់ឈ្មោះ ជា វុទ្ធី កងរាជអាវុធហត្ថ ក៏សម្រចចិត្តមិនប្រគល់សិទ្ធិជូនមេធាវីប្តឹងឈ្មោះ ជា វុទ្ធី វិញទេ៕