(កំពង់ធំ)៖ លោក ឈុន ឈុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក ងួន រតនៈ អភិបាលខេត្ត នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញប្រកាសលោក អ៊ុត វណ្ណរ៉ា ឲ្យចូលកាន់តំណែងជាអភិបាលស្រុកកំពង់ស្វាយថ្មី វិញជំនួសលោក អ៊ុន បុត្ត ដែលត្រូវទទួលភារកិច្ចថ្មី ដោយមានការអញ្ជើញពីអភិបាលរងខេត្ត មន្រ្តីរាជការ កងកម្លាំប្រដាប់អាវុធ និងក្រុមប្រឹក្សាឃុំជាច្រើននាក់។

ជាមួយគ្នានេះ លោក ងួន រតនៈ បានបញ្ជាក់ថា សម្រាប់ស្រុកកំពង់ស្វាយ លោក អ៊ុត វណ្ណរ៉ា គឺជាអភិបាលស្រុកទី១២ហើយ ដែលបានមកកាន់តំណែងនៅទីនេះ។ អភិបាលខេត្តបានថ្លែងថា ការផ្លាស់ប្ដូរ និងការតែងតាំងមុខតំណែងថ្មីនេះ ជាភាពចាំបាច់មួយ ហើយក៏ជាការបន្តនិរន្តរភាពរដ្ឋបាលស្របទៅតាមច្បាប់របស់ក្រុមប្រឹក្សាស្តីពីការគ្រប់គ្រងរដ្ឋបាលខណ្ឌ ក្រុង ស្រុក ពោលគឺមិនមែនដោយសារបញ្ហាប្រឈមដែលត្រូវ ផ្លាស់ប្ដូរនោះទេ គឺ ដោយលោកអភិបាលស្រុកចាស់ត្រូវទទួលភារកិច្ចថ្មី។

លោកបានស្នើឲ្យអភិបាលស្រុកថ្មី ត្រូវកំណត់បញ្ហាប្រឈមដែលត្រូវធ្វើការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជាពិសេសគឺការបម្រើសេវាសាធារណៈការគ្រប់គ្រងសណ្ដាប់ធ្នាប់សេវាប្រើប្រាស់ ក្នុងរចនាសម្ព័ន្ធទាំងកងកម្លាំងប្រដាប់អាវុធ ប៉ុស្តិ៍នគរបាល សមត្ថកិច្ចត្រូវបង្ក្រាបល្បែងស៊ីសងដែលនៅតាមមូល ខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងតាមការណែនាំរបស់រដ្ឋបាលខេត្ត។

អភិបាលខេត្តបានថ្លែងបន្តថា «ក្នុងនាមជាគណៈអភិបាលស្រុក ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ និងខិតខំដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តន៍ឲ្យ បានខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព»

ជាមួយគ្នានេះ លោកបានក្រើនរំលឹកដល់អភិបាលស្រុក ដែលត្រូវបានតែងតាំងថ្មី ត្រូវខិតខំបំពេញការងារដោយស្មារតីយកចិត្តទុកដាក់និងមានការទទួលខុសត្រូវខ្ពស់ប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការជូនប្រជាពលរដ្ឋឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដោយត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា កិច្ចការអភិវឌ្ឍន៍មូលដ្ឋានគឺជាភារកិច្ចស្នូលសុខទុក្ខប្រជាពលរដ្ឋ ជាបញ្ហាចំបងការងារទប់ស្កាត់រាល់បទល្មើសផ្សេងៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួនវាជាការងារដ៏សំខាន់។ នៅចំពោះមុខ ការងារអប់រំប្រជាពលរដ្ឋឲ្យ អញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦គឺជាកាតព្វកិច្ចដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតពាក់ព័ន្ធដល់ឥទ្ធិពលនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាហើយដែលស្ថិតក្នុងន័យប្រសើរថែមទៀតនោះ ការចូលរួមបោះឆ្នោតគឺមានន័យថាស្រឡាញ់ជាតិ រួមគ្នាថែរក្សាសន្តិភាព បន្តនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិ៕