(ក្រចេះ)៖ ឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលក្រចេះ និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកថវិកាជូនដល់សិក្ខាកាមជា នាយ-នាយរងនគរបាល មកពីតាមបណ្តាខេត្តចំនួន៣ នៅសាលាភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង។
ថ្លែងទៅកាន់ នាយ-នាយរង នគរបាល ប្រុស-ស្រីទាំងចំនួន១៣០រូប មកពីខេត្តចំនួន៣ រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ និងមណ្ឌលគីរី ដែលកំពុងតែសិក្សារៀនសូត្រ ហ្វឹកហ្វឺននៅ សាលាភូមិភាគទី១ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត បានជំរុញលើកទឹកចិត្តដល់ សិក្ខាកាមឲ្យបន្តខិតខំរៀនសូត្រ ហ្វឹកហ្វឺន ពីគ្រូឧទ្ទេស គោរពវិន័យសាលា ហើយបើទោះបីជាវគ្គសិក្សាមានរយះពេលខ្លីតែសិក្ខាកាម ពិតជាទទួល បានជំនាញនិងចំណេះដឹងសម្រាប់យកទៅអនុវត្ត បន្ថែមពីលើចំនេះដឹងដែលមានស្រាប់។
លោកឧត្តមសេនីយ៍ លន់ សុផាត បានលើកឡើងទៀតថា ស្របពេលដែលបទល្មើស ដែលបង្កឡើងមួយចំនួនសព្វថ្ងៃរបស់ជនល្មើស គឺប្រើប្រាស់ទៅតាមគ្រប់រូបភាពដោយច្ចេក វិទ្យាទំនើប ដូច្នេះសិក្ខាកាមត្រូវយកចិត្តទុកដាក់ហ្វឹកហាត់ លើគ្រប់មុខវិជ្ជាជំនាញ យុទ្ធសាស្ត្រ ដែលជានីតិវិធីបង្រ្កាប និងទប់ស្កាត់ឲ្យទាន់សភាពការ។
លោកឧត្តមសេនីយ៍ លន់ សុផាត រំពឹងថា ក្រោយពីសិក្ខាមទទួលបានវគ្គហ្វឹកហ្វឺនសិក្សារៀនសូត្រលើមុខ ជំនាញទាំងនេះនិងខិតខំ យកទៅអនុវត្តបំពេញភារកិច្ចការងារ ជានគរបាលក្នុងកតព្វកិច្ច បម្រើប្រជាពលរដ្ឋបានយ៉ាងខ្ជាប់ខ្ជួន។ បើរបាយការណ៍របស់នាយក សាលាភូមិភាទី១ លោកឧត្តមសេនីយ៍ ហេង ប៊ុន បានបញ្ជាក់ថា សិក្ខាកាមដែលមកទទួលបានវគ្គហ្វឹកហ្វឺនដែលជិតនិងបញ្ចប់នេះ មានរយះ ពេល២ខែ ដោយមានសិក្ខាកាមជានគរបាល ប្រុស-ស្រីចំនួន១៣០នាក់មកពីខេត្តចំនួន៣ នៅតំបន់ភូមិភាគឥសាន្តដោយ ឡែកសិក្ខាកាមមកពីខេត្តក្រចេះមានចំនួន៤០នាក់។ ក្រោយពីពិធីជួបសំណេះសំណាលសួរសុខទុក្ខ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ លន់ សុផាត ក៏បានផ្តល់ជូននូវថវិកាជូនដល់សិក្ខាកាមទាំងចំនួន១៣០រូប ម្នាក់ៗទទួលបានថវិកា៣ម៉ឺនរៀល និងឧបត្ថមដល់លោកនាយកសាលាភូមិភាគទី១ ជាថវិកាមានចំនួន១លានរៀលផងដែរ៕