(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត រួមនឹងគ្រូបង្គោល កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចូលរួមសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសបិតត្រាង ស្រុកព្រៃនប់ បានចុះ ផ្សព្វផ្សាយស្តីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដល់តំណាងអ្នកបើកបរដឹកកម្មកររោងចក្រ តំណាងកម្មកររោងចក្រដែលបើកបរដោយខ្លួនឯង សរុបជិត១០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស បិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកវរសេនីយ៍ទោ គីម សុង នាយការិយាល័យ បានឲ្យដឹងថា ការចុះផ្សព្វផ្សាយស្តីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដល់តំណាងអ្នកបើកបរដឹកកម្មកររោងចក្រ និងតំណាងកម្មកររោងចក្រដែលបើកបរដោយខ្លួនឯង ពេលនេះ ធ្វើឡើងតាមការចង្អុលណែនាំពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីឲ្យពួកគាត់ យល់កាន់តែច្បាស់អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការបើកបរប្រកបដោយសុវត្ថិភាព ភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ការបើកបរកុំឲ្យហួសល្បឿនដែលច្បាប់បានកំណត់ ការបើកបរដោយមិនពិសារជាតិ ស្រវឹង និងការបើកបរដោយមិនប្រើប្រាស់គ្រឿងញៀនជាដើម ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។

លោកវរសេនីយ៍ទោ គីម សុង បន្តទៀតថា ការចុះផ្សព្វផ្សាយស្តីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដល់ដល់តំណាងអ្នកបើកបរដឹកកម្មកររោងចក្រ និងតំណាងកម្មកររោងចក្រដែលបើកបរដោយខ្លួនឯង ពេលនេះ ក៏បានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក ជូនដល់ដំណាង ដើម្បីផ្សព្វផ្សាយបន្ថែមដល់កម្មកររោងចក្រផងដែរ៕