(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានថ្លែងនូវការកោតសរសើរចំពោះប្រធានាធិបតីតួកគី ដែលបានប្រឹងប្រែងឲ្យមានបទឈប់បាញ់ នៅសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។

ការកោតសរសើរនេះ បានធ្វើឡើងពេលលោក ហោ ណាំហុង បានទទួលជួបលោកស្រី អ៊ូឃូ ខូចាអេសហ្វេ (üLKü Kocaefe) ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ដែលចូលសម្តែងការគួរសម ក្នុងឱកាសដែលលោកស្រី ទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា។

ក្រោយជំនួបនោះ លោក ហោ ណាំហុង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះ «ខ្ញុំក៏បាននិយាយថា សង្រ្គាមរុស្ស៊ី -អ៊ុយក្រែន បានធ្វើឱ្យប៉ះពាល់សកលលោកទំាងមូលលើវិស័យថាមពល និងស្បៀងអាហារ ហើយខ្ញុំក៏បានលើកការសរសើរដល់ប្រធានាធិបតីប្រទេសតួកគី ដែលខិតខំឥតឈប់ឈរ ដើម្បីឱ្យមានបទឈប់បាញ់នៃសង្រ្គាមនេះ ជាពិសេសក្នុងពេលថ្មីៗនេះ ឯកឧត្តមប្រធានាធិបតី បានសម្រុះសម្រួលរុស្ស៊ីនិងអ៊ុយក្រែន ដើម្បីអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិរាប់សិបតោនទៅបរទេសបាន រួមចំណែកកាត់បន្ថយការខ្វះខាតស្បៀង»

ប្រទេសតួកគី បាននិងកំពុងធ្វើការជាមួយអង្គការសហប្រជាជាតិ ដើម្បីចរចាកិច្ចព្រមព្រៀងមួយ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានធ្វើឱ្យតម្លៃគ្រាប់ធញ្ញជាតិ ប្រេងចម្អិនអាហារ និងជីហក់ឡើងថ្លៃខ្លាំង។ អ៊ុយក្រែន និងរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ស្រូវសាលីដ៏សំខាន់នៅលើពិភពលោក ហើយរុស្ស៊ីក៏ជាអ្នកនាំចេញជីដ៏ធំ ខណៈដែលអ៊ុយក្រែនជាអ្នកផលិតពោត និងប្រេងផ្កាឈូករ័ត្នដ៏សំខាន់ផងដែរ។ ប្រទេសរុស្ស៊ី បានយល់ព្រមបទឈប់បាញ់ក្នុងអំឡុងពេលដឹកជញ្ជូនទំនិញ ហើយតួកគីដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ ត្រូវត្រួតពិនិត្យកប៉ាល់ ដើម្បីកាត់បន្ថយការបារម្ភរបស់រុស្ស៊ី ក្នុងការរត់ពន្ធអាវុធ។

ក្នុងជំនួបជាមួយ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា លោក ហោ ណាំហុង ក៏បានរម្លឹកអំពីដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្រ្តីការបរទេសតួកគី នៅឆ្នាំ២០១៤ ដែលបានពិភាក្សាជាមួយលោក ក្នុងពេលលោក ហោ ណាំហុង ជាឧបនាយកដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ។ លោកក៏បានបន្តថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមានការរីកចម្រើនទៅមុខជានិច្ច ជាពិសេសទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសតួកគីក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ។

ក្នុងឱកាសនោះ លោកស្រី អ៊ូឃូ ខូចាអេសហ្វេ បានលើកឡើងថា ពាក់ព័ន្ធនឹងបញ្ហាសង្រ្គាម រវាងរុស្ស៊ី និងអ៊ុយក្រែន មធ្យោបាយដ៏ល្អបំផុត គឺមានតែការសន្ទនា និងការចរចារវាងភាគីទំាងពីរទេ ដែលអាចឈានទៅបញ្ចប់សង្រ្គាមនេះបាន។ សង្រ្គាមមិនអាចបញ្ចប់សង្គ្រាម ឬការដាក់ទណ្ឌកម្មសេដ្ឋកិច្ចក៏មិនមែនជាដំណោះស្រាយដ៏ល្អដែរ។

លោកស្រីបានបញ្ជាក់ការឯកភាពជាមួយ សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា ដូចជាជំរុញវិស័យអប់រំឱ្យមានការផ្លាស់ប្ដូរនិស្សិតរវាងប្រទេសទំាងពីរ។

លោកស្រីបន្តថា លោកស្រីនឹងជួយជំរុញឱ្យមានជើងហោះហើរត្រង់ពីកម្ពុជា-តួកគី ដើម្បីបង្កើនចំនួនអ្នកទេសចរណ៍ រវាងប្រទេសទំាងពីរ។ លោកស្រី ក៏បានបញ្ជាក់ពីការសម្របសម្រួលរបស់តួកគី ក្នុងការធ្វើឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ដែលជាការរួមចំណែកដោះស្រាយវិបត្តិស្បៀងអាហារជាសកលផងដែរ៕