(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីណែនាំស្ដីពីការចាត់តាំងរៀបចំទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២២ ព្រមជាមួយការណែនាំទៅកាន់មន្ទីរធម្មការ និងសាសនានៅតាមរាជធានី-ខេត្តទាំងអស់ ត្រូវចូលរួមបំផុសចលនាជំរុញការចូលរួមរៀបចំទិវាជាតិនេះឱ្យបានផុសផុល។
យោងតាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ក្រសួងធម្មការ និងសាសនាបានណែនាំ២ចំណុចទៅដល់មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត រួមមាន៖
* ត្រូវចូលរួមបំផុសចលនាព្រះសង្ឃ បព្វជិតពុទ្ធសាសនា អាចារ្យ សីលវន្ត សីលវតីឱ្យចូលរួមជំរុញកម្មវិធីអក្ខរកម្ម តាមរយៈការសម្ដែងធម្មទេសនាជាដើម ដោយអនុលោមតាមវិធានការ៣កុំ៣ការពារ។
* ណែនាំគ្រប់វត្តអារាម អាស្រម មណ្ឌលវិបស្សនា អង្គការ និងសមាគមដែលមានចរិតសាសនាឱ្យរៀបចំតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ដើម្បីអបអរសាទរទិវាអក្ខរកម្មជាតិ ៨ កញ្ញានេះ។
ជាមួយគ្នានោះ ក្រសួងធម្មការ និងសាសនាក៏បានណែនាំឱ្យមានការរៀបចំតុបតែងបដាពាក្យស្លោកសរុបចំនួន៣៦ប្រយោគ សម្រាប់ក្នុងឱកាសទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២២ ផងដែរ៕
ខាងក្រោមនេះជាសេចក្ដីណែនាំរបស់ក្រសួងធម្មការ និងសាសនា៖